ជាតិ
ព័ត៍មានសុខភាព
អត្រាអ្នកកើតជំងឺទឹកនោមផ្អែម នឹងអាចកើនដល់៧០០លាននាក់​នៅឆ្នាំ២០៤៥
27, Nov 2021 , 5:30 pm        
រូបភាព
 
បើតាមរបាយការណ៍របស់សហព័ន្ធបង្ការជំងឺទឹកនោមផ្អែមអន្តរជាតិ នៅឆ្នាំ២០៤៥ អត្រា​អ្នកកើត​ជំងឺ​ទឹកនោមផ្អែមនៅទូទាំងពិភពលោកនឹងអាចកើនឡើងដល់៧០០លាននាក់។ បើធៀបនឹង​របាយការណ៍ឆ្នាំ២០១៩ ពិភពលោកមានអ្នកជំងឺទឹកនោមផ្អែម ៤៦៣លាន​នាក់ប៉ុណ្ណោះក្នុង​ចន្លោះ​អាយុ២០ទៅ៧៩ឆ្នាំ។ នេះជាកំណើនដ៏ធំមួយ ដែលសឹងតែកើន​ឡើង​ទ្វេដងក្នុងរយៈពេល ២៦ឆ្នាំ​ទៅ​មុខ។



សហព័ន្ធទប់ស្កាត់ជំងឺទឹកនោមផ្អែមអន្តរជាតិបានរាយការណ៍ថា មនុស្ស៤៦៣លាននាក់ មានអាយុ​ចន្លោះពី២០ទៅ៧៩ឆ្នាំ មានជំងឺទឹកនោមផ្អែមនៅទូទាំងពិភព​លោកគិតត្រឹមឆ្នាំ២០១៩ ។ នៅឆ្នាំ ២០៤៥ ចំនួនអ្នកកើតជំងឺទឹកនោមផ្អែមត្រូវបាន​ព្យាករណ៍ថា នឹងកើនឡើងដល់ ៧០០លាននាក់ ស្មើនឹង១០,៩ភាគរយនៃចំនួនប្រជាជន​ពិភពលោក។

តំបន់ដែលមានអ្នកកើតជំងឺទឹកនោមផ្អែមច្រើនបំផុតគឺនៅអាមេរិកខាងជើង និងមជ្ឈិមបូព៌ា។ ចំណែក​តំបន់អាស៊ីខាងត្បូង ត្រូវបានគេកំណត់ថា ជាតំបន់ដែលមានអត្រាអ្នកកើតជំងឺ​ទឹកនោមផ្អែម​កើន​ឡើង​លឿនបំផុតមួយ ប្រហាក់ប្រហែលនឹងតំបន់អាស៊ីខាងលិច និងអាម៉េរិកឡាទីន។ នៅឆ្នាំ២០៤៥ តំបន់​នេះនឹងអាចមានតួលេខអ្នកកើតជំងឺស្មើនឹង​១១,៣ភាគរយនៃចំនួនប្រជាជនក្នុងតំបន់។

តាមការសិក្សា ចំនួនករណីអ្នកជំងឺទឹកនោមផ្អែមដែលបានធ្វើរោគវិនិច្ឆ័យក្នុងពេលថ្មីៗនេះនៅក្នុង​ប្រទេសអភិវឌ្ឍមួយចំនួន កំពុងមានអត្រាធ្លាក់ចុះ។ យ៉ាងណាមិញ នៅក្នុងប្រទេស​កំពុងអភិវឌ្ឍ មនុស្សជាច្រើននៅតែបន្តកើតជំងឺទឹកនោមផ្អែម។ នេះក៏ដោយសារតែប្រជាជន​រស់នៅ​ប្រទេស​កំពុង​អភិវឌ្ឍមានរបៀបរស់នៅដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងស្ថានភាព​សេដ្ឋកិច្ច។ ពួកគេភាគច្រើន​អាច​មានរបបអាហារមិនល្អចំពោះ​ដូចជារបបអាហារដែលមាន​ជាតិស្ករ និងខ្លាញ់ខ្ពស់ ក៏ដូចជា​មិន​ធ្វើ​លំហាត់ប្រាណជាដើមដែលជាកត្តាបណ្តាលឱ្យកើត​ជំងឺទឹកនោមផ្អែម។

គួរបញ្ជាក់ថា ជំងឺទឹកនោមផ្អែមមាន២ប្រភេទ គឺប្រភេទទី១ និងទី២ ហើយភាគច្រើនមនុស្ស​នៅជុំវិញ​ពិភពលោកកើតជំងឺទឹកនោមផ្អែមប្រភេទទី២។ ក្រៅពីកត្តាចំណីអាហារ និងលំហាត់​ប្រាណ មូលហេតុ​នៃការកើនឡើងអត្រា​អ្នកកើតជំងឺទឹក​នោមផ្អែមក៏ត្រូវបានចូលរួមដោយ ​កង្វះ​ការយកចិត្ត​ទុក​ដាក់​តាម​ដានសុខភាពផងដែរ។ តាមរបាយការណ៍ ក្នុងឆ្នាំ២០១៩ អ្នកមានជំងឺទឹកនោមផ្អែម​ដែលមិនបាន​ធ្វើ​រោគវិនិច្ឆ័យត្រូវបានប៉ាន់ប្រមាណថាមានចំនួន ជាង ២៣១,៩លាននាក់នៅទូទាំងពិភពលោក ដែល​ស្ទើរតែពាក់កណ្តាលនៃករណីសរុប៕



© រក្សាសិទ្ធិដោយ thmeythmey.com