ជាតិ
សេដ្ឋកិច្ច
កម្ពុជា នឹងអាចនាំមៀនប៉ៃលិន និងត្រីប្រា ចូលទីផ្សារប្រទេសចិន នៅឆ្នាំ២០២២
06, Dec 2021 , 5:16 pm        
រូបភាព
ភ្នំពេញ៖ មៀនប៉ៃលិន និងត្រីប្រារបស់កម្ពុជា នឹងនាំចូលទីផ្សារប្រទេសចិនបាន ក្នុងអំឡុងឆ្នាំ២០២២។ លោក វ៉ាង វិនធាន បានថ្លែងដូច្នេះ នៅចំពោះមុខសម្តេច ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង ​នាព្រឹកថ្ងៃទី៦ធ្នូ។

 
បើតាមលោក វ៉ាង វិនធាន ភាគីចិនបានសម្រេចចិត្តក្នុងសិក្សា និងវិភាគហានិភ័យលើផ្លែមៀន និងត្រីប្រារបស់កម្ពុជា តាមរយៈវីដេអូពីចម្ងាយដែលជាវិធានការសំខាន់មួយ ដើម្បីអនុវត្តកុងសង់ស៊ីស ក្នុងការប្រជុំតាមរយៈប្រព័ន្ធវីដេអូ រវាងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីសាធារណប្រជាមានិតចិន ជាមួយសម្តេច ហ៊ុន សែន នាពេលកន្លងមក។  ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជារូបនេះ បាននិយាយដូច្នេះ៖ «ប្រសិនបើរលូនផ្លែមៀនកម្ពុជា នឹងអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិននាពេលរដូវប្រមូលផលលើកក្រោយ។  រីឯត្រីប្រាវិញ នឹងនាំចេញទៅកាន់ប្រទេសចិនក្នុងពេលដ៏ខ្លីខាងមុខ»។


 លោក វ៉ាង វិនធាន អគ្គឯករដ្ឋទូតចិនប្រចាំកម្ពុជា កំពុងថ្លែងក្នុងពិធីដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ នាថ្ងៃទី៦ធ្នូ។ រូបថត៖ MPWT
 
​ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានលើកឡើងថា អ្នកចិញ្ចឹមត្រីប្រា និងអ្នកដាំដុះមៀនប៉ៃលិន គឺនឹងមានទីផ្សារប្រទេសចិនដ៏ធំសម្រាប់នាំចេញ ប៉ុន្តែការនាំចេញទាំងនេះត្រូវធានាពីគុណភាព។ បើតាមសម្តេច ប្រសិនបើដូចផែនការមែននោះ ទីផ្សារចិនដ៏ធំមួយនេះ នឹងជំរុញឱ្យមានការលើកទឹកចិត្តចិញ្ចឹមត្រីប្រា កាន់តែច្រើនក្នុងប្រទេសកម្ពុជា និងជំរុញការដាំដុះ ឬថែទាំផ្លែមៀនប៉ៃលិនបន្ថែម​ សម្រាប់នាំទៅប្រទេសចិន ដោយត្រង់។ 
 
សម្តេច ហ៊ុន សែន និយាយដូច្នេះ៖ «ត្រីប្រា[របស់កម្ពុជា]នឹងអាចបង្ហាញវត្តមាននៅលើតុទទួលទានអាហាររបស់ប្រជាជនចិន ដ៏ខ្លីខាងមុខ។ នេះជាការសង្ឃឹមរបស់យើង»។    
 
បើតាមលោក ពុំ សុថា ​ប្រធានរដ្ឋភិបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខាងរដ្ឋបាលគយនៃប្រទេសចិន គឺបានអនុញ្ញាតឱ្យចូលនាំត្រីពីកម្ពុជាហើយ ប៉ុន្តែការនាំចូលនោះ គឺត្រូវគោរពតាមលក្ខខណ្ឌតម្រូវមួយចំនួន។  លក្ខខណ្ឌតម្រូវទាំងនោះ គឺភាគីចិនផ្តោតលើគុណភាពស្រះក្នុងការចិញ្ចឹមត្រី  និងទីកន្លែងកែច្នៃ រួមទាំងកន្លែងវេចខ្ចប់ត្រី។ នេះជាការលើកឡើងរបស់លោក សុថា​ ដោយបាននិយាយប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទ នារសៀលថ្ងៃទី៦ធ្នូ ថា ​៖ « ខែក្រោយនេះ[ខែមករាឆ្នាំ២០២២] ខាងគយចិននឹងប្រជុំជាមួយយើងតាមប្រព័ន្ធអនឡាញតែម្តង។ ការប្រជុំនោះ​ខាងចិននឹងពិនិត្យមើលរោងចក្រកែច្នៃត្រីយើង , កន្លែងឡើងផលនេសាទយើង និងកន្លែងដែលយើងចិញ្ចឹមត្រីប្រា ឬកន្លែងវារីវប្បកម្មតែម្តង​»។ 
 
ប្រធានរដ្ឋបាលជលផលរូបនេះបានអះអាង ដូច្នេះ៖ «បើខាងគយចិនទទួលយក[លក្ខខណ្ឌតម្រូវ]បានហើយ នោះបានយើងក្នុងនាមរដ្ឋបាលជលផល បានផ្សព្វផ្សាយឱ្យពលរដ្ឋចិញ្ចឹមត្រីប្រាបន្ថែមដើម្បីទៅទីផ្សារប្រទេសចិន»។ 
 
សូមរម្លឹកថា វារីប្បករនៅកម្ពុជា ពិសេសក្រុមអ្នកចិញ្ចឹមត្រីប្រា បានជួបវិបត្តិទីផ្សារតាំងចុងឆ្នាំ២០២០មក ដែលមកពីការរាលដាលនៃជំងឺកូវីដ-១៩ខណៈត្រីប្រាក្នុងស្រុក​ក៏មិនប្រកួតប្រជែងតម្លៃជាមួយត្រីដែលនាំចូលពីប្រទេសវៀតណាម បានផងដែរ។ រីឯដំណាំមៀនប៉ៃលិនវិញ  ជាង​៨​ឆ្នាំ​មកហើយ ​ដែល​ប្រជាកសិករ និង​សហគមន៍ ដាំ​មៀន​ប៉ៃលិន (​ឬ តា​ងែ​ន​) នាំ​ទៅ​ទីផ្សារ​ប្រទេស​ចិន តាមរយៈ​ថៃ​ដោយ​ជ្រក​ក្រោម​និ​មិ្ម​ត​សញ្ញាឬ​ពាក្យProduced in Thailand​។
 
ជា​រៀងរាល់ឆ្នាំ មៀន​ប៉ៃលិន ត្រូវបាន​ប្រជា​សហគមន៍​ដឹកជញ្ជូន​ទៅ​ប្រទេស​ថៃ​តាម​ច្រករបៀង​ក្នុង​ខេត្តបាត់ដំបង បានត្រឹមតែ​៨​ពាន់​តោន​ប៉ុណ្ណោះ​នាំទៅ​ចិន ខណៈ​លទ្ធភាព​ក្នុងការ​ផលិត​បាន​រហូត​២,៥​ម៉ឺន​តោន​។ ប៉ុន្តែសម្រាប់រដូវប្រមូលផលមៀនប៉ៃលិននាឆ្នាំ២០២១ ត្រូវបានជួបបញ្ហាទីផ្សារព្រោះតែភាគីប្រទេសថៃមិនអនុញ្ញាតឱ្យនាំចូលដូចសព្វដង។ បញ្ហទីផ្សារ សម្តេច ហ៊ុន សែន ក៏បានអន្តរាគមន៍ទីផ្សារខ្លី(ក្នុងរយៈពេលមួយខែ)ជូនដល់កសិករ ផងដែរ។  
 
បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះតាង៉ែនទូទាំងប្រទេស សរុប ១៣,៦០៨ហិកតា នៅក្នុងខេត្តចំនួន១៤ ។ ដោយឡែក ខេត្តដែលមានកសិករដាំដុះប្រភេទនេះច្រើនជាងគេ គឺខេត្តប៉ៃលិន បាត់ដំបង រតនៈគិរី និងបន្ទាយមានជ័យ។ ក្នុងចំណោមផ្ទៃដីដាំដុះមៀនប៉ៃលិនឬតាង៉ែនជាង១,៣ម៉ឺនហិកតានេះ គឺមាន៦,៩២៧ហិកតា​ ដែលកសិករត្រូវទទួលបានទិន្នផលនៅក្នុងឆ្នាំ២០២១​។ បើតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានបន្ថែមថា ទិន្នផលនៃផ្លែតាង៉ែន បើគិតជាមធ្យមមានចំនួន១៦តោន ក្នុងផ្ទៃដីមួយហិកតា៕ 

អត្ថបទទាក់ទង

 

Tag:
 កសិក​ម្ម
  មៀនប៉ៃលិន
  ត្រីប្រា
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com