ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​OCIC នឹងបង្កើនការចំណាយ៤៧៦លានដុល្លារទៀត ក្នុងការសង់ព្រលានយន្តហោះភ្នំពេញថ្មី​
09, Dec 2021 , 8:59 pm        
រូបភាព
ការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។
ការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។
ភ្នំពេញ៖ នៅឆ្នាំ២០២២  ក្រុមហ៊ុន OCIC នឹងចំណាយថវិកាប្រមាណ៤៧៦លានដុល្លារបន្ថែម លើការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលមានទីតាំងនៅក្នុងខេត្តកណ្តាល ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣។  ​នេះបើការលើកឡើងលោក ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ដោយបានបញ្ជាក់ថា គម្រោងថវិកានេះបើគិតជាចំណាយប្រចាំថ្ងៃ ជាមធ្យមមានប្រមាណ១,២៨លានដុល្លារ។

 
 
បច្ចុប្បន្នក្រុមហ៊ុន OCIC​ សម្រេចការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលមានទីតាំងក្នុងទឹកដីខេត្តកណ្តាល បាន២៧ភាគរយ ក្រោយបើកការដ្ឋានសាងសង់ ចាប់តាំងពីឆ្នាំ២០១៨មក​។ បើតាម អគ្គនាយកក្រុមហ៊ុនOCIC លោក ពុង ឃាវសែ សមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាននេះ គឺបានប្រើប្រាស់ថវិកាអស់ប្រមាណ ៣៧៥លានដុល្លារហើយ។


  រូបគំរូនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។ រូបថត៖ ហ្វេសប៊ុក សម្តេច ហ៊ុន សែន 
 
លោក ពុង ឃាវសែ បានបន្តលើកឡើងថា ដូច្នេះ៖ «ឆ្នាំ២០២២[ក្រុមហ៊ុន] គ្រោងចំណាយថវិកាបន្ថែមប្រមាណ៤៧៦លានដុល្លារទៀត។ [បើ]គិតជាមធ្យមចំណាយប្រមាណ១,​២៨លានដុល្លារ ក្នុងមួយថ្ងៃ»។​ អគ្គនាយកក្រុមហ៊ុនOCICរូបនេះ​ បានរម្លឹកថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅលើផ្ទៃដីទំហំ ២,៦០០ហិកតា ដែលស្ថិតស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនេះ មានទំហំវិនិយោគសរុប ១ ៥០០ដុល្លារ។ 
 
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីដ៏សម្បើមមួយនេះ អាចផ្ទុកយន្តហោះប្រភេទ4F ដោយទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្ត ហោះ ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ឱ្យចុះចតបាន។ អាកា​សយានដ្ឋានអន្តរជាតិមួយនេះ អាចនឹងទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់នៅក្នុងឆ្នាំ២០២៣, ៣០លាននាក់នៅក្នុងឆ្នាំ២០៣០ និង ៥០លាននាក់នៅក្នុងឆ្នាំ២០៥០។


 ការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។ រូបថត៖ ផេកហ្វេសប៊ុក សម្តេច ហ៊ុន សែន
 
បើតាម លោក ពុង ឃាវសែ សមិទ្ធផលនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីដែលក្រុមហ៊ុនOCIC សម្រេចនាពេលកន្លងមករួមមាន ៖ ស្ថានីយអ្នកដំណើរមានផ្ទៃក្រឡា២៤៣ពាន់ម៉ែត្រក្រឡា, មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល, ទីលានចំណតយន្តហោះទំហំ១៨៩ហិកតា, ស្ថានីយត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសកម្ពស់១១៨ម៉ែត្រ។ ការងារតភ្ជាប់ផ្លូវពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ទៅមហាវិថីសម្តេចតេជោ ហ៊ុន សែន ដោយមានផ្លូវប្រវែងជាង ១១គីឡូម៉ែត្រ និងស្ពានបេតុងឆ្លងកាត់ស្ទឹងព្រែកត្នោតចំនួន២, ជីកប្រឡាយព័ទ្ធទំនប់ជុំវិញអាកាសយានដ្ឋានប្រវែង ២០គីឡូម៉ែត្រ និងសម្រេចបានសាងសង់អគារផ្សេងៗជាដើម។ 


 
លោក បានបញ្ជាក់ថា បច្ចុប្បន្នការដ្ឋានសំណង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ កំពុងប្រើប្រាស់កម្លាំងបុគ្គលិក និងកម្មករសរុប ៣,៧៤០នាក់។ ក្នុងនោះកម្លាំងបុគ្គលិក និងកម្មករក្នុងស្រុកមានជាង ៣ ១០០នាក់ និងបុគ្គលិក កម្មករមកពីបរទេសមកពីប្រទេសចំនួន៩ នៅអឺរ៉ុប និងអាស៊ីជាង៦០០នាក់៕ 

Tag:
 ព្រលានយន្តហោះ
  កណ្តាល
  លោក ពុង ឃាវសែ
© រក្សាសិទ្ធិដោយ thmeythmey.com