ជាតិ
នំប្រពៃណីចាម្ប៍ទាក់ទាញសាធារណជនជាថ្មី ក្នុងពិព័រណ៍ម្ហូបអាហារនៅសៀមរាប
18, Dec 2021 , 2:39 pm        
រូបភាព
សៀមរាប៖ នំប្រពៃណីចាម្ប៍ បានបង្ហាញខ្លួនសាជាថ្មី ក្នុងស្ដង់ពិព័រណ៍ម្ហូបអាហារ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាខេត្តសៀមរាប។ នំប្រពៃណីនេះ បានទាក់ទាញសាធារណជនចូលទស្សនា និងភ្លក់ពិសាផងដែរ។

 
តំណាងក្រុមយុវជនស្រឡាញ់វប្បធម៌ចាម្ប៍ លោក អាដាម ប៊ីត បានប្រាប់សារព័ត៌មានថ្មីៗឱ្យដឹងថា ក្រុមរបស់លោកពិតជាមានមោទកភាពណាស់ ដែលត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញមកចូលរួមក្នុងពិព័រណ៍ម្ហូបអាហារខ្មែរ នៅខេត្តសៀមរាប ពិសេសគឺមានឱកាសយកនំប្រពៃណីចាម្ប៍ មកបង្ហាញសាជាថ្មីម្ដងទៀត។ យុវជនរូបនេះបញ្ជាក់ថា ការតាំងបង្ហាញនេះ គឺក្នុងន័យដើម្បីបង្ហាញពីវប្បធម៌ និងប្រពៃណីជនជាតិចាម្ប៍ ដ្បិតថា ជនជាតិចាម្ប៍ បានមករស់នៅលើទឹកដីកម្ពុជាប្រមាណ៤០០ឆ្នាំមកហើយក៏ពិតមែន  តែមិនមានឱកាសសមរម្យ ដើម្បីតាំងបង្ហាញវប្បធម៌ និងប្រពៃណីដល់សហគមន៍ខាងក្រៅ ឱ្យដឹងទូលំទូលាយនោះទេ។ 
 


ពិព័រណ៍ម្ហូបអាហារខ្មែរ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១២ ធ្នូ ឆ្នាំ២០២១ នៅបរិវេណសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប។ ពិព័រណ៍នេះ ជាផ្នែកមួយនៃមហោស្រពវប្បធម៌អន្ដរជាតិអង្គរ ដែលរៀបចំឡើងដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា ព្រមទាំងក្រុមហ៊ុនឯកជន។ 
 
មានអាហារជាច្រើន ត្រូវបានរៀបចំក្នុងស្ដង់ពិព័រណ៍នេះ ពិសេសគឺអាហាររបស់សហគមន៍នៅជុំវិញបឹងទន្លេសាប នំបញ្ចុក ក៏មានការកម្មវិធីប្រកួតធ្វើម្ហូបផងដែរ។ ស្ដង់ពិព័រណ៍នំប្រពៃណីចាម្ប៍ បានទាញចំណាប់អារម្មណ៍សាធារណជាច្រើន ឱ្យចូលទៅទស្សនា និងភ្លក់រសជាតិ។ ក្បូរក្បាច់រចនា និងសិល្បៈនៃការរៀបចំ សុទ្ធសឹងជាអ្វីដែលបានទាញ់ចំណាប់អារម្មណ៍ ដល់សាធារណជន។ 


 
យុវជន អាដាម ប៊ីត ប្រាប់សារព័ត៌មានថ្មីៗទៀតថា ក្រុមរបស់ខ្លួនបាននាំយកនំប្រពៃណីចំនួនពីរមុខ មាននំប៉ាក់ នំកន្រ្តាំ បង្ហាញក្នុងពិព័រណ៍នាខេត្តសៀមរាបនេះ។ អាដាម ប៊ីត ប្រាប់ថា ការរៀបចំនេះ បានបង្ហាញយ៉ាងច្បាស់ ពីវប្បធម៌ ប្រពៃណីចាម្ប៍ដ៏រស់រវើក របស់សហគមន៍ជនជាតិចាម្ប៍ ដែលនៅរក្សារហូតមកដល់សព្វថ្ងៃ។ នៅថ្ងៃទី៤ ធ្នូ កន្លងទៅ ក្រុមយុវជនចាម្ប៍ បានរៀបចំទិវានំប្រពៃណីចាម្ប៍ នៅសារមន្ទីរខ្លែងខ្មែរ រាជធានីភ្នំពេញ ដោយពេលនោះ ក៏បានទាញចំណាប់អារម្មណ៍សាធារណជនជាច្រើនចូលទស្សនាផងដែរ។
 
គេមើលឃើញថា ចលនានៃការតាំងបង្ហាញនំប្រពៃណីវប្បធម៌ចាម្ប៍នៅពេលនេះ ធ្វើឡើងស្របពេលដែលប្រពៃណីនេះ មានការធ្លាក់ចុះជាខ្លាំង គឺនៅតំបន់តិចតួចប៉ុណ្ណោះ ដែលនៅរក្សាប្រពៃណីធ្វើនំនេះ។ អាដាម ប៊ីត ប្រាប់សារព័ត៌មានថ្មីៗថា បច្ចុប្បន្ននេះ មានសហគមន៍៣ប៉ុណ្ណោះ គឺកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង ដែលនៅធ្វើនំប្រពៃណីនេះ  ហើយវាអាចនឹងបាត់បង់ ប្រសិនបើពុំមានការថែរក្សាតទៅមុខទៀត។ អាដាម ប៊ីត លើកឡើងថា៖« យើងបារម្ភពីការបាត់បង់ដែរ ព្រោះវាជាអត្តសញ្ញាណជនជាតិយើង សង្ឃឹមថាសកម្មភាពយើងធ្វើពេលនេះ ជាផ្នែកមួយនៃការរក្សាវប្បធម៌ ឱ្យនៅគង់វង្សបន្តទៀត»៕








 
 
 
 
 

Tag:
 នំប្រពៃណីចាម្ប៍
  ម្ហូបអាហារខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com