ជាតិ
សង្គមជាតិ
ស្រុកបន្ទាយស្រី នឹងពង្រីកសេវាប្រមូលសំរាមទាំង៣៦ភូមិ នៅដើមឆ្នាំក្រោយ
29, Nov 2021 , 8:59 am        
រូបភាព
 ថ្នាក់ដឹកនាំក្រសួងបរិស្ថានចុះពិនិត្យការងារគ្រប់គ្រងបរិស្ថាន ក្នុងស្រុកបន្ទាយស្រីនាពេលកន្លងមក។
ថ្នាក់ដឹកនាំក្រសួងបរិស្ថានចុះពិនិត្យការងារគ្រប់គ្រងបរិស្ថាន ក្នុងស្រុកបន្ទាយស្រីនាពេលកន្លងមក។
សៀមរាប៖ រដ្ឋបាលស្រុកបន្ទាយស្រី បានប្រកាសពីការពង្រីកសេវាប្រមូលសំរាម នៅតាមខ្នងផ្ទះប្រមាណ១ម៉ឺនខ្នងផ្ទះ ទូទាំងស្រុក ចាប់ពីដើមឆ្នាំ២០២២ តទៅ។



អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ មានប្រសាសន៍ថា ភូមិទាំង៣៦ ក្នុងឃុំចំនួន៦ នៃស្រុកនឹងមានសេវាប្រមូលសំរាម ចាប់ពីខែមករា ឆ្នាំ២០២២តទៅ។ លោកថា នេះជាជំហានថ្មីមួយទៀត បន្ទាប់ពីបានអនុវត្តជំហានពីរកន្លងមក។ ជំហានដំបូង អភិបាលស្រុករូបនេះបានបង្កើតឱ្យមានទីតាំងរក្សាទុកសំរាមតាមភូមិ និងរថយន្តមកដឹកសំរាមចេញជាប្រចាំ។ ចំណែកជំហានមួយទៀត គឺការឈានដល់ការបង្កើតសហគមន៍ប្រមូលសំរាម ដែលតម្រូវឱ្យប្រជាពលរដ្ឋបង់សេវាខ្លះ ដល់ក្រុមការងារប្រមូលសំរាមទាំងនោះ និងយកទៅដុតក្នុងឡ។

កន្លងមក រដ្ឋបាលស្រុកបានអនុវត្តសេវាប្រមូលសំរាមនេះនៅក្នុងភូមិព្រះដាក់ និងតាមផ្ទះតាមបណ្ដោយផ្លូវ ឆ្ពោះទៅប្រាសាទបន្ទាយស្រី នៃឃុំខ្នារសណ្ដាយ និងទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។ លោក ឃឹម ហ្វីណង់ បន្ត៖ «ការរៀបចំសេវាទូទៅស្រុកនេះ ជាជំហានបន្ទាប់ដែលយើងធ្វើកន្លងមក...ការប្រមូលលើកនេះ ប្រើប្រព័ន្ធចម្រុះ មានន័យថា យើងនៅរក្សាប្រព័ន្ធសហគមន៍ដដែលដែលមាន ហើយភូមិណាចង់បង្កើតសហគមន៍ប្រមូលខ្លួនឯងក៏បានដែរ តែត្រូវធ្វើការជាមួយក្រុមហ៊ុនឯកជនមួយទៀត ដើម្បីយកទៅដុត ឬចាក់ចោលនៅទីលាន បងប្អូនប្រជាពលរដ្ឋណាមួយដែលគាត់បង់សេវា គឺនឹងមានសេវាប្រមូលនៅតាមផ្ទះ គាត់យកទៅបោះចោលបន្ត»។

លោកអភិបាលស្រុកបន្ថែមថា ក្នុងដំណាក់កាលដំបូងនេះ លោកមិនរំពឹងថា នឹងមានប្រជាពលរដ្ឋតាមខ្នងផ្ទះប្រមាណ១ម៉ឺនខ្នង ចូលរួមបាន១០០ភាគរយទេ អាជ្ញាធរមិនទាន់ចាប់បង្ខំដែរ គឺប្រើប្រាស់គោលការណ៍ស្ម័គ្រចិត្ត។ លោក ឃឹម ហ្វីណង់ បញ្ជាក់ថា៖«សេវានេះ យកតិចតួចបំផុត តាមអាចធ្វើបាន បើផ្ទះណាមិនទាន់មានលទ្ធភាព យើងមានកន្លែងរក្សាទុក បន្ទាប់មកមានក្រុមហ៊ុន នឹងមកដឹកចេញ»។

ជុំវិញបញ្ហាសំរាមនេះ អភិបាលស្រុកវ័យក្មេង ឃឹម ហ្វីណង់ ចាត់ទុកថាជាទំនួលខុសត្រូវរួម ដើម្បីគ្រប់គ្រងឱ្យល្អបំផុត។ លោកពន្យល់ថា៖«សម្រាប់បន្ទាយស្រី គឺគ្រប់គ្រងសំរាមដោយរក្សាភាពជាម្ចាស់នៃភាពស្អាតនៃបញ្ហាសំរាម គឺប្រជាពលរដ្ឋនៅតែរក្សាភាពជាម្ចាស់របស់គាត់ លើបញ្ហាស្អាត និងសំរាមដដែល ដូច្នេះដាច់ខាតគាត់ត្រូវតែចូលរួមសម្អាតមុខផ្ទះ ដាក់សំរាមក្នុងធុង និងបង់សេវា យើងមិនបានចាត់ទុកថា ជាទំនួលខុសត្រូវរបស់ក្រុមហ៊ុន និងអាជ្ញាធរណាមួយទេ គឺជួយទាំងអស់គ្នា ប៉ុន្តែម្ចាស់ចុងបញ្ចប់នៃភាពស្អាត គឺប្រជាពលរដ្ឋតែម្ដង»៕


Tag:
 សេវាប្រមូលសំរាម
  សំរាម
  ស្រុកបន្ទាយស្រី
© រក្សាសិទ្ធិដោយ thmeythmey.com