ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះមហាក្សត្រ ប្រទានព្រះភ្លើង រំលាយព្រះសព សម្ដេចក្រុមព្រះ
08, Dec 2021 , 10:07 am        
រូបភាព
ភ្នំពេញ៖ ព្រះសព សម្ដេច នរោត្តម រណឫទ្ធិ បានដង្ហែទៅដល់មេរុ នៅខាងមុខវត្តបទុមវតីរាជវរាម ដើម្បីធ្វើពិធីបូជា នៅព្រឹកថ្ងៃទី៨ ធ្នូ ក្រោមព្រះរាជធិបតីភាពព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្ដេច មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ ព្រះមហាក្សត្រ ប្រទានព្រះភ្លើងរំលាយព្រះសព សម្ដេចក្រុមព្រះ។

 
ក្នុងថ្ងៃបូជាព្រះសព សម្ដេចក្រុមព្រះ ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រនេះដែរ ប្រមុខរាជរដ្ឋាភិបាល បានប្រាប់ឱ្យគ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរដ្ឋ និងឯកជនទាំងអស់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាល នៃដងទង់ជាតិ។  ចំណែកស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ផ្អាកការសម្តែង និងចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង នៅថ្ងៃកាន់ទុក្ខព្រះសពផងដែរ។
 
 
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានប្រឡូកនយោបាយ នៅឆ្នាំ១៩៨៩ ក្នុងតួនាទីអគ្គលេខាធិការគណបក្សហ្វ៊ុនស៊ិនប៉ិច មុននឹងឡើងជាប្រធានបក្សនៅឆ្នាំ១៩៩២ ។ ក្រោយគណបក្សហ្វ៊ុនស៊ិនប៉ិចឈ្នះឆ្នោត ព្រះអង្គក្លាយជានាយករដ្ឋមន្ត្រីទីមួយនៃកម្ពុជា ពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៧ ។ ព្រះអង្គ ក៏ធ្លាប់ធ្វើជាប្រធានរដ្ឋសភាចន្លោះឆ្នាំ១៩៩៨ ដល់ងឆ្នាំ២០០៦ដែរ។ ព្រះអង្គក៏ជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រផងដែរ។


 
ព្រះអង្គម្ចាស់ នរោត្ត រណឫទ្ធិ ប្រសូតនៅថ្ងៃទី២ មករា ឆ្នាំ១៩៤៤។ ព្រះអង្គបានបញ្ចប់បរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតផ្នែកច្បាប់សាធារណៈ នៅក្នុងឆ្នាំ១៩៦៨ ឆ្នាំ១៩៦៩ នៅឆ្នាំ១៩៧៥ ពីសកលវិទ្យាល័យប្រូវេន (Provence) ប្រទេសបារាំង។ ព្រះអង្គក៏ធ្លាប់ធ្វើជាសាស្ត្រាចារ្យរងបង្រៀនមុខវិជ្ជាច្បាប់រដ្ឋធម្មនុញ្ញនិងសង្គមនយោបាយ នៅទីនោះផងដែរ។


 
ព្រះអង្គម្ចាស់ រណឫទ្ធិ មានបងប្អូនសរុប ១២ នាក់ដែលមកពីមាតាផ្សេងៗគ្នា ជាមួយសម្ដេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ មានតែនរោត្តម បុប្ផាទេវី(ចូលទីវង្គត កាលពីខែវិច្ឆិកា ឆ្នាំ២០១៩)ទេ ដែលជាបងបង្កើតតែមួយគត់របស់ព្រះអង្គ ចេញពីឧទរអ្នកម្នាង ផាត់ កាញ៉ុល និងសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។






 
ព្រះអង្គ រណឫទ្ធិ បានរៀបអភិសេភជាមួយអ្នកម្នាង អេង ម៉ារី ដែលជាភរិយាដំបូងរបស់ព្រះអង្គនៅដើមឆ្នាំ១៩៦៨។ ព្រះអង្គ និងអ្នកម្នាង អេង ម៉ារី មានបុត្របីអង្គ ព្រះនាម ចក្រាវុឌ្ឍ (ប្រសូតឆ្នាំ១៩៧០), សីហឫទ្ធិ (ប្រសូតឆ្នាំ១៩៧២) និងរតនាទេវី (ប្រសូតឆ្នាំ១៩៧៤)។ ព្រះអង្គក៏មានបុត្រាពីរអង្គទៀត ជាមួយអ្នកម្នាង អ៊ុក ផល្លា (មរណភាពនៅឆ្នាំ២០១៨) ដែរ ព្រះនាម សុធារិទ្ធ (ប្រសូតឆ្នាំ២០០៣) និងរ៉ាណាវង្ស (ប្រសូតឆ្នាំ២០១១)៕

© រក្សាសិទ្ធិដោយ thmeythmey.com