កីឡាជាតិ
ជាតិ
Hun Sen Cup៖ បឹងកេត និងវិសាខា នៅសល់៣៧នាទីទៀត ដើម្បីប្រជែងគ្នា ទៅជួបព្រះខ័នរាជស្វាយរៀង
23, Nov 2021 , 1:59 pm        
រូបភាព
ដោយ៖ គឹម មករា

ការប្រកួតរវាងបឹងកេត និងវិសាខា ត្រូវបានលើកពេល ដោយសារបញ្ហាភ្លៀងខ្លាំង នៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ កាលពីថ្ងៃទី២២ វិច្ឆិកា។ គណៈកម្មការប្រកួតបានសម្រេចលើកពេលប្រកួតរវាងក្រុមទាំងពីរ មកថ្ងៃទី២៣​ ខែវិច្ឆិកា វេលាម៉ោង៣:០០រសៀលវិញ នៅកីឡដ្ឋានដដែល ខណៈព្រះខ័នរាជស្វាយរៀងឈរចាំនៅវគ្គផ្ដាច់ព្រ័ត្រ។


 
ក្រុមទាំងពីរត្រូវបានផ្អាកការប្រកួត នៅត្រឹមនាទី៥៣ នាវគ្គទី២ នៃការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេច ហ៊ុន សែន។ ដូច្នេះពួកគេត្រូវប្រកួតបន្ត នាថ្ងៃនេះ ដោយគិតចាប់ពីនាទី៥៣ទៅ ពោលបានន័យថា ការប្រកួតរវាងក្រុមទាំងពីរ នៅសល់ពេលតែ៣៧នាទីទៀតប៉ុណ្ណោះ ។
 
មុនពន្យាពេលការប្រកួតនេះ ក្រុមបឹងកេត បាននាំមុខវិសាខា ដោយលទ្ធផល១-០ ហើយ។ គ្រាប់បាល់បឹងកេតនេះ រកបានដោយខ្សែបម្រើ សឿត ណាវ៉ា នៅនាទី១៧ តាមរយៈការបញ្ជូនបាល់ចេញពីជ្រុង ដោយខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា។ មួយគ្រាប់បណ្ដោះអាសន្ន របស់បឹងកេតនេះ អាចក្លាយជាសម្ពាធធ្ងន់ សម្រាប់វិសាខា ក្នុងការប្រកួតនៅសល់៣៧នាទីនេះ ដើម្បីសម្រេចរកអ្នកឈ្នះ ឡើងទៅជួបក្រុមព្រះខ័នរាជស្វាយរៀង ដែលកំពុងរងចាំនៅវគ្គផ្ដាច់ព្រ័ត្រ។
ព្រះខ័នរាជស្វាយរៀង បានយកឈ្នះភ្នំពេញក្រោន ម្ចាស់ជើងឯក MCL 2021 កីឡដ្ឋានស្វាយរៀង ដោយលទ្ធផល ៣-២ កាលពីថ្ងៃទី២២ ខែវិច្ឆិកា នេះ។ កីឡាករ សឿយ វិសាល ជាអ្នករកគ្រាប់បាល់ដំបូងឲ្យក្រុមម្ចាស់ផ្ទះនាំមុខ ១-០ នៅនាទី២០ ។ នាទី២៥ ក្រុមភ្ញៀវទទួលបានបាលពិន័យ ១១ម៉ែត្រែ ដោយស៊ុតបញ្ចូលទី ដោយកីឡាករ ប្រាក់ ធីវ៉ា នាំឲ្យលទ្ធផល ស្មើគ្នា។ គ្រាប់បាល់ទី២ រកបានដោយ ម៉ៅ ពិសិដ្ឋ ដោយធ្វើឱ្យភ្នំពេញក្រោននាំមុខលើម្ចាស់ផ្ទះ ១-២ ក្នុងតង់ទី១ នាទី ៣៨ ។
 
ក្នុងតង់ទី២ នាទី៧៨ សារ៉េត គ្រីយ៉ា តាមស្មើ ២-២ វិញ មុននឹង ម៉ុន វ៉ាន់ដា ថែមមួយគ្រាប់ចុងក្រោយ នៅនាទី៨៥ ជួយឲ្យក្រុមព្រះខ័នរាជស្វាយរៀង យកឈ្នះលើ ម្ចាស់ជើងឯក MCL 2021 ដោយលទ្ធផល ៣-២ ហើយឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ៕

Tag:
 សឿយ វិសាល
 ម៉ុន វ៉ាន់ដា
  ប្រាក់ ធីវ៉ា
  បាលទាត់
© រក្សាសិទ្ធិដោយ thmeythmey.com