ជាតិ
សេដ្ឋកិច្ច
ខេត្តព្រះសីហនុ នឹងមាន​ផែទឹកជ្រៅ សម្រាប់នាវាធំៗចូល​ចត នៅឆ្នាំ២០២៥
30, Nov 2021 , 7:59 pm        
រូបភាព
កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ព្រះសីហនុ៖ ចំណតកុងតឺន័រថ្មី នៅខេត្តព្រះសីហនុ ដែលមានប្រវែង ៣៥០ម៉ែត្រ និង​ជម្រៅ​ទឹក១៤,៥ ម៉ែត្រ​ នឹងត្រូវសាងសង់ឡើងក្នុងឆ្នាំ២០២២ ហើយនឹងដាក់ដំណើរការ រយៈពេល​៣ឆ្នាំបន្ទាប់។ លោក គួច ចំរើន ដែលជាអភិបាលខេត្តព្រះសីហនុ បានអះអាងថា ក្រោយកំពង់ផែទឹកជ្រៅនេះ ដាក់ឱ្យដំណើរការ សេវាដឹកជញ្ជូនទំនិញនឹងចុះថ្លៃ បាន២០០ដុល្លារក្នុងមួយកុងតឺន័រ។

 
គម្រោងសាងសង់ផែ​កុងតឺន័រ​ថ្មី ​របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នឹងត្រូវអនុវត្តឡើងនៅដើម ឆ្នាំ២០២២ ដោយ​នឹង​អាច​ប្រតិបត្តិការ​នៅ​ឆ្នាំ២០២៥។ កម្ពុជា ទទួលបានកម្ចីជាង២០០លានដុល្លារ ពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តជាតិ​ជប៉ុន(JACA) ​សម្រាប់អភិវឌ្ឍ​ ចំណត​ផែ​កុងតឺន័រ​ថ្មី​នេះ នូវដំណាក់កាល​ទីមួយ ដែលប្រវែង៣៥០ម៉ែត្រ។ 


លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងសន្នីសិទកាសែត កាលពីថ្ងៃទី២៩វិច្ឆិកា ឆ្នាំ២០២១។ 
 
បើតាមលោក គួច ចំរើន កម្ចីពីរដ្ឋាភិបាលជប៉ុននេះ នឹងប្រែក្លាយកំពង់ផែព្រះសីហនុឱ្យមានសមត្ថភាពទទួលនាវា ចូលចតដែលមាន ជម្រៅទឹករហូតដល់១៤,៥ម៉ែត្រ។​ កំពង់ផែថ្មីនេះ មាន​សមត្ថភាព​ផ្ទុក​កុងតឺន័រ​ចំនួន ៦ម៉ឺន DWT (៥០០០ TEUs) ចូល​ចត និង​អាច​អនុញ្ញាត​ឱ្យ​នាវាដឹក​កុងតឺន័រ​ឆ្លងកាត់​តំបន់​អាស៊ី​ ចំនួន៩៣ភាគរយ ចូលមក​កាន់​កំពង់ផែ​ក្រុងព្រះសីហនុ។


 
«​ចំណុចនេះ គឺធ្វើឱ្យសក្កានុពលកំពង់ផែយើង បានផ្តល់ឱកាសឱ្យនាវានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក​របស់យើងប្រមាណ៩០ភាគរយអាចចូលចតបាន និងធ្វើឱ្យតម្លៃទំនិញតាមផ្លូវទឹក​របស់យើងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន»។ នេះជាការលើកឡើងរបស់អភិបាលខេត្តព្រះសីហនុ ដោយបានបញ្ជាក់ថា ​កំពង់ផែដែលកំពុងដំណើរនាបច្ចុប្បន្ន មានសមត្ថភាពអាចឱ្យនាវាចូលចត់បាន​ត្រឹមជម្រៅទឹកតែ៩,៥ម៉ែត្រប៉ុណ្ណោះ ។


 
ថ្លែងក្នុងសន្នីសិទសារព័ត៌មាន កាលពីថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២១ អភិបាលខេត្តព្រះសីហនុ បានបន្ថែមថា ៖ «បន្ទាប់ពីកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៥ តម្លៃដឹកជញ្ជូនទំនិញតាមផ្លូវទឹកយើង អាចនឹងចុះបាន២០០ដុល្លារក្នុងមួយកុងតឺន័រ បើប្រៀបធៀបដឹកជញ្ជូន នាបច្ចុប្បន្ន»។  


 
សូមជម្រាបថា ស្វយ័តក្រុងព្រះសីហនុ សព្វថ្ងៃ អាចស្រូបយកនូវចំណែកទីផ្សារបានជាង​៧០ភាគរយ នៃចរាចរណ៍ទំនិញចេញ-ចូលសរុបរបស់កម្ពុជា ដែលបានបម្រើនូវសេវាកម្មចំនួនបួនប្រភេទ។ ក្នុងនោះ មានកំពង់ផែជាទីកន្លែងប្រើប្រាស់សម្រាប់ជាចំណតនាវាដឹកអ្នកធ្វើដំណើរទេសចរណ៍,  សម្រាប់ដឹកជញ្ជូន​ទំនិញរាយ,​ សម្រាប់ដឹកជញ្ជូនកុងត័រនឺឆ្លងកាត់ និងសម្រាប់ជួយគាំទ្រជាមូលដ្ឋានភស្តុភារផ្គត់ផ្គង់ការរុករកប្រេង និងការធ្វើអាជីវកម្មប្រេងក្នុងដែនសមុទ្រកម្ពុជា ដែលនឹងជំរុញដល់ការអភិវឌ្ឍផែ្នកសេដ្ឋកិច្ចជាតិ។


 
៥ឆ្នាំ​មុនពេល​មាន​វិបត្តិ​កូវីដ-១៩ ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មាន​កំណើន​ជា​មធ្យម ១៤ ភាគរយ​ជា​រៀងរាល់​ឆ្នាំ។​ ប៉ុន្តែ​សម្រាប់​ឆ្នាំ២០២០ មាន​កំណើន​ត្រឹម៤ភាគរយ​ប៉ុណ្ណោះ ធៀប​នឹង​ឆ្នាំ២០១៩។ ដោយឡែក ​ក្នុង​ត្រីមាស​ទីមួយឆ្នាំ២០២១ គឺមាន​កំណើន​៦ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០២០។ នេះបើតាមរបាយការណ៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ៕ 

Tag:
 ពាណិជ្ជកម្ម
  កំពង់ផែ
  លោក គួច ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com