ជាតិ
សេដ្ឋកិច្ច
ខេត្តព្រះសីហនុ មានរោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់លំដាប់អន្តរជាតិដំបូងគេនៅកម្ពុជា
04, Dec 2021 , 8:39 pm        
រូបភាព
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី២ នៅក្រុងព្រះសីហនុ ដែលមានសមត្ថភាពសម្អាតទឹកកខ្វក់បាន ៧ ២០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ រូបថត៖ MoE
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី២ នៅក្រុងព្រះសីហនុ ដែលមានសមត្ថភាពសម្អាតទឹកកខ្វក់បាន ៧ ២០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ រូបថត៖ MoE
ខណៈស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ កម្រិតស្តង់ដារអន្តរជាតិចំនួន២ នៅក្រុងព្រះសីហនុ ត្រូវបានដាក់ឱ្យដំណើរការហើយនោះ ខេត្តព្រះសីហនុ កំពុងសាងសង់ស្ថានប្រព្រឹត្តកម្មទឹកកខ្វក់ កម្រិតស្តង់ដារមួយទៀត ដែលមានសមត្ថភាពសម្អាតទឹក បានរហូតដល់ជាង២ម៉ឺនគូប ក្នុងមួយថ្ងៃ។ បើតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទាំងបីនេះ គឺមានកម្រិតស្តង់ដារពីប្រទេសអ៊ីស្រាអែល។

 
បច្ចុប្បន្ន ទីក្រុងព្រះសីហនុ មានស្ថានីយប្រព្រឹត្តទឹកកខ្វក់ ឬទឹកស្អុយចំនួន២កន្លែង ដែលកំពុងដំណើរការយ៉ាងសកម្ម ក្នុងការបន្សុទ្ធទឹកកខ្វក់ មុននឹងបង្ហូរចូលក្នុងទឹកសមុទ្រ។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទីមួយ មានសមត្ថភាពសម្អាតទឹកកខ្វក់បាន៥ ២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈស្ថានីយទីពីរ មានសមត្ថភាពសម្អាតទឹកកខ្វក់បាន ៧ ២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។  នេះជាការលើកឡើងរបស់លោក គួច ចំរើន ដោយបានបញ្ជាក់​ សព្វថ្ងៃខេត្តព្រះសីហនុ កំពុងសាងសង់ស្ថានីយប្រព្រឹត្តទឹកកខ្វក់ទីបី នៅលើផ្ទៃដីជិត២ហិកតា​ ដែលមានសមត្ថភាព សម្អាតទឹកកខ្វក់បានរហូតដល់២ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ។  


លោក គួច ចំរើន អភិខេត្តព្រះសីហនុ​ ក្នុងសន្នីសិទសារព័ត៌មាន នៅថ្ងៃទី២៩វិច្ឆិកា ឆ្នាំ២០២១។ រូបថត៖ MoE
 
អភិបាលខេត្តព្រះសីហនុរូបនេះ បានថ្លែងនៅក្នុងសន្នីសិទកាសែត កាលពីថ្ងៃទី២៩វិច្ឆិកា ឆ្នាំ២០២១ ថា៖ «អាងប្រព្រឹត្តកម្មទឹកកខ្វក់ ដែលយើងបានកសាងនេះ យើងបានជួលក្រុមហ៊ុនរបស់សិង្ហបុរី ដែលក្រុមហ៊ុននេះ បានប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ របស់អ៊ីស្រាអែល។ បើយើងគិតពីស្តង់ដារទឹកសម្អុយ ដែលក្រោយចម្រាញ់រួច កម្រិតគុណភាពនៃទឹកនេះ បើធៀបនឹងប្រទេសជប៉ុន ឬសហរដ្ឋអាម៉េរិក គឺយើងមានគុណភាពល្អជាង»។ បើតាមលោក គួច ចំរើន​ ទឹកកខ្វក់ដែលបានឆ្លងកាត់អាងប្រព្រឹត្តកម្មទឹកកខ្វក់ទីមួយ និងពីរ គឺអាចនៅសល់ជាតិពុល ត្រឹម២០ភាគរយប៉ុណ្ណោះ ដែលអត្រានេះ ស្ថិតក្រោមកម្រិតជាតិពុល៥០ភាគរយនៃច្បាប់គ្រប់គ្រងបរិស្ថាន ដែលអាចបង្ហូរទឹកហូរក្នុងសមុទ្របាន។
 
ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានលើកឡើងថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងព្រះសីហនុនេះ  គឺដំណើរការដោយបច្ចេកវិទ្យាចុងក្រោយ របស់អ៊ីស្រាអែល MABR ដែលមានសមត្ថភាពដកយកកាកសំណល់ភាគល្អិតបំផុត ដូចជា​អាម៉ូញាក់ កាបូនឌីអ៊ុកស៊ីត សារធាតុពុល និងសម្លាប់មេរោគ ឬបាក់តេរីផ្សេងៗ ដែលធ្វើឱ្យទឹកមានសុវត្ថិភាព រហូតដល់៦០ភាគរយ មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ។ លោក បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសចុះពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី២ កាលពីរសៀលថ្ងៃទី២៩វិច្ឆិកា ឆ្នាំ២០២១ដូច្នេះ៖«ទឹក[កខ្វក់]ដែលប្រព្រឹត្តកម្មរួច គឺមិនមានជាតិពុលដល់បរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រទេ។  វាមានគុណភាពប្រកបដោយស្តង់ដារខ្ពស់»។


លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងដំណើរចុះពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី២ នៅក្រុងព្រះសីហនុ កាលពីថ្ងៃទី២៩វិច្ឆិកា ឆ្នាំ២០២១។ រូបថត៖ MoE
 
តាមផែនការមេនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ នៅក្រុងព្រះសីហនុ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ទីក្រុងនេះ នឹងត្រូវសាងសង់លូមេ ប្រវែង៦៩គីឡូម៉ែត្រ លូមេរងប្រវែងជិត៤០គីឡូម៉ែត្រ លូតភ្ជាប់ពីលំនៅដ្ឋាន និងអគារពាណិជ្ជកម្មប្រវែងជាង៩២គីឡូម៉ែត្រ។ ដោយឡែកនៅចន្លោះ ឆ្នាំ២០២៣-២០៣០ ស្ថានីយស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នឹងពង្រីកសមត្ថភាពសម្អាតទឹកកខ្វក់បានរហូត ដល់ ៦ម៉ឺនម៉ែត្រគូប ទៅ៨ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ។ គម្រោងអភិវឌ្ឍន៍ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកកខ្វក់ និងទឹកភ្លៀងក្នុងក្រុងព្រះសីហនុនេះ គ្រោងចំណាយជាង១៧០លានដុល្លារ ដែលមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)៕ 
 

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី២ នៅក្រុងព្រះសីហនុ ដែលមានសមត្ថភាពសម្អាតទឹកកខ្វក់ បាន ៧ ២០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ រូបថត៖ MoE

 

Tag:
 បរិស្ថាន
  ប្រព្រឹត្តកម្មទឹកកខ្វក់
  ព្រះសីហនុ
  លោក គួច ចំរើន​
© រក្សាសិទ្ធិដោយ thmeythmey.com