ជាតិ
សេដ្ឋកិច្ច
ផ្លូវជាតិលេខ១១និងផ្លូវក្រុងព្រៃវែង តម្លៃជាង១០០លានដុល្លារក្រោមជំនួយចិន ត្រូវបានដាក់ឱ្យប្រើជាផ្លូវការ
06, Dec 2021 , 8:59 pm        
រូបភាព
 ផ្លូវជាតិលេខ១១ ដែលភ្ជាប់ពីខេត្តព្រៃវែង ទៅត្បូងឃ្មុំ ត្រូវបានដាក់ឱ្យប្រើជាផ្លូវការ នាថ្ងៃទី៦ធ្នូ ឆ្ណាំ២០២១។ រូបថត៖ MPWT
ផ្លូវជាតិលេខ១១ ដែលភ្ជាប់ពីខេត្តព្រៃវែង ទៅត្បូងឃ្មុំ ត្រូវបានដាក់ឱ្យប្រើជាផ្លូវការ នាថ្ងៃទី៦ធ្នូ ឆ្ណាំ២០២១។ រូបថត៖ MPWT
ភ្នំពេញ៖ ផ្លូវជាតិលេខ១១ ភ្ជាប់ពីអ្នកលឿងនៃខេត្តព្រៃវែងទៅផ្លូវជាតិលេខ៧ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងផ្លូវក្នុងក្រុងព្រៃវែង ដែលមានប្រវែងសរុប៩៦,៤៨គីឡូម៉ែត្រ ក្នុងតម្លៃជាង១០០លានដុល្លារ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី៦ធ្នូ។ បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ​និងដឹកជញ្ជូន  ថវិកាដែលសាងសង់ផ្លូវនេះ មាន៩៨,៣៨លានដុល្លារ ជាហិរញ្ញប្បទានសម្បទានរបស់រដ្ឋាភិបាលប្រទេសចិន និងជាង១០លានដុល្លារទៀត​ ជាថវិកាបដិភាគរបស់កម្ពុជា។

 
កម្ពុជា សម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង ប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ដែលភ្ជាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ១) ស្ថិតនៅភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៦ធ្នូ ឆ្នាំ២០២១។ សមិទ្ធផលថ្មីនេះ​ គឺស្ថិតនៅក្រោមហិរញ្ញប្បទានសម្បទាន ឥតសំណងរបស់រដ្ឋាភិបាលប្រទេសចិនចំនួន៩៨,៣៨លានដុល្លារ និងជាង១០លានដុល្លារទៀត ជាថវិកាបដិភាគរបស់កម្ពុជា សម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្នុងអំឡុងពេលសាងសង់ផ្លូវ។ នេះបើតាមការលើកឡើងរបស់លោក ស៊ុន ចាន់ថុល។ 
 
លោក ស៊ុន ចាន់ថុល បានរៀបរាប់ថា ផ្លូវជាតិលេខ១១នេះជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូAC ដែលមានកម្រាស់៥សង់ទីម៉ែត្រ លើកកម្ពស់និងពង្រីកទទឹងផ្លូវពី៩ម៉ែត្រទៅ១១ម៉ែត្រ ដោយក្រាលស្រទាប់គ្រឹះទាំងលើ និងក្រោមកម្រាស់ ៦០សង់ទីម៉ែត្រ។ រីឯ ទទឹងតួផ្លូវមានប្រវែងពី៧ទៅ១១ម៉ែត្រ សម្រាប់រថយន្តចរាចរណ៍ ដែលចែកជា២គន្លង។ 


 លោក ស៊ុន ចាន់ថុល កំពុងថ្លែងក្នុងពិធីដាក់ឱ្យប្រើផ្លូវជាតិលេខ១១ដែលតភ្ជាប់ពីខេត្តព្រៃវែង ទៅត្បូងឃ្មុំ នៅថ្ងៃទី៦ធ្នូ។
 
បើតាមលោក ស៊ុន ចាន់ថុល ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដែលប្រើពេលសាងសង់ ចំនួន៤៤ខែ។ ប៉ុន្តែ រដ្ឋមន្រ្តីសាធារណការរូបនេះ បានបញ្ជាក់នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលហេដ្ឋារចនាសម័្ពន្ធជាផ្លូវការ នៅថ្ងៃទី៦ធ្នូ ថាការសាងសង់ផ្លូវនេះជាក់ស្តែង គឺប្រើពេលត្រឹមតែ៣០ខែប៉ុណ្ណោះ ដោយគិតចាប់ថ្ងៃទី១៩ធ្នូ ឆ្នាំ២០១៧ និងបញ្ចប់នៅថ្ងៃទី១៧មិថុនា ឆ្នាំ២០២០ ដែលលឿនជាងផែនការគ្រោងទុករហូតដល់១៤ខែ។
 
លោកស៊ុន ចាន់ថុល បន្តអះអាងថា ផ្លូវជាតិលេខ១១នេះ នឹងក្លាយជាខ្សែផ្លូវដ៏មានសក្តានុពលតភ្ជាប់ទំនាក់ទំនងរូបវន្ត ស្ថាប័ន និងប្រជាជន រវាងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ជាមួយនឹងរាជធានី-ខេត្តផ្សេងៗដទៃទៀត និងជាផ្លូវមួយដែលជួយសម្រួលដល់ចរាចរណ៍នៃសេវាដឹកជញ្ជូនជាច្រើនរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុនធុរកិច្ចនានា ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ កាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។ 
 
«ផ្លូវនេះត្រូវបានចាត់ទុកថាជាសរសៃឈាម និងដង្ហើមសេដ្ឋកិច្ចដ៏រស់រវើករបស់ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ និងជាផ្នែកមួយយ៉ាងសំខាន់រួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា ដោយសំដៅទាញយកអត្ថប្រយោជន៍ ឱ្យបានច្រើនលើសលប់ពីសមាហរណកម្មផ្ទៃក្នុង និងតំបន់»។ នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ដោយបន្ថែមថា​ ផ្លូវជាតិលេខ១១ ក៏ជាខ្សែផ្លូវតភ្ជាប់រវាងផ្លូវរបៀងសេដ្ឋកិច្ចពីរដ៏មានសក្តានុពលរបស់មហាអនុតំបន់មេគង្គ រួមមាន៖ ១៖ ផ្លូវអាស៊ានហាយវ៉េយ(AH1) តភ្ជាប់ពីព្រំដែនកម្ពុជា-ថៃ(ប៉ោយប៉ែត) តាមផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-វៀតណាមនៅច្រកបាវិត ដែលភ្ជាប់ផ្លូវជាតិលេខ១១ ត្រង់ចំណុច អ្នកលឿង និង ២៖ ផ្លូវអាស៊ានហាយវ៉េ(AH11) តភ្ជាប់ពីព្រំដែនកម្ពុជា-ឡាវ កាត់តាមផ្លូវជាតិលេខ៧ ភ្ជាប់ទៅនឹងផ្លូវជាតិលេខ៦ ត្រង់ស្ពានព្រែកតាមាក់ ឆ្លងកាត់រាជធានីភ្នំពេញ និងចុះទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តាមផ្លូវជាតិលេខ៤.


 លោក វ៉ាង វិនធាន អគ្គឯករដ្ឋទូតចិនប្រចាំកម្ពុជា កំពុងថ្លែងក្នុងពិធីដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ នាថ្ងៃទី៦ធ្នូ។ រូបថត៖ MPWT
 
បើតាមលោក វ៉ាង វិនធាន អគ្គឯករដ្ឋទូតចិនប្រចាំកម្ពុជា ប្រទេសចិនបានជួយកសាងផ្លូវថ្នល់ឱ្យកម្ពុជា បានប្រវែងជាង៣០០០គីឡូម៉ែត្រ រួមជាមួយស្ពាន់មិត្តភាពកម្ពុជា-ចិនបានចំនួន៦កន្លែងផងដែរ។ លោកបាននិយាយដូច្នេះ«ភាគីចិននឹងបន្តជួយកសាងផ្លូវថ្នល់និងស្ពានជូនកម្ពុជា។ ជួយកម្ពុជាឱ្យសម្រេចបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងកែលម្អរកម្រិតជីវភាពរបស់រស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា»៕​

Tag:
 ផ្លូវ
  ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com