ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រុមប្រឆាំង ពិនិត្យលទ្ធភាពជួលមេធាវី រត់ការច្បាប់សុំដកសញ្ជាតិអាម៉េរិកពីខ្មែរ ដែលគាំទ្របក្សកាន់អំណាច
25, Nov 2021 , 6:45 pm        
រូបភាព
លោក សម រង្ស៊ី ថ្លែងក្នុងពិធីជួបជុំគ្នានៅវត្តព្រះពុទ្ធរង្សី ទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបពីទំព័រហ្វេសប៊ុក Sam Rainsy
លោក សម រង្ស៊ី ថ្លែងក្នុងពិធីជួបជុំគ្នានៅវត្តព្រះពុទ្ធរង្សី ទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបពីទំព័រហ្វេសប៊ុក Sam Rainsy
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលកំពុងរស់នៅលើទឹកដីអាម៉េរិក ឬកំពុងរស់នៅលើទឹកដីខ្មែរ អាចនឹងត្រូវដកសញ្ជាតិអាម៉េរិក ដូចការលើកឡើងរបស់លោក សម រង្ស៊ី ដែរទេ ឬក៏គ្រាន់តែជាសារបំភ័យ?



លោក សម រង្ស៊ី ប្រមុខដឹកនាំក្រុមប្រឆាំងនៅក្រៅប្រទេស បានបញ្ចេញសារនយោបាយថ្មីមួយទៀតថា ពលរដ្ឋខ្មែរ ជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ជាតិអាម៉េរិក ពិសេសអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ជាតិអាម៉េរិក កំពុងរស់នៅលើទឹកដីអាម៉េរិក អាចនឹងត្រូវរដ្ឋាភិបាលអាម៉េរិក ដកហូតសញ្ជាតិអាម៉េរិកចេញវិញ។

លោក មិនគ្រាន់តែនិយាយចោល ហើយអង្គុយរង់ចាំមើលថា តើរដ្ឋាភិបាលអាម៉េរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃឌិន នឹងចាត់វិធានការដកសញ្ជាតិអាម៉េរិកពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារបស់សម្តេច ហ៊ុន សែន ឬក៏អត់នោះទេ តែលោក និងក្រុមប្រឆាំងរបស់លោក ថែមទាំងចូលរួមធ្វើសកម្មភាពផ្ទាល់ផងដែរ ដើម្បីជាកម្លាំងចលនាបន្ថែម ក្នុងការរុញឲ្យការដកសញ្ជាតិអាម៉េរិកពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា កើតឡើងពិតប្រាកដ។

សំណេរ ដែលត្រូវបានបង្ហោះចេញពីទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានផ្តល់ព័ត៌មានថា៖«...គណបក្សសង្គ្រោះជាតិ កំពុងពិនិត្យលទ្ធភាពពឹងពាក់ ឬជួលមេធាវីអាម៉េរិក ដើម្បីស្នើឲ្យរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដកហូតសញ្ជាតិពីមន្ត្រី និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាម៉េរិកជាសញ្ជាតិទីពីរ។»

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មិនជឿថា ការដកសញ្ជាតិអាម៉េរិកពីមន្រ្តីកម្ពុជា ឬពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា អាចនឹងកើតមានឡើយ។ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ថា៖«ខ្ញុំ យល់ថា ច្បាប់អាម៉េរិក គ្មានលក្ខណៈបែបនេះទេ។...គ្រាន់តែជាការគំរាមពាក្យសម្តី គ្មានលុយឯណា ទៅជួលមេធាវីទេ ហើយមេធាវី ក៏គេ ពិនិត្យដែរ មុននឹងទទួលពាក្យពឹងពាក់នុ៎ង។ វា អត់មានទេ ករណីហ្នឹង។»

លោក សម រង្ស៊ី និយាយដំបូងអំពីលទ្ធភាព ដែលរដ្ឋាភិបាលអាម៉េរិក អាចដកសញ្ជាតិអាម៉េរិកពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅក្នុងការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

អាម៉េរិក ជាប្រទេសប្រជាធិបតេយ្យ ហើយចិន ជាប្រទេសកុម្មុយនីស្ត។ ប្រទេសទាំងពីរ គឺជាសត្រូវនឹងគ្នា កំពុងប្រឈមុខដាក់គ្នា និងកំពុងប៉ះទង្គិចគ្នា។ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន គឺបម្រើផលប្រយោជន៍ឲ្យចិន។ ពលរដ្ឋខ្មែរ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ឬគាំទ្ររដ្ឋាភិបាលកម្ពុជា គឺដូចជាចូលដៃចូលជើង ក្នុងការបម្រើផលប្រយោជន៍ឲ្យចិនដែរ។ ទាំងនេះ គឺជាការរៀបរាប់របស់លោក សម រង្ស៊ី ហើយលោក ចាត់ទុកអ្វី ដែលលោករៀបរាប់ ថាជាហេតុផលចម្បង ដែលរដ្ឋាភិបាលអាម៉េរិក អាចនឹងដកសញ្ជាតិអាម៉េរិកពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។ លោក អះអាងថា ច្បាប់អាម៉េរិក អនុញ្ញាតឲ្យដកសញ្ជាតិអាម៉េរិកពីជនបរទេស ដែលបម្រើផលប្រយោជន៍ឲ្យប្រទេសជាសត្រូវរបស់អាម៉េរិក។

មេដឹកនាំកំពូលនៃក្រុមប្រឆាំងរូបនេះ បញ្ជាក់ថា៖«ពលរដ្ឋខ្មែរខ្លះ កូនចៅបក្សពួកលោក ហ៊ុន សែន ទោះជាបានសញ្ជាតិអាម៉េរិក តែឥឡូវហ្នឹង ទៅបម្រើរបបហ៊ុន សែន គាំទ្ររបបហ៊ុន សែន ហើយរបបហ៊ុន សែន បម្រើផលប្រយោជន៍ចិន គឺប៉ះទង្គិចជាមួយផលប្រយោជន៍អាម៉េរិក ដូច្នេះ អ្នកទាំងអស់ហ្នឹង ទោះជាមានសញ្ជាតិអាម៉េរិក ក៏គេ អាចដកសញ្ជាតិដែរ។»

តាមរយៈបទសម្ភាសជាមួយសារព័ត៌មានថ្មីៗថា លោក សុខ ឥសាន មិនចង់បរិយាយអ្វីវែងឆ្ងាយឡើយ ដោយលោក សុខចិត្តប្រាប់ឲ្យរង់ចាំមើលទាំងអស់គ្នាថា តើលោក សម រង្ស៊ី និងបក្សពួក អាចធ្វើឲ្យរដ្ឋាភិបាលអាម៉េរិក ដកសញ្ជាតិអាម៉េរិកពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាបានប៉ុន្មាននាក់។ លោក មានប្រសាសន៍ថា៖«កត់សម្គាល់មើលទៅ វា មិនយូរប៉ុន្មានទេ តែប៉ុន្មានរយៈពេលខ្លីទៅមុខ យើង ដឹងសខ្មៅហើយ។»

លោក សុខ ឥសាន បន្តថា សាររបស់លោក សម រង្ស៊ី គ្រាន់តែជាការបន្លាចពលរដ្ឋខ្មែរ ដែលមានសញ្ជាតិអាម៉េរិក កុំឲ្យងាកចេញពីខ្លួនប៉ុណ្ណោះ។ លោក បន្ថែមថា ចំពោះអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា គ្មានអ្នកណា ឈឺក្បាលវិលមុខជាមួយនឹងសារបំភ័យរបស់លោក សម រង្ស៊ី អំពីការដកសញ្ជាតិអាម៉េរិកឡើយ។ លើសពីនេះ លោក បានចំអកឲ្យលោក សម រង្ស៊ី ថាជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ និងគ្មានពលរដ្ឋ នៅជឿទៀតនោះទេ ខណៈលោក សម រង្ស៊ី បាត់បង់អ្វីៗអស់ពីខ្លួនទៅហើយ ដូចជា បក្ស ត្រូវរំលាយ ទ្រព្យសម្បត្តិនៅក្នុងប្រទេស ត្រូវរឹបអូសយក ហើយមិនហ៊ានចូលស្រុក ជាដើម។ 

លោក សម រង្ស៊ី បាននិយាយជាលើកទីពីរអំពីលទ្ធភាព ដែលរដ្ឋាភិបាលអាម៉េរិក អាចដកសញ្ជាតិម៉េរិកពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា គឺក្នុងពិធីជួបជុំមន្រ្តី និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ នៅវត្តព្រះពុទ្ធរង្សី សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។ ហេតុផល ដែលរដ្ឋាភិបាលអាម៉េរិក អាចដកសញ្ជាតិអាម៉េរិកពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលលោក លើកឡើងក្នុងវត្តព្រះពុទ្ធរង្សី គឺដូចនឹងហេតុផល ដែលលោក លើកឡើងក្នុងការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់លោកដែរ។

ក្នុងពិធីជួបជុំក្នុងវត្តព្រះពុទ្ធរង្សី លោក បានបរិយាយថា៖«អ្នក ដែលគាំទ្រហ៊ុន សែន ចូលដៃជាមួយហ៊ុន សែន [គឺដូច] ចូលដៃជាមួយសត្រូវរបស់សហរដ្ឋអាម៉េរិក អ៊ីចឹង កាន់សញ្ជាតិអាម៉េរិកអត់បានទេតិចទៀតនោះ។...កុំអាងកាន់សញ្ជាតិអាមេរិក រួចខ្លួន អត់ទេ។ ពួក ដែលគាំទ្រហ៊ុន សែន ដែលងប់ជាមួយហ៊ុន សែន មករស់នៅសហរដ្ឋអាម៉េរិក កំពុងតែភ័យជ្រួលច្របល់មែនទែន។» លោក តាស់តឿនពលរដ្ឋខ្មែរ ដែលមានសញ្ជាតិអាម៉េរិក និងកំពុងរស់នៅលើទឹកដីអាម៉េរិកថា៖«បើបងប្អូនចង់សុខ កុំនៅជាមួយហ៊ុន សែន ទៀត។»

ពលរដ្ឋខ្មែរមួយចំនួន ដែលរស់នៅលើទឹកដីបរទេស ដូចជា លោក សុខ សុគន្ធ ហៅ ជេម សុខ លោក ម៉ក់ ហឺន និង លោក កែវ ចិត្រា ជាដើម បានចេញមកប្រតិកម្មខ្លាំងៗតាមបណ្តាញសង្គម ចំពោះលោក សម រង្ស៊ី ដែលចង់ឲ្យរដ្ឋាភិបាលអាម៉េរិក ដកសញ្ជាតិអាម៉េរិកពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។ អ្នកទាំងបីនាក់នេះ ត្រូវគេមើលឃើញថា ឧស្សាហ៍ចេញមកនិយាយតាមបណ្តាញសង្គម ដោយរិះគន់លើលោក សម រង្ស៊ី និងក្រុមអ្នកប្រឆាំង។ អ្នកទាំងនេះ តែងទទួលបានការកោតសរសើរពីសម្តេច ហ៊ុន សែន ថាការវិភាគរបស់ពួកគេ គឺត្រឹមត្រូវ និងសមហេតុផល។ សម្តេច បានជំរុញពួកគេម្តងជាពីរដងហើយ ឲ្យមកលេងស្រុកខ្មែរ។

សម្តេច ហ៊ុន សែន ខ្លួនឯង ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានប្រតិកម្មដែរ នៅពេលឃើញក្រុមប្រឆាំងជំរុញឲ្យរដ្ឋាភិបាលអាម៉េរិក ដកសញ្ជាតិអាម៉េរិកពីពលរដ្ឋខ្មែរ ដោយគ្រាន់តែគាំទ្រគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលកម្ពុជា។ សម្តេច សម្តែងការហួសចិត្ត និងហៅការជំរុញឲ្យរដ្ឋាភិបាលអាម៉េរិក ដកសញ្ជាតិអាម៉េរិកពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ថាជាអំពើឆ្កួតឡប់ឡែ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ដែលជាស្ពានមិត្តភាពកម្ពុជា-ចិន កាលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេច ហ៊ុន សែន ផ្ញើសារទៅកាន់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលរស់នៅលើទឹកដីអាម៉េរិកថា៖«មើល៍ខ្មែរយើងនៅអាម៉េរិក ដែលជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ងើបឈរឡើងនៅអាម៉េរិក ដើម្បីប្រឆាំងជំទាស់ ហើយទៅសួរសមាជិកសភាអាម៉េរិក ទៅកន្លែងវិមាន Capitol [វិមានសភាអាម៉េរិក] ឬក៏ទៅកន្លែងណាមួយ ទៅសួរខាងអាម៉េរិកមើល៍ នាំគ្នាធ្វើបាតុកម្ម សួរអាម៉េរិកមើល៍ ដកមែន ឬអត់ បើដកមែន អាលរៀបបង្វិចមក។»

សម្តេច ហ៊ុន សែន ចាត់ទុកជាការយល់ដឹងតិចតួចលើមេដឹកនាំអាម៉េរិក និងមេដឹកនាំចិន នៅពេលឮលោក សម រង្ស៊ី លើកហេតុផលថា ចិន និងអាម៉េរិក ជាសត្រូវនឹងគ្នា ហើយបើពលរដ្ឋខ្មែរណា គាំទ្ររដ្ឋាភិបាលកម្ពុជា ក៏ក្លាយជាសត្រូវរបស់អាម៉េរិកដែរ ដែលត្រូវតែដកសញ្ជាតិអាម៉េរិកចេញ។ ប្រមុខរដ្ឋាភិបាលកម្ពុជា អធិប្បាយថា៖«ថ្ងៃមុន លោក ស៊ី ជិនពីង និង លោក ចូ បៃឌិន ជួបគ្នា គេ មានវិធីសាស្រ្តគ្រប់គ្រងទំនាក់ទំនងរវាងចិន ជាមួយម៉េរិកច្បាស់លាល់។ បើទោះបីជាប្រកួតប្រជែងគ្នាយ៉ាងណាក៏ដោយ អ្នកទាំងពីរ បានប្តូរផ្តាច់នឹងគ្នា មិនឲ្យប៉ះទង្គិចគ្នាទេ។»

លោក សម រង្ស៊ី បញ្ចេញសារនយោបាយអំពីលទ្ធភាព ដែលរដ្ឋាភិបាលអាម៉េរិក អាចដកសញ្ជាតិអាម៉េរិកពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ស្របពេលរដ្ឋាភិបាលអាម៉េរិក ទើបនឹងបានដាក់ទណ្ឌកម្មលើយោធាជាន់ខ្ពស់ពីររូបរបស់កម្ពុជា ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺលោកនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកកាន់អគ្គយកដ្ឋានសម្ភារបច្ចេកទេសនៃក្រសួងការពារជាតិ និងលោកនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក។

រដ្ឋាភិបាលអាម៉េរិក ដាក់ទណ្ឌកម្ម ក្រោមហេតុផលថា លោកទាំងពីរ ពាក់ព័ន្ធនឹងអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្ស។ ទណ្ឌកម្ម ដែលរដ្ឋាភិបាលអាម៉េរិក ដាក់នោះ គឺហាមមិនឲ្យលោកទាំងពីរ ចូលទឹកដីអាម៉េរិក និងបង្កកទ្រព្យសម្បត្តិរបស់ពួកលោក ដែលមាននៅលើទឹកដីអាម៉េរិក៕

Tag:
 ដកសញ្ជាតិអាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com