ជាតិ
ជិត២ឆ្នាំ ព័ត៌មានក្លែងក្លាយជាង៣ពាន់ត្រូវបានក្រសួងកត់ត្រាទុក
04, Dec 2021 , 3:59 pm        
រូបភាព
សៀមរាប៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងព័ត៌មាន បានលើកឡើងថា រយៈពេលជិត២ឆ្នាំមកនេះ ព័ត៌មានក្លែងក្លាយជាង៣ពាន់ ត្រូវបានកត់ត្រា និងខ្លះមានវិធានការផ្នែកច្បាប់ផងដែរ។

 
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន លោក ផុស សុវណ្ណ លើកឡើងថា ចាប់ពីខែមេសា ឆ្នាំ២០២០ ដល់ចុងឆ្នាំ២០២១ ព័ត៌មានក្លែងក្លាយជាង៣ពាន់ ត្រូវបានកត់ត្រាចំណាំទុក សម្រាប់តាមដាន និងខ្លះបានមានវិធានការរួចហើយដែរ។ លោក ផុស សុវណ្ណ បន្ថែមថា ករណីខ្លះកើតឡើងនៅក្រៅប្រទេស ដែលក្រុមការងារបានកត់ត្រា ហើយបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីមានវិធានការ លើអង្គភាពទាំងនោះ។ 
 
ថ្លែងក្នុងសិក្ខាសាលាស្ដីពី ផលប៉ះពាល់នៃដំណឹងក្លែងក្លាយ និងដំណោះស្រាយរបស់រដ្ឋាភិបាល នៅសណ្ឋាគារ សុខាសៀមរាប នាព្រឹកថ្ងៃទី៣ ធ្នូ លោក ផុស សុវណ្ណ បញ្ជាក់ថា ក្រសួងបានបង្កើតក្រុមការងារតាមដាន ប្រឆាំងព័ត៌មានក្លែងក្លាយនៅអំឡុងខែ មីនា ឆ្នាំ២០២០ ហើយការបង្កើតនេះមិនបានគិតថា សម្រាប់តែគោលដៅប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ទាក់ទងនឹងជំងឺកូវីដ-១៩នោះទេ។ អគ្គនាយក នៃនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បន្ថែមថា៖« ចៃដន្យមានការរីករាលដាលធ្ងន់ធ្ងរមែនទែន [ជំងឺកូវីដ] ហើយព័ត៌មានក្លែងក្លាយ ក៏មានការរាតត្បាតច្រើនដែរ គឺច្រើនជាងជំងឺកូវីដទៅទៀត»។
 
រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែងថា ដំណឹងក្លែងក្លាយ បានបង្ហាញមុខកាន់តែខ្លាំងក្លា ពិសេសអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩។ លោករដ្ឋមន្រ្តីបន្ថែមថា អ្នកបង្កើតដំណឹងក្លែងក្លាយ ក្រៅពីបំណងធ្វើឱ្យមហាជន បាត់បង់ទំនុកចិត្តលើរដ្ឋាភិបាល និងការចុចចែករំលែកបន្តដោយមិនបានមើលគ្រប់ជ្រុងជ្រោយពីអ្នកអានមួយចំនួន អ្នកសារព័ត៌មានរួមចំណែកយ៉ាងសំខាន់ក្នុងការលុបបំបាត់នូវដំណឹងក្លែងក្លាយនេះ តាមរយៈការផ្សាយព័ត៌មាន ដែលមានទំនុកចិត្តដល់ប្រជាពលរដ្ឋ។


 
អំឡុងពេលដំណឹងក្លែងក្លាយ កើតឡើងកាន់តែច្រើន រដ្ឋមន្រ្តីក្រសួងព័ត៌មានសង្កេតឃើញថា  ប្រជាពលរដ្ឋភាគច្រើន បានងាកមកមើលព័ត៌មានរបស់ស្ថាប័នរដ្ឋដោយផ្អែកលើភាពត្រឹមត្រូវ រហ័ស និងជឿទុកចិត្ត ដែលរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ចាត់ទុកថាជាចំណុចវិជ្ជមាន និងសំខាន់។ 
 
លោក ខៀវ កាញារីទ្ធ បានអរគុណដល់រដ្ឋាភិបាលចិន តាមរយៈកិច្ចសហប្រតិបត្តិការអនុតំបន់ «មេគង្គ-ឡានឆាង» បានផ្តល់ជំនួយក្រោមមូលនិធិពិសេស ដល់បណ្ដាប្រទេសតាមបណ្ដោយទន្លេមេគង្គ មានដូចជា មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ តាមរយៈជំនួយនេះ ក្រសួងព័ត៌មានបានសម្រេចនូវគម្រោងស្រាវជ្រាវ ក្រោមប្រធានបទ ផលប៉ះពាល់នៃព័ត៌មានមិនពិត និងដំណោះស្រាយរបស់រដ្ឋាភិបាល និងដែលត្រូវបានប្រកាសផ្សព្វផ្សាយនូវសៀវភៅ ទាក់ទងនឹងលទ្ធផលនៃការស្រាវជ្រាវនេះផងដែរ។
 
សៀវភៅស្ដីពី «ផលប៉ះពាល់នៃដំណឹងក្លែងក្លាយ និងដំណោះស្រាយរបស់រដ្ឋាភិបាល» មានកម្រាស​ជិត២០០ទំព័រ។ ក្នុងសៀវភៅនេះ ផ្តោតសំខាន់លើនិយមន័យ ប្រភព ផលប៉ះពាល់ និងការផ្ទៀងផ្ទាត់នៃព័ត៌មាន និងដំណឹងក្លែងក្លាយ។ល។ តាមសៀវភៅនេះ ប្រភពព័ត៌មានមិនពិត និដំណឹងក្លែងក្លាយ មានដូចជាក្រុមជនខិលខូចដែលបានបង្កើតគណនី ឬផេកក្លែងក្លាយ បង្ហោះសារឱ្យអ្នកប្រើប្រាស់ឈ្នះរង្វាន់ ឬការលក់ផលិតផលមិនច្បាស់លាស់ ទាមទារការចាប់អារម្មណ៍ និងទទួលបានការចូលមើល និងចែករំលែកច្រើន។ ស្រ្ដីមេផ្ទះ ឬពលរដ្ឋនៅតំបន់ដាច់ស្រយាល មិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ក៏ចាត់ទុកក្រុមងាយរងគ្រោះ  ដែលក្លាយខ្លួនជាមធ្យោបាយ របស់ក្រុមជនខិលខូច តាមរយៈការចែករំលែកព័ត៌មានដោយមិនបានផ្ទៀងផ្ទាត់៕



Tag:
 ព័ត៌មានក្លែងក្លាយ
© រក្សាសិទ្ធិដោយ thmeythmey.com