ជាតិ
សេដ្ឋកិច្ច
ADB ផ្តល់​ថវិកាជាង៣៣០​លាន​ដល់​កម្ពុជា​ ដើម្បីជំរុញ​សេដ្ឋកិច្ចឱ្យងើបឡើងវិញ
10, Dec 2021 , 7:59 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច(ឆ្វេង) ចុះហត្ថលេខា ជាមួយលោក Anthony Gill នាយកស្តីទីនៃធនាគារ ADB ប្រចាំកម្ពុជា កាលពីថ្ងៃទី៨ធ្នូ ឆ្នាំ២០២១។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច(ឆ្វេង) ចុះហត្ថលេខា ជាមួយលោក Anthony Gill នាយកស្តីទីនៃធនាគារ ADB ប្រចាំកម្ពុជា កាលពីថ្ងៃទី៨ធ្នូ ឆ្នាំ២០២១។
ភ្នំពេញ៖ ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) នឹងផ្តល់ហិរញ្ញប្បទានជាង៣៣០លានដុល្លារ ដល់កម្ពុជា ដើម្បីជំរុញដល់ការងើបឡើងវិញនៃ​សេដ្ឋកិច្ច​-សង្គមពីការឆ្លងរាលដាលជំងឺកូវីដ-១៩។ ថវិកានេះ នឹងប្រើសម្រាប់អនុវត្តអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង សម្រាប់កែលម្អ​បណ្តាញ​ផ្លូវ​ និងសម្រាប់អភិវឌ្ឍទីក្រុងគួរឱ្យចង់រស់នៅ ជាដើម។

 
 
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ ​បានចុះហត្ថលេខា ជាមួយលោក Anthony Gill នាយក​ស្តីទី​នៃ​ធនាគារ​ ADB ប្រចាំ​កម្ពុជា​​លើ​កញ្ចប់​ហិរញ្ញប្បទាន ចំនួន៣៣២,០៥​លាន​ដុល្លារ កាលពីថ្ងៃទី៨ធ្នូ ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ដោយបានបញ្ជាក់ ថវិកាដែលកម្ពុជាទទួលបានពីADB នឹងប្រើសម្រាប់អនុវត្តគម្រោងចំនួន៤  ដែលជាផ្នែកមួយក្នុងចូលរួមស្តារអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ។ 
 
ចំពោះគម្រោងចំនួន៤ ដែលកម្ពុជានឹងអនុវត្តក្រោមហិរញ្ញប្បទានរបស់ADBនោះមាន៖ ទីមួយ៖ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយបរិប័ន្ន ក្នុងទំហំថវិកា៤០លានដុល្លារ។ គម្រោងនេះនឹងធ្វើឱ្យកាន់តែរឹងមាំក្នុងការបែងចែកធនធានហិរញ្ញវត្ថុប្រកបដោយស្ថិរភាព ប្រសិទ្ធភាព ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជាមួយកម្រិតទៀត តាមរយៈការបង្កើនលទ្ធភាពបានកម្ចីសម្រាប់សហគ្រាសធុនតូច-មធ្យម ក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ-១៩។ កម្មវិធីនេះ គាំទ្រចម្បងទៅលើការពង្រីកសេវាកម្មហិរញ្ញវត្ថុឱ្យបានទូលាយដល់ពលរដ្ឋក្រីក្រ , ពង្រឹងស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធហិរញ្ញវត្ថុ។ 
 
គម្រោងទីពីរ៖ ការទប់ស្កាត់និងបង្ការរជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ ក្នុងចំនួនថិកា៣៥លានដុល្លារ។ ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ក្នុងចំណោមថវិកាទាំងនេះ​មាន២៥លាន ជាជំនួយឥតសំណងពីមូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាគក្រីក្រ(JFPR), និង១០លានដុល្លារទៀត ជាថវិកាបដិភាគ។ ថវិកាទាំងនេះ ប្រើសម្រាប់បន្តពង្រីកសកម្មភាពទប់ស្កាត់និងបង្ការជំងឺឆ្លង  រួមទាំងជំងឺកូវីដ-១៩ ឱ្យបានគ្រប់២៥រាជធានី-ខេត្តរបស់កម្ពុជា។​ គម្រោងទីបី៖ ការកែលម្អបណ្តាញផ្លូវជាតិ ក្នុងទឹកប្រាក់៩០លានដុល្លារ។ គម្រោងនេះនឹងបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនតាមច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងនៃអនុតំបន់មេគង្គ តាមរយៈការកែលម្អផ្លូវជាតិលេខ២៣ និង៣១២ ក្នុងខេត្តកណ្តាល ខេត្តព្រៃវែង។
 
ចំពោះថវិកាសរុប ១៩៣,៥លានដុល្លា គឺប្រើប្រាស់សម្រាប់គម្រោងទីបួន ក្នុងការអភិវឌ្ឍទីក្រុងបាវិត កំពត និងប៉ោយប៉ែត គួរឱ្យចង់រស់នៅ។​ ថវិកាទាំងនេះ នឹងសង់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់, គ្រប់គ្រងសំរាម និងសំណល់រឹង ព្រមទាំងកាត់បន្ថយមហន្តរាយដោយគ្រោះទឹកជំនន់ តាមរយៈការពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការអភិវឌ្ឍទីក្រុងទាំង៣នេះ។ 
 
ពាក់ព័ន្ធនឹងគម្រោងលើនេះ លោក Anthony Gill បាននិយាយថា ក្នុងនាម​ជា​ដៃគូ​អភិវឌ្ឍ​យូរអង្វែង​របស់កកម្ពុជា ADB ប្តេជ្ញា​គាំទ្រ​លទ្ធភាព​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​បរិយាប័ន្ន​។ គម្រោង​ទាំងនេះ​នឹង​ជំរុញ​ការងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា​តាមរយៈ​ការកែលម្អ​សេវា​ថែទាំ​សុខភាព​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវាកម្ម​ទីក្រុង​នៅ​ទីតាំង​យុទ្ធសាស្ត្រ​មួយចំនួន និង​បណ្តាញ​ផ្លូវថ្នល់​​។
 
បើតាមលោក អូន ព័ន្ធមុនីរ័ត្ន មកទល់ពេលនេះ ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជា បាន៤,៣០ពាន់លានដុល្លារ។ ក្នុងនោះ មាន៣,៧៥លានដុល្លារជាកម្ចី សម្រាប់អនុវត្តកម្មវិធី/គម្រោងចំនួន១២៣ និងថវិកា៥១៦លាន ជាកម្ចីឥតសំណង សម្រាប់អនុវត្តកម្មវិធី/គម្រោងចំនួន៦៤។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរូបនេះ បានអះអាង គម្រោងដែលកម្ពុជាបានអនុវត្តឡើងក្រោមហិរញ្ញប្បទានរបស់ADB  គឺបានរួមចំណែកយ៉ាងធំក្នុងអភិវឌ្ឍកម្ពុជា ដោយសំដៅលើការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការបន្តធានាសម្រេចឱ្យបាននូវចីរភាពនៃកំណើនសេដ្ឋកិច្ចរយៈពេលវែង៕ 

Tag:
 ABD
  លោក អូន ព័ន្ធមុនីរ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com