ជាតិ
សេដ្ឋកិច្ច
២៨ឆ្នាំមកនេះ បារាំងបានផ្តល់ថវិកាជាង១០០០លានដុល្លារដល់កម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម
09, Dec 2021 , 6:59 pm        
រូបភាព
ភ្នំពេញ៖ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) បានអនុវត្តលើគម្រោងនានាកម្ពុជាចំនួន៩២គម្រោង ​ដែលមានទំហំទឹកប្រាក់៩០០លានអឺរ៉ូ (ប្រមាណ១០០០លានដុល្លារអាម៉េរិក)។ នេះជាការលើកឡើងរបស់លោកស្រី អូហ្វេលី បួរីស នាយិកាទីភ្នាក់ងារ AFD ប្រចាំកម្ពុជា ដោយបានបញ្ជាក់ថា   បារាំងបានផ្តល់ហិរញ្ញ​ប្បទានប្រចាំឆ្នាំជាមធ្យមជាង១០០លានដុល្លារ នារយៈពេល៥ឆ្នាំចុងក្រោយនេះ។

 
ចាប់ពីឆ្នាំ១៩៩៣មក ទីភ្នាក់ងារAFD បានបំពេញការងារលើ៩២គម្រោង នៅកម្ពុជា ដោយមានទឹកតម្លៃទឹកប្រាក់ជាង១០០០លានដុល្លារអាម៉េរិក។ លោកស្រី អូហ្វេលី បួរីស បានលើកឡើងរបស់ដូច្នេះនៅក្នុងពិធីឱកាសខួប៨០ឆ្នាំនៃទីភ្នាក់ងារAFD នារាត្រីថ្ងៃទី៨ធ្នូ ឆ្នាំ២០២១។ បើតាមលោកស្រី បួរីស គម្រោងអភិវឌ្ឍនានា ដែលទីភ្នាក់ងារAFDអនុវត្តនៅកម្ពុជារួមមាន នៅលើវិស័យកសិកម្ម បរិស្ថាន កិច្ចគាំពារសង្គម ហេដ្ឋារចនាសម្ព័ន្ធ​ កីឡា វប្បធម៌ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាដើម។
«បច្ចុប្បន្ន យើងមានគម្រោងជាង៣០កំពុងដំណើរការ»។ នេះជាការលើកឡើងរបស់នាយិកាទីភ្នាក់ងារ AFDប្រចាំកម្ពុជា ដោយបន្តរៀបរាប់ថា​៖«យើងបានឃើញនូវកំណើនយ៉ាងលឿននៃការផ្តល់ហិរញ្ញប្បទានរបស់យើង»។ 
 
សព្វថ្ងៃ ទីភ្នាក់ងារAFD គឺជាអ្នកផ្តល់ហិរញ្ញប្បទានទ្វេភាគីអឺរ៉ុបទី១ និងជាអ្នកផ្តល់ហិរញ្ញប្បទានទ្វេភាគីទីបី បន្ទាប់ពីប្រទេសជប៉ុន និងកូរ៉េ។ លោកស្រី បួរីស បានបន្ថែមយ៉ាងដូច្នេះ។ 
 
ក្នុងថ្ងៃប្រារព្ធខួបទីលើក៨០ឆ្នាំនៃទីភ្នាក់ងារAFDនេះ លោកស្រី បួរីស  ក៏បានលើកឡើងពីសំឡេងរបស់ស្ត្រីកម្ពុជា ដែលមានលក្ខណៈបណ្តុះគំនិត និងកំពុងបំពេញការងារនៅក្នុងគម្រោងនានា ក្រោមការគាំទ្រពី ទីភ្នាក់ងារAFD ផងដែរ។ 
 
បើតាម លោកស្រី បួរីស ស្ត្រីខ្មែរមួយចំនួនទទួលបានអត្ថប្រយោជន៍ពីគម្រោង ឬជាអ្នកដាក់ឱគម្រោងដំណើរការណនៅតាមស្ថាប័ន ដែលខ្លួនបំពេញការងារ ដែលធ្វើសមភាពរវាងស្រ្តីនិងបុរសកំពុងធ្លាក់ចុះ ដែលពាក់ព័ន្ធនឹងការអប់រំ ការទទួលបានមុខតំណែងធំៗ ជាដើម។ «នេះហើយគឺជាការប្តេជ្ញាចិត្តរបស់ទីភ្នាក់ងារAFD ក្នុងការគាំទ្រដល់ការពង្រឹងសមភាពយេនឌ័រ ដើម្បីការអភិវឌ្ឍមួយប្រកបដោយភាពត្រឹមត្រូវជាងមុន។តួនាទីរបស់យើងគឺផ្តើមការសន្ទនាជាមួយដៃគូលើបញ្ហាគន្លឹះទាំងនេះ និងកសាងរួមគ្នានូវការយល់គ្នាទៅវិញទៅមក អំពីវិសមភាពរវាងភេទ ដើម្បីដាក់ស្នើឱ្យមានដំណោះស្រាយរួម។ ក្នុង័យនេះ ២ភាគ៣នៃគម្រោងរបស់យើង ដែលដាក់ឱ្យដំណើរការនៅកម្ពុជា  មានឥទ្ធិពលជាក់ស្តែងជាវិជ្ជមានលើការគិតគូរអំពីវិសមភាពរវាងស្រ្តី និងបុរស»។ នេះបើតាមនាយិកាទីភ្នាក់ងារ AFD ប្រចាំកម្ពុជា។


 លោកស្រី អូហ្វេលី បួរីស នាយិកាទីភ្នាក់ងារ AFD ប្រចាំកម្ពុជា កំពុងផ្តល់បទសម្ភាសឱ្យសារព័ត៌មាននៅ ថ្ងៃទី៨ធ្នូ 
 
ជាមួយគ្នានេះ  លោក ហ្សាក់ ប៉ឺឡេ  ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លើកឡើងថា ទីភ្នាក់ងារបារាំងAFD បានបំពេញសកម្មភាពរបស់ខ្លួនដោយផ្តោតលើគោលដៅ នៃការកសាងប្រទេសកម្ពុជាឡើងវិញ ដែលមាននៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស៍។ លោកបានបញ្ជាក់ថា តួនាទីដែលបានវិវឌ្ឍក្នុងអំឡុង៣០ឆ្នាំចុងក្រោយនេះ គឺដើម្បីឆ្លើយតបទៅនឹងបញ្ហានៃប្រទេសកម្ពុជា ដែលកំពុងរីកលូតលាស់ខ្លាំង ដោយកិច្ចសហប្រតិបត្តិការរបស់ទីភ្នាក់ងារAFD បានផ្តល់អាទិភាពលើវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ(ទឹកនិងថាមពល) ការបណ្តុះបណ្តាលវិជ្ជាជីវៈ អភិបាលកិច្ចហិរញ្ញវត្ថុ វប្បធម៌ នៅក្នុងទំនាក់ទំនងមួយប្រកបដោយទំនុកចិត្ត។ 
 
ឆ្លងកាត់ការវិវឌ្ឍទាំងនេះ ទីភ្នាក់ងារAFD បន្តរក្សាបាននូវគុណតម្លៃនៃការអភិវឌ្ឍប្រកបដោយសាមគ្គីភាពដែលប្រទេសបារាំងផ្តល់តម្លៃឱ្យ ថែមទាំងបានពង្រីកនូវភាពជាដៃគូជាច្រើនជាមួយដៃគូអភិវឌ្ឍទាំងអស់ដោយក្នុងនោះ រួមមានសហភាពអឺរ៉ុប ដែលបច្ចុប្បន្នជាដៃគូទីមួយរបស់AFD។ នេះជាវាយតម្លៃយ៉ាងខ្ពស់របស់លោក ហ្សាក់ ប៉ឺឡេ  ទៅកាន់ទីភ្នាក់ងារAFD ដែលមានវត្តមាននៅកម្ពុជា៕ 

© រក្សាសិទ្ធិដោយ thmeythmey.com