ជាតិ
ថវិកាជាតិ ដែលគ្រោងចំណាយ ៨ ៥០០លានដុល្លារ នៅឆ្នាំ២០២២ ត្រូវបានអនុម័តហើយ លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឡើងការពារសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិ នៅរដ្ឋសភា កាលពីថ្ងៃទី២៥ វិច្ឆិកា ២០២១
× ភ្នំពេញ៖ រដ្ឋសភា បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិ ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុហើយ កាលពីថ្ងៃទី២៥ វិច្ឆិកា។ កម្ពុជា បានកំណត់ការចំណាយរបស់ជាតិ ប្រមាណ៨៥០០លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២២។ទំហំថវិកាចំណាយនេះ គឺកើនឡើងចំនួន៨,៤ភាគរយ បើធៀបនឹងច្បាប់ថវិកាជាតិ ឆ្នាំ២០២១។
រដ្ឋាភិបាលនឹងអនុម័តលើការចំណាយប្រចាំឆ្នាំ២០២២ ក្នុងទំហំថវិកាសរុប ៣៤ ៧០៨ ៦៣០ លានរៀល(ប្រមាណ៨ ៥០០លានដុល្លារ)។ ចំនួនថវិកានេះ ស្មើនឹង២៧,៩៥ភាគរយនៃផលិតផលក្នុងស្រុកសរុប(ផ.ស.ស-GDP) ដែលកើនឡើង៨,៤ភាគរយ ធៀបនឹងច្បាប់ថវិកាជាតិឆ្នាំ២០២១។ នេះបើតាមយោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២២ ដោយបានបញ្ជាក់ថា ក្នុងនោះចំណាយចរន្ត (ទាំងថ្នាក់ជាតិ និងក្រោមជាតិ) មានជាង២០,៨ទ្រីលានរៀល(ប្រមាណ ៥០០០លានដុល្លារ និងចំណាយមូលធន មានជាង ១៣,៨ទ្រីលានរៀល (ក្នុងរង្វង់៣ ៤០០ លានដុល្លារ)។
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុបានបង្ហាញថា ការចំណាយថ្នាក់ជាតិប្រចាំឆ្នាំ២០២២ រដ្ឋាភិបាលគ្រោងថវិកាជាង៨,៤ទ្រីលានដុល្លារ(ប្រមាណ២ ០០០លានដុល្លារ)សម្រាប់ចំណាយលើវិស័យសង្គមកិច្ច។ ទំហំថវិកានេះ គឺបានកើន៨ភាគរយ ធៀបនឹងឆ្នាំ២០២១។ ចំណាយលើវិស័យរដ្ឋបាលទូទៅ ជាង២ទ្រីលានរៀល(ប្រមាណ៥០០លានដុល្លារ) កើនជិត៦ភាគរយ, វិស័យសេដ្ឋកិច្ច ជាង៦,៥ទ្រីលានរៀល (ប្រមាណ១ ៦០០លានដុល្លារ) កើន១,៧ភាគរយ និងចំណាយវិស័យការពារជាតិ ជិត៤,៨ទ្រីលានរៀល(ប្រមាណ ១ ១៧០លានដុល្លារ) ដែលត្រឹម០,៥ភាគរយ។ ដោយឡែក ថវិកាជាង ៣ទ្រីលានរៀលទៀត (៧៣០លានដុល្លារ) គឺសម្រាប់ការចំណាយថ្នាក់ក្រោមជាតិ។
ចំពោះចំណាយមូលធនប្រចាំដែលរដ្ឋាភិបាលគ្រោងចំណាយប្រចាំឆ្នាំ២០២២ នោះ មានការវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងស្រុក មានជាង ៦,៥ទ្រីលានរៀល(ប្រមាណ ១៦០០លានដុល្លារ), ការទូទាត់ប្រាក់ខ្ចី មានជាង ១,៤ទ្រីលានដុល្លារ(ប្រមាណ៣៦០លានដុល្លារ) និងចំណាយលើការវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេសមានជាង ៥,៨ទ្រីលានរៀល(ជាង១ ៤០០លានដុល្លារ)៕
© រក្សាសិទ្ធិដោយ thmeythmey.com