ជាតិ
ជើងហោះហើរអន្ដរជាតិដំបូងដឹកអ្នកដំណើរ៦៧នាក់ចុះចតនៅសៀមរាប
18, Dec 2021 , 12:59 pm        
រូបភាព
សៀមរាប៖ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airline បានចុះចតដោយសុវត្ថិភាព នាខេត្តសៀមរាប។ នេះជាជើងហោះហើរអន្ដរជាតិដំបូងបង្អស់ ដែលបានដឹកអ្នកដំណើរ ៦៧នាក់ ចុះចតនៅព្រលានយន្តហោះអន្ដរជាតិសៀមរាប ក្រោយវិបត្តិជំងឺកូវីដ-១៩ ជិត២ឆ្នាំមកនេះ។

 
សូមទស្សនាវីដេអូខាងក្រោមនេះ៖
 
 
អាកាសចរណ៍ Singapore Airline SQ164 បានដឹកអ្នកដំណើរ៦៧នាក់ ក្នុងនោះភាគច្រើនជាបរទេស បានមកដល់ព្រលានយន្តហោះអន្ដរជាតិសៀមរាប នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ធ្នូ ឆ្នាំ២០២១។ នេះជាជើងហោះហើរអន្ដរជាតិដំបូងមកកាន់ខេត្តសៀមរាប ចាប់ពីខែមីនា ឆ្នាំ២០២០មក។ ជើងហោះហើរ សិង្ហបុរី នឹងដំណើរការហោះហើរប្រចាំថ្ងៃ រវាងខេត្តសៀមរាប។


 
ថ្នាក់ដឹកនាំខេត្ត មន្រ្តីក្រសួងទេសចេរណ៍ និងថ្នាក់ដឹកនាំព្រលានយន្តហោះអន្ដរជាតិសៀមរាប បានទៅស្វាគមន៍អ្នកដំណើរ ឬភ្ញៀវទេសចរ ដំបូងគេបង្អស់ មកកាន់ទឹកដីអង្គរនៅនេះផងដែរ។ 
 
នាយកប្រតិបត្តិក្រុមហ៊ុន Cambodia Airports លោក Alain Brun មានប្រសាសន៍ថា ការបើកដំណើរការតភ្ជាប់អន្ដរជាតិឡើងវិញនៅពេលនេះ គឺជាជំហានវិជ្ជមានសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាវិស័យទេសចរណ៍ទាំងមូលផងដែរ។


 
អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានបង្ហាញអារម្មណ៍រំភើប ចំពោះវត្តមានទេសចរដំបូងមកកាន់ខេត្តនេះ។ លោកបន្ថែមថា តាមខាងអាកាសចរណ៍សិង្ហបុរី មានទេសចរជាច្រើនទៀត បានកក់សំបុត្រមកកាន់ខេត្តសៀមរាប ហើយលោករំពឹងថា ជាបន្តបន្ទាប់ នឹងមានទេសចរកាន់តែច្រើនថែមទៀត។ 
 
ជាមួយគ្នានោះ លោកអភិបាលខេត្ត បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការរៀបចំនៅក្នុងព្រលានយន្តហោះអន្ដរជាតិសៀមរាប ចាប់ពីភ្ញៀវចុះពីយន្តហោះ ដល់កន្លែងត្រួតពិនិត្យលិខិតឆ្លងដែន និងការយកសំណាកជាច្រើន។ យ៉ាងណាលោក ទៀ សីហា ប្រាប់ថា នឹងរៀបចំកែលម្អកន្លែងខ្វះខាតខ្លះ ដើម្បីឱ្យការងារនេះកាន់តែល្អប្រសើរ៕
 





 
 

Tag:
 ទេសចរណ៍
  ទៀ សីហា
  ព្រលានយន្តអន្ដរជាតិសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com