ជាតិ
​​​ន​យោ​បាយ​ជាតិ​
អនាគតបេក្ខជននាយករដ្ឋមន្រ្តី គាំទ្រអនាគតបេក្ខជននាយករដ្ឋមន្រ្តី
06, Dec 2021 , 2:31 pm        
រូបភាព
លោក ហ៊ុន មា៉ណែត (ស្ថិតក្នុងឯកសណ្ឋានយោធា) និង លោក អូន ព័ន្ធមុនីរ័ត្ន ដែលក្នុងថ្ងៃអនាគត លោកទាំងពីរ នឹងឈរជាបេក្ខជននាយករដ្ឋមន្រ្តីកម្ពុជា។ រូបលោក ហ៊ុន ម៉ាណែត ពីទំព័រហ្វេសប៊ុករបស់លោក, រូបលោក អូន ព័ន្ធមុនីរ័ត្ន ពីទំព័រហ្វេសប៊ុកក្រសួងសេដ្ឋកិច្ច។
លោក ហ៊ុន មា៉ណែត (ស្ថិតក្នុងឯកសណ្ឋានយោធា) និង លោក អូន ព័ន្ធមុនីរ័ត្ន ដែលក្នុងថ្ងៃអនាគត លោកទាំងពីរ នឹងឈរជាបេក្ខជននាយករដ្ឋមន្រ្តីកម្ពុជា។ រូបលោក ហ៊ុន ម៉ាណែត ពីទំព័រហ្វេសប៊ុករបស់លោក, រូបលោក អូន ព័ន្ធមុនីរ័ត្ន ពីទំព័រហ្វេសប៊ុកក្រសួងសេដ្ឋកិច្ច។
មិនខុសពីអ្នកដទៃ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានប្រកាសគាំទ្រលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឈរជាបេក្ខជននាយករដ្ឋមន្រ្តីកម្ពុជានាពេលអនាគត។ លោក អូន ព័ន្ធមុនីរ័ត្ន គឺជាឥស្សរជនម្នាក់ ដែលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ពេញចិត្តខ្លាំង ហើយលោក ជាតួអង្គពិសេសមួយ ដែលសម្តេច ធ្លាប់បង្ហើបថា អាចឈរជាបេក្ខជននាយកមន្រ្តីនាពេលអនាគតដែរ។



អត្ថបទទាក់ទង

លោក អូន ព័ន្ធមុនីរ័ត្ន បានចេញញត្តិក្នុងនាមជាសមាជិកគណៈអចិន្រៃ្តយ៍គណបក្សប្រជាជនកម្ពុជា ក្នុងការគាំទ្រលោក ហ៊ុន ម៉ាណែត។ លោក បានលើកតម្កើងលោក ហ៊ុន ម៉ាណែត ថា ជាបុគ្គលដ៏ឆ្នើម ដែលបានឆ្លងកាត់ការសិក្សាខ្ពង់ខ្ពស់ និង បានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ។ លោក បន្តថា លោក ហ៊ុន ម៉ាណែត ទទួលបានការគោរពស្រឡាញ់ពីសំណាក់ប្រជាពលរដ្ឋ មន្រ្តីរាជការ និង កងកម្លាំងប្រដាប់អាវុធ។

តាមរយៈញត្តិគាំទ្ររបស់ខ្លួន លោក អូន ព័ន្ធមុនីរ័ត្ន ដែលមានគោរមងារជាអគ្គបណ្ឌិតសភាចារ្យ បានបង្ហាញជំនឿថា៖«ឯកឧត្តម ហ៊ុន ម៉ាណែត មានសមត្ថភាព និងពេញលក្ខណសម្បត្តិ ជាអនាគតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រក្សាបាននូវបូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាពសង្គម-សេដ្ឋកិច្ច នាំមកនូវវឌ្ឍនភាព និង សុភមង្គលជូនប្រជាជនកម្ពុជា ព្រមទាំងលើកកម្ពស់កិត្យានុភាពជាតិយើង ឲ្យកាន់តែល្បីល្បាញក្នុងតំបន់ និងសាកលលោក»។

មួយឆ្នាំមុន គឺកាលពីខែធ្នូ ឆ្នាំ២០២០ សម្តេច ហ៊ុន សែន ប្រកាសថា ក្រៅពីលោក ហ៊ុន ម៉ាណែត លោក អូន ព័ន្ធមុនីរ័ត្ន ក៏អាចជាបេក្ខជននាយករដ្ឋមន្រ្តីម្នាក់របស់គណបក្សប្រជាជនកម្ពុជាដែរ។ ហេតុផលចម្បង ដែលសម្តេចនាយករដ្ឋមន្រ្តី អះអាងថា លោក អូន ព័ន្ធមុនីរ័ត្ន អាចនឹងមានឱកាសឈរជាបេក្ខជននាយករដ្ឋមន្រ្តី គឺដោយសារលោកនៅវ័យក្មេង។ សព្វថ្ងៃលោក មានវ័យ៥៦ឆ្នាំ។ ម្យ៉ាងទៀត សម្តេច ក៏ពេញចិត្តនឹងសមត្ថភាពរបស់លោកដែរ។ គេ ដឹងថា លោក ត្រូវបានសម្តេច បណ្តុះបណ្តាលតាំងពីនៅជាជំនួយការរបស់សម្តេចមកម្ល៉េះ។ ចំណែកមន្រ្តីជាន់ខ្ពស់ផ្សេងទៀត ដែលគ្មានឱកាសអាចឈរជាបេក្ខជននាយករដ្ឋមន្រ្តី គឺដោយសារពួកគេ មានវ័យចំណាស់។

ក្នុងចំណោមឧបនាយករដ្ឋមន្រ្តីកម្ពុជាទាំង១១រូប មានឧបនាយករដ្ឋមន្រ្តី៩រូបហើយ ដែលចេញមកប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត។ ក្រៅពីលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី៧រូបទៀត ដែលគាំទ្រលោក ហ៊ុន ម៉ាណែត រួមមាន សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិ សម្តេច គង់ សំអុល ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និង សំណង់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការបរទេស លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី អ្នកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។

សម្តេច គង់ សំអុល លោក ជា សុផារ៉ា លោក ប្រាក់ សុខុន លោក ប៊ិន ឈិន លោក យឹម ឆៃលី គឺគាំទ្រលោក ហ៊ុន ម៉ាណែត តាមរយៈការចេញញត្តិក្នុងនាមជាសមាជិកគណៈអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា ដូចលោក អូន ព័ន្ធមុនីរ័ត្នដែរ។ អ្នកស្រី ម៉ែន សំអន គាំទ្រតាមរយៈញត្តិ ដែលចេញក្នុងនាមអ្នកស្រី ជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា។ សម្តេច ទៀ បាញ់ គាំទ្រដោយការបង្ហោះសារលើទំព័រហ្វេសប៊ុក។ បន្ថែមពីនេះ ក្រសួងការពារជាតិរបស់សម្តេច ទៀ បាញ់ បានចេញញត្តិគាំទ្រដែរ ដែលញត្តិនោះ តំណាងឲ្យមន្រ្តី និងកងកម្លាំងប្រដាប់អាវុធគ្រប់រូបក្នុងក្របខ័ណ្ឌក្រសួងការពារជាតិ។ ចំពោះលោក យឹម ឆៃលី វិញ គេ ហាក់ពុំបានឃើញលោក ចេញលិខិត ឬញត្តិគាំទ្រក្នុងនាមខ្លួនលោកផ្ទាល់ឡើយ តែអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់លោក បានចេញសេចក្តីប្រកាសគាំទ្រ ដែលតំណាងឲ្យមន្រ្តីទាំងអស់របស់អាជ្ញាធរជាតិមួយនេះ។ 

ឧបនាយករដ្ឋមន្រ្តីទាំង១១រូប សុទ្ធតែជាសមាជិកគណៈអចិន្ត្រៃយ៍ ដែលជាអង្គការចាត់តាំងកំពូលនៃគណបក្សប្រជាជនកម្ពុជា។ គណៈអចិន្រៃ្តយ៍គណបក្សប្រជាជនកម្ពុជា មានសមាជិកតែជាង៣០នាក់ប៉ុណ្ណោះ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានគណបក្ស សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ជាប្រធានកិត្តិយសគណបក្ស សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាអនុប្រធានគណបក្សទាំង២។ សម្តេចទាំង៤ ក៏ជាសមាជិកគណៈអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជាដែរ។

ក្រៅពីមានអ្នកខ្លះ ចេញញត្តិគាំទ្រក្នុងនាមជាសមាជិកគណៈអចិន្រ្តៃយ៍រៀងៗខ្លួនហើយ គណៈអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា ក៏បានចេញញត្តិជារួមផងដែរ ដើម្បីគាំទ្រលោក ហ៊ុន ម៉ាណែត។ ញត្តិរបស់គណៈអចិន្រៃ្តយ៍ គឺចេញ និងចុះហត្ថលេខាដោយសម្តេច សាយ ឈុំ។ គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា លើកឡើងថា លោក ហ៊ុន ម៉ាណែត ជាបុគ្គលឆ្នើមគ្រប់លក្ខណៈ ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា កត់សម្គាលឃើញថា លោក ហ៊ុន ម៉ាណែត មានសមត្ថភាព មានសីលធម៌ល្អ មានការកោតសរសើរ មានការគោរពស្រឡាញ់ពីមន្រី្ត និងកងកម្លាំងជាច្រើន។

ក្នុងពិធីសម្ពោធសមិទ្ធផលនានារបស់ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្តេច ហ៊ុន សែន ក្នុងនាមជាឪពុក បានប្រកាសគាំទ្រយ៉ាងពេញទំហឹងឲ្យលោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បង ឈរជាបេក្ខជននាយករដ្ឋមន្រ្តី១រូប ក្នុងចំណោមបេក្ខជនផ្សេងទៀតរបស់គណបក្សប្រជាជនកម្ពុជា។ បន្ទាប់មក កងកម្លាំងប្រដាប់អាវុធ មន្រ្តីស៊ីវិល រដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី និង ប្រជាពលរដ្ឋ ដែលមានសមានចិត្តជាមួយរដ្ឋាភិបាល ក៏បានបង្ហាញការគាំទ្រតាមបណ្តាញសង្គមយ៉ាងព្រោតព្រាតលើលោក ហ៊ុន ម៉ាណែត។  

បច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត ដែលមានវ័យ៤៤ឆ្នាំ កាន់តួនាទីជាច្រើនក្នុងជួរកងទ័ព រួមមាន ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ជាមេបញ្ជាការនៃកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និង ជាមេបញ្ជាការរងនៃកងអង្គរក្សនាយករដ្ឋមន្រ្តី។ នៅក្នុងបក្សវិញ លោក គឺជាសមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានយុវជនថ្នាក់កណ្តាល។ ប្រធានយុវជនថ្នាក់កណ្តាល គឺជាតំណែងខ្ពស់បំផុត ក្នុងការគ្រប់គ្រងយុវជនគណបក្សប្រជាជនកម្ពុជា។ លោក រៀនចប់ថ្នាក់បណ្ឌិតផ្នែកយោធាពីសហរដ្ឋអាម៉េរិក។

ថ្វីបើសម្តេច ប្រកាសពីតួអង្គលោក អូន ព័ន្ធមុនីរ័ត្ន និងបង្ហើបពីអ្នកដទៃក្នុងគណបក្សប្រជាជនកម្ពុជា ដែលអាចប្រជែងយកតំណែងរបស់សម្តេចក្តី តែមនុស្សភាគច្រើន នៅតែមើលឃើញលោក ហ៊ុន ម៉ាណែត ជាជនអាទិភាពមុនគេនិងលើសគេដដែល។ គេ អាចនឹងយល់ទៀតថា ការបង្ហាញតួអង្គផ្សេងបែបនេះ គឺដើម្បីកុំឲ្យមើលទៅឃើញតែលោក ហ៊ុន ម៉ាណែត ម្នាក់ឯង ដែលជាហេតុនាំឲ្យមានការរិះគន់ថា សម្តេច រៀបចំផ្ទេរតំណែងឲ្យកូន។

យ៉ាងណាក៏ដោយ ប្រជាជនកម្ពុជា មិនដឹងមានវាសនាបានឃើញមេដឹកនាំថ្មីនៅពេលណាឡើយ ខណៈសម្តេច ហ៊ុន សែន ម្តងប្រកាសថា កាន់តំណែងជានាយករដ្ឋមន្រ្តីក្នុងរយៈពេលបួនដប់ឆ្នាំទៀត និងម្តងប្រកាសថា កាន់តំណែងនេះដោយគ្មានពេលកំណត់៕

Tag:
 ហ៊ុន ម៉ាណែត
  អូន ព័ន្ធមុនីរ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com