ជាតិ
សេដ្ឋកិច្ច
លោក អូន ព័ន្ធមុនីរ័ត្ន៖ ធុរកិច្ចថ្មី “Startup” និង SME រួមចំណែក​ស្តារកំណើនសេដ្ឋកិច្ច និងកិច្ចអភិវឌ្ឍសង្គម​កម្ពុជា
08, Dec 2021 , 9:59 pm        
រូបភាព
លោក អូន ព័ន្ធ មុនីរ័ត្ន កំពុងថ្លែងក្នុងពិធីប្រកាសដាក់ដំណើរជាផ្លូវការកម្មវិធីថ្នាក់ជាតិស្តីពី «ធុរកិច្ចថ្មីកម្ពុជា» នាព្រឹកថ្ងៃទី៨ធ្នូ
លោក អូន ព័ន្ធ មុនីរ័ត្ន កំពុងថ្លែងក្នុងពិធីប្រកាសដាក់ដំណើរជាផ្លូវការកម្មវិធីថ្នាក់ជាតិស្តីពី «ធុរកិច្ចថ្មីកម្ពុជា» នាព្រឹកថ្ងៃទី៨ធ្នូ
ភ្នំពេញ៖ ការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដែលមានបរិស្ថានរស់រវើកសម្រាប់ការបង្កើនល្បឿននូវការលូតលាស់ធុរកិច្ចថ្មី (Startup) និងសហគ្រាសធុនតូច និងមធ្យម(SME) គឺជាខ្នោះសំខាន់មួយក្នុងការចូលរួមចំណែក​ដល់ការស្តារនិងការលើកកម្ពស់កំណើនសេដ្ឋកិច្ច រួមទាំងកិច្ចអភិវឌ្ឍសង្គមកម្ពុជា។ នេះជាការលើកឡើងរបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 
ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជា បានដុះពន្លកតាំងពីឆ្នាំ២០១១មក ហើយបានចាប់ផ្តើម​មានសកម្មភាពគួរឱ្យកត់សម្គាល់នារយៈប្រមាណ៥ឆ្នាំចុងឆ្នាំនេះ។  ប៉ុន្តែ ការរីកចម្រើននេះ ក៏ត្រូវបានរងផលប៉ះពាល់ពីរាលដាលនៃជំងឺកូវីដ-១៩ ដែលទាមទារឱ្យមានយុទ្ធការគាំទ្របន្ថែមទៀត ទាំងពីវិស័យសាធារណនិងឯកជន ដើម្បីឱ្យជាប្រព័ន្ធអេកូឡូស៊ីមួយរឹងមាំ រស់រវើក ពេញលេញ និងប្រទាក់ប្រឡាគ្នាទៅវិញទៅមកគ្រប់ភាគីពាក់ព័ន្ធ។ លោក អូន ព័ន្ធ មុនីរ័ត្ន បានលើកឡើងដូច្នេះនៅក្នុងពិធីប្រកាសដាក់ដំណើរជាផ្លូវការនូវកម្មវិធីថ្នាក់ជាតិស្តីពី «ធុរកិច្ចថ្មីកម្ពុជា» នាព្រឹកថ្ងៃទី៨ធ្នូ ឆ្នាំ២០២១។
 
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរូបនេះ បានបញ្ជាក់ថា៖ «ការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដែលមានបរិស្ថានរស់រវើក សម្រាប់ការបង្កើនល្បឿននូវការលូតលាស់ទាំងធុរកិច្ចថ្មី​ ទាំងសហគ្រាសធុនតូច និងមធ្យម គឺជាខ្នោះសំខាន់មួយក្នុងការចូលរួមចំណែក​ដល់ការស្តារនិងការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងកិច្ចអភិវឌ្ឍសង្គមកម្ពុជា»។
 
លោក បានបន្តថា ដើម្បីឆ្លើយតបនឹងតម្រូវការនេះ រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាក់លាក់មួយចំនួនដែលជាផ្នែកមួយនៃជំហានចាប់ផ្តើម ជំរុញសេដ្ឋកិច្ចឌីជីថល និងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី។ ក្នុងនោះរួមមាន ការបង្កើតមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព, ការបង្កើតសហគ្រិនខ្មែរ​, ការបង្កើតមជ្ឈមមណ្ឌលបណ្តុះធុរកិច្ចថ្មី, ការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម, ការបង្កើត​បណ្ឌិត្យសភាបច្ចេកវិទ្យាកម្ពុជា, ការបង្កើតមជ្ឈមណ្ឌលជាតិបណ្តុះជាតិនៃធុរកិច្ចថ្មីកម្ពុជា និងការបង្កើតអនុក្រិតស្តីពីគ្រប់គ្រង​និងការលើកទឹកចិត្តធុរកិច្ចថ្មីឌីជីថល ជាដើម។ 
 
ជាក់ស្តែងនាថ្ងៃទី៨ធ្នូ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រេចដាក់ឲ្យដំណើរការជាផ្លូវការនូវកម្មវិធីថ្នាក់ជាតិស្តីពី «ធុរកិច្ចថ្មីកម្ពុជា» ដើម្បីគាំទ្រប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងធុរកិច្ចថ្មី តាមរយៈការពង្រឹងសហគ្រិនភាព និងការជំរុញធុរកិច្ចថ្មី ទាំងផ្នែកសមត្ថភាព និងធនធានហិរញ្ញវត្ថុ។ នេះបើតាមការលើកឡើងរបស់លោក អូន ព័ន្ធមុនីរ័ត្ន ដោយបានបញ្ជាក់ថា​ ភាពក្មេងខ្ចីនៃការអភិវឌ្ឍធុរកិច្ចថ្មីនៅកម្ពុជា គឺរឹតតែត្រូវការ​ប្រព័ន្ធអេកូឡូស៊ីថ្មីមួយ ដែលអាចជ្រោងឱ្យធុរជន នវានុវត្តន៍ជន និស្សិត  អាចបង្កើតធុរកិច្ចថ្មី និងមានឱកាសជោគជ័យខ្ពស់តាមរយៈការផ្តល់បំនិនសហគ្រិនភាព បច្ចេកទេស ការផ្តល់ទុន​ និងការទទួលបានលើកទឹកចិត្តពីរាជរដ្ឋាភិបាល ព្រមជាមួយកត្តាចំបាច់ផ្សេងទៀត។
 
លោក អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមថា ការដាក់ឱ្យកម្មវិធីថ្នាក់ជាតិស្តីពី «ធុរកិច្ចថ្មីកម្ពុជា»នេះ គឺធ្វើឡើងក្នុង ភ្ជាប់តួអង្គទាំងអស់ក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនិងពង្រឹងកិច្ចសហការរវាងគ្នានិងគ្នា តាមរយៈកម្មវិធីបែបសហគមន៍ និងថ្នាលឌីជីថល។ លើសពីនេះ នឹងពង្រឹងសហគ្រិនភាព និងបណ្តុះធុរកិច្ចថ្មី ដោយបំពេញមុខងារគាំទ្រ ឲ្យគ្នាទៅវិញទៅមករវាងតួអង្គក្នុងប្រព័ន្ធអេកូឡូស៊ីតាមយន្តការសហបង្កើតថ្មី។  ការផ្តល់ព័ត៌មានបែបវិទ្យាសាស្ត្រគ្រប់ជ្រុងជ្រោយ ទាក់ទងនឹងសហគ្រិនភាព ធុរកិច្ចថ្មី និងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ទាំងមូលតាមថ្នាលឌីជីថល និងជាវេទិកាជាតិមួយ ក្នុងការថ្ពក់ទៅនឹងកម្មវិធីស្រដៀងគ្នា របស់បណ្តាប្រទេសនានា៕ 

Tag:
 ធុរកិច្ចថ្មី
  SMEs
  លោក អូន ព័ន្ធមុនីរ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com