ជាតិ
សេដ្ឋកិច្ច
ខេត្តព្រះសីហនុ ម្ចាស់ផ្ទះរៀបចំ​មហាសន្និបាតអាស៊ីបូព៌ាលើកទី៧
01, Dec 2021 , 6:59 pm        
រូបភាព
ទិដ្ឋភាពរួមនៃទីរួមខេត្តព្រះសីហនុ នាថ្ងៃទី១ធ្នូ ឆ្នាំ២០២១។
ទិដ្ឋភាពរួមនៃទីរួមខេត្តព្រះសីហនុ នាថ្ងៃទី១ធ្នូ ឆ្នាំ២០២១។
ព្រះសីហនុ៖ កម្ពុជា ជាប្រទេសម្ចាស់​នៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ (PEMSEA) ដែលធ្វើឡើងក្នុងទឹកដីខេត្តព្រះសីហនុ។ មហាសន្និបាតដែល១១ប្រទេសចូលរួមនេះ គឺប្រារព្ធឡើងនៅថ្ងៃទី១-២ធ្នូ ក្រោមប្រធានបទ«បង្កើតទសវត្សរ៍ថ្មីសម្រាប់សុខមាលភាពមហាសមុទ្រ មនុស្ស និងសេដ្ឋកិច្ច»។

 
មហាសន្និបាតសមុទ្រអាស៊ីបូព៌ា(PEMSEA)លើកទី៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងដែលប្រព្រឹត្តឡើងនៅថ្ងៃទី១ និងទី២ធ្នូ ឆ្នាំ២០២១។ មហាសន្និបាតនេះ  រៀបចំដោយក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តព្រះសីហនុ ដែលមានការចូលរួមពីប្រទេសជាសមាជិកនៃអង្គការអន្តរជាតិភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា។ 


 លោក សាយ សំអាល​​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន (កណ្តាល) ក្នុងពិធីបើកមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ ដែលកម្ពុជា ជាម្ចាស់ផ្ទះ។
 
បើតាមលោក នេត្រ ភក្រ្តា ដែលជារដ្ឋលេខាធិការក្រសួងបរិស្ថាន ​បានជាកម្ពុជាសម្រេចយកខេត្តព្រះសីហនុ ធ្វើជាកន្លែងក្នុងការររៀបចំមហាសនិ្នបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ដោយសារខេត្តនេះ មានឆ្នេរសមុទ្រវែងដ៏ស្រស់ស្អាត និងមានភាពរីកចម្រើនខ្លាំង  ទាំងផ្នែកហេដ្ឋារចនាសម័្ពន្ធសាធារណៈ ផ្នែកឧស្សាហកម្ម និងទេសចរណ៍ជាដើម ខណៈកម្ពុជាកំពុងប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូបំណង។  
 
«នេះជា​ឱកាសមួយដែលរដ្ឋាភិបាលយកខេត្តព្រះសីហនុធ្វើជាទីតាំងនៃការរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ានេះ  គឺដើម្បីបង្ហាញដល់បណ្តាប្រទេសនានាដែលសមាជិកនៃអង្កការPEMSEA ចំនួន១១ប្រទេសថា ខេត្តជាប់មាត់សមុទ្ររបស់យើងដែលជាផ្នែកយ៉ាងសំខាន់លើវិស័យសេដ្ឋកិច្ច គឺមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំមហាសន្និបាតនេះ»។ លោក នេត្រ ភក្រា្ត បានលើកឡើងដូច្នេះ ដោយបានបញ្ជាក់ថា ១១ប្រទេសដែលជាសមាជិកនៃអង្កការ PEMSEA មាន កម្ពុជា សឹង្ហបុរី ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ទីម័រខាងកើត ចិន កូរ៉េខាងត្បូង កូរ៉េខាងជើង ជប៉ុន ព្រមទាំងមានអង្គការដៃគូជាច្រើនទៀត។​

  ទិដ្ឋភាពនៃឆ្នេរសមុទ្រខេត្តព្រះសីហនុ
 
មហាសន្និបាតសមុទ្រអាស៊ីបូព៌ា ត្រូវបានរៀបចំឡើងរៀងរាល់៣ឆ្នាំម្តង។ បើតាមលោក នេត្រ ភក្ត្រា មហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី១ ត្រូវបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០០៣។ សម្រាប់កម្ពុជា គឺជាម្ចាស់ផ្ទះលើកដំបូង ក្នុងការរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧។ នេត្រ ភក្ត្រា​ បានលើកឡើងថា មហាសន្និបាតសមុទ្រអាស៊ីបូព៌ានេះ គឺជាមោទកភាពសម្រាប់កម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតដ៏មានសារៈសំខាន់នេះដែលរៀបចំឡើង ក្នុងគោលបំណងពិនិត្យលើផែនការការងារដែលបានសម្រេចអនុម័តកន្លងមក និងផែនការទិសដៅដែលត្រូវធ្វើជាបន្តបន្ទាប់។ រួមទាំងការគិតគូរពីមូលនិធិដែលត្រូវយកមកអនុវត្តដើម្បីការពារនិងអភិរក្សសមុទ្រនៅតំបន់អាស៊ីបូព៌ាច។ 


 លោក នេត្រ ភក្រា្ត ដែលជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន
 
បើតាមលោក នេត្រ ភក្រា្ត មហាសន្និបាតនេះប្រារព្ធឡើងក្នុងគោលបំណងសំខាន់ចំនួន៣។ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះលើកឡើងថា គោលបំណងទីមួយ៖ គឺដើម្បីចែករំលែកមេរៀនជាបទពិសោធន៍ តាមដានវឌ្ឍនភាពការងារកន្លងមក និងពង្រីកបន្ថែមនូវការអនុវត្តយុទ្ធសាស្ត្រ ដែលបានប្រតិបត្តិនៅថ្នាក់តំបន់ ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទីពីរ៖  បង្កើតនិងរៀបចំឡើងវិញនូវយន្តការគ្រប់គ្រងដែលមានស្រាប់ និងជំរុញបង្កើតឱកាសថ្មីៗបន្ថែមទៀត សម្រាប់ភាពជាដៃគូក្នុងតំបន់ តាមរយៈបច្ចេកវិទ្យា នវានុវត្តន៍ ការវិនិយោគ និងហិរញ្ញប្បទាន ដើម្បីបន្តនិរន្តភាពនៃបរិស្ថានតំបន់ឆ្នេរ និងសមុទ្រ។  
 
ទីបី៖ កំណត់នូវផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយ សម្រាប់ជាដំណោះស្រាយចំពោះបញ្ហាសមុទ្រនាទស្សវត្សរ៍នាពេលអនាគត ដោយអនុលោមទៅតាមផែនការមួយទសវត្សរ៍របស់អង្គការសហប្រជាជាតិនៃវិទ្យាសាស្រ្តមហាសមុទ្រ របៀបវារៈរបស់អង្គការសហប្រជាតិឆ្នាំ២០៣០ អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងក្របខ័ណ្ឌជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ ព្រមទាំងបណ្តាក្របខ័ណ្ឌពាក់ព័ន្ធនានា។


  ក្រុមអ្នកសារព័ត៌មានមកពីរាជធានីភ្នំពេញ ចូលរួមមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ នាព្រឹកថ្ងៃទី១ធ្នូ ឆ្នាំ២០២១។
 
ព្រះសីហនុ ជាខេត្តដែលសំបូរទៅដោយធនធានធម្មជាតិដ៏សម្បូរបែបដែលគ្រប់ដណ្តប់លើផ្ទៃដី ២​ ៦៥៩គីឡូម៉ែត្រក្រឡា ដែល២ភាគ៣ជាដីភ្នំនិងខ្ពង់រាប។ ខេត្តនេះមានកោះធំ-តូចចំនួន៣២ និងឆ្នេរសមុទ្រមានប្រវែង១៧៥,៨១គីឡូម៉ែត្រ។​ បើតាមលោក គួច ចំរើន ដែលជាអភិបាលខេត្តព្រះសីហនុ វិស័យដែលមានសក្កានុពល ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច​ មានវិស័យសំណង់  អចលនទ្រព្យ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ កសិឧស្សាហកម្ម  និងមានកំពង់ផែទឹកជ្រៅជាងគេ នៅកម្ពុជា។ លោក បាននិយាយថា  ខេត្តព្រះសីហនុ មានអត្រាកំណើនសេដ្ឋកិច្ច៦,៨ភាគរយ និងចំណូលជាមធ្យម៤៣៧៨ដុល្លារក្នុងម្នាក់(GDP)នៅក្នុងឆ្នាំ២០២០ដោយបានកាត់បន្ថយអត្រាភាពក្រីក្រឱ្យធ្លាក់មកត្រឹមនៅត្រឹម ២,៦៨ភាគរយ នៅដើមឆ្នាំ២០២១៕

Tag:
 បរិស្ថាន
  សមុទ្រ
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com