ជាតិ
សង្គមជាតិ
ក្រុមជាងកំពុងបង្ហើយការងារដំឡើងព្រះកេសទេវតានិងអសុរាខ្លោងទ្វារតាកាវ
27, Nov 2021 , 4:59 pm        
រូបភាព
ស្ថាបត្យករ ម៉េង សុវណ្ណលីលីន អំឡុងពេលផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ។
ស្ថាបត្យករ ម៉េង សុវណ្ណលីលីន អំឡុងពេលផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ។
សៀមរាប៖ ព្រះកេសទេវតា និងអសុរា ដែលជាចម្លាក់កូរសមុទ្រទឹកដោះនៃខ្លោងទា្វរខាងលិច ឬខ្លោងទ្វារតាកាវ ក្រុងអង្គរធំ ត្រូវបានអ្នកជំនាញរៀបចំដំឡើងវិញហើយ បន្ទាប់ពីបើកការដ្ឋានជួសជុលមួយរយៈមកនេះ។ ក្រុមជាង កំពុងបង្ហើយការងារសេសសល់ ដូចជាដាក់ថ្មថ្មីសៀតបញ្ចូលទីតាំងដែលខូចខាត ដើម្បីបំពេញទម្រង់ដើមឡើងវិញ។



ស្ថាបត្យករ កញ្ញា ម៉េង សុវណ្ណលីលីន បានឱ្យដឹងថា ក្រុមការងារខ្លួនបានដំឡើងព្រះកេសទេវតា និងអសុរា រួចរាល់ហើយ កាលពីសប្ដាហ៍មុន ហើយក្រុមជាងកំពុងដាប់ថ្មសៀតចន្លោះថ្មដែលខូចខាត ដើម្បីពង្រឹងរូបទាំងនោះ ក៏ដូចជាបំពេញរូបរាងដើមវិញ។ កញ្ញាបន្ថែមថា កន្លងមកក្នុងការធ្វើកំណាយស្រាវជ្រាវ ក្រុមអ្នកបុរាណវិទ្យា ប្រទះឃើញព្រះកេសអសុរា ឬយក្ស ចំនួន៧ ដែលខ្លះបានជ្រុះធ្លាក់នៅក្បែរៗនោះ ហើយខ្លះទៀតកប់ក្រោមឫសឈើផង។ ព្រះកេសទាំងនោះមានរូបពេញ៦ និងពាក់កណ្ដាល១។ រីឯព្រះកេសទេវតា ប្រទះឃើញ៦ ដែលមានរូបពេញ៤ និងពាក់កណ្ដាល២។ កញ្ញា ម៉េង សុវណ្ណលីលីន បន្ថែម។

ដើមឡើងគម្រោងជួសជុលរូបទេវតា និងយក្ស នៃចម្លាក់កូរសមុទ្រទឹកដោះ ខ្លោងទ្វារតាកាវ ក្រុងអង្គរធំនេះ ត្រឹមជួសជុលរូបម្ខាង៥តែប៉ុណ្ណោះ។ តែការធ្វើកំណាយ ក្រុមការងារប្រទះឃើញព្រះកេសខាងទេវតារហូតដល់៧ ទើបតម្រូវឱ្យយកមកដំឡើងទាំងអស់ ដែលការណ៍នេះធ្វើឱ្យលើសផែនការជួសជុល និងមិនស្មើគ្នានៃរូបម្ខាងទៀត ដែលយក្សទាញព្រ័ត្រមានតែ៥ប៉ុណ្ណោះ។ អ្នកជំនាញពន្យល់ថា រូបខាងយក្សនៅបាត់ព្រះកេសមេទ័ព ដែលរកពុំទាន់ឃើញ ហើយក្រុមការងារពិចារណាស្វែងរករូបនេះនៅអភិរក្សដ្ឋានអង្គរ ដែលអាចមាននៅទីនោះ ដែលស្ថាប័ននេះប្រមូលទៅរក្សាទុកនៅសម័យសង្រ្គាម។

ស្ថាបត្យករ ម៉េង សុវណ្ណលីលីន បន្ថែមថា៖« ជាក់ស្ដែងមុនជួសជុល មានរូប៥ ខាងយក្សដែលនៅសល់តួខ្លះ (មិនដួលរលំ) មានជើង មានខ្លួនតិចតួច ទើបយើងសម្រេចជួសជុលរូប៥ ដើម្បីជាភស្ដុតាងថារូបផ្សេងទៀតបាដួលរលំ ហើយខាងទេវតារលំទាំងស្រុង តែយើងជួសជុល៥ឱ្យស្មើគ្នា រូបពីដើមមួយចំហៀងមាន ៥៤រូប»។

បើពុំមានអ្វីរាំងស្ទះទេ ការងារដំឡើងរូបព្រះកេសនៅរូបកូរសមុទ្រទឹកដោះនេះ គ្រោងនឹងបញ្ចប់រយៈពេលមួយខែទៀត។

គម្រោងជួសជុលខ្លោងទ្វារតាកាវ ជាគម្រោងរបស់អាជ្ញាធរជាតិអប្សរា ដែលមានការឧបត្ថម្ភពីវិស័យឯកជន។ គម្រោងនេះចាប់ផ្តើមនៅចុងខែ ឧសភា ហើយបច្ចុប្បន្នបានជួសជុលប្រមាណ៥០ភាគរយហើយ។ សព្វថ្ងៃ ក្រុមការងារកំពុងបន្តជួសជុលនៅផ្នែកខាងកើត ក្រោយជួសជុលពង្រឹងរចនាសម្ព័ន្ធនៅខាងលិចបានផ្លែផ្កាជាច្រើន៕











Tag:
 ខ្លោងទ្វារតាកាវ
  ក្រុងអង្គរធំ
© រក្សាសិទ្ធិដោយ thmeythmey.com