ជាតិ
លោក ឈុំ ម៉ៅ ចង់អភិរក្ស និងផ្ទេរជំនាញធ្វើខ្លែងឯកទៅអ្នកជំនាន់ក្រោយ
19, Dec 2021 , 11:00 pm        
រូបភាព
លោក ឈុំ ម៉ៅ  ចាស់ព្រឹទ្ធាចារ្យមួយរូប ដែលធ្វើខ្លែងឯកយ៉ាងស្ទាត់ជំនាញ
លោក ឈុំ ម៉ៅ ចាស់ព្រឹទ្ធាចារ្យមួយរូប ដែលធ្វើខ្លែងឯកយ៉ាងស្ទាត់ជំនាញ
សៀមរាប៖ លោក ឈុំ ម៉ៅ ចាត់ទុកជាចាស់ព្រឹទ្ធាចារ្យមួយរូប លើជំនាញខ្លែងឯក។ កើតនៅខេត្តសៀមរាប លោកស្រឡាញ់សិល្បៈធ្វើខ្លែងឯកជាខ្លាំង និងមានបំណងផ្ទេរចំណេះដឹងមួយនេះ ដល់ក្មេងៗជំនាន់ក្រោយ ដើម្បីអភិរក្សបន្តទៅមុខទៀត។

 
កើតនៅភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប លោក ឈុំ ម៉ៅ មានវ័យ៦១ឆ្នាំ បានយកស្នាដៃធ្វើខ្លែងឯករបស់លោក ចូលរួមក្នុងមហោស្រពសិល្បៈអន្ដរជាតិអង្គរ អបអរទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាម្ចាស់កម្មវិធី បានរៀបចំស្ដង់ពិព័រណ៍ខ្លែង រយៈពេល៣ថ្ងៃនៅមុខអង្គរវត្ត ក្នុងបំណងឱ្យសាធារណជន បានដឹងពីសិល្បៈធ្វើខ្លែងឯក និងតម្លៃនៃវប្បធម៌អរូបីមួយនេះ។
 
លោក ឈុំ ម៉ៅ ជាចាស់ព្រឹទ្ធាចារ្យមួយរូប ក្នុងចំណោមចាស់ព្រឹទ្ធាចារ្យល្បីៗជាច្រើនរូបទៀត មកពីតំបន់ផ្សេងៗគ្នា ដែលចូលរួមក្នុងពិព័រណ៍ខាងលើប្រាប់ថា លោកតា ចេះជំនាញធ្វើខ្លែងឯកនេះ តពីជីតា។ នៅកុមារភាព លោកតា ឈុំ ម៉ៅ ធ្លាប់ឃើញ និងជាជំនួយការរបស់ជីតា ពេលលោកធ្វើខ្លែងឯកម្ដងៗ។ លោកមានប្រសាសន៍ប្រាប់សារព័ត៌មានថ្មីៗថា៖«ពេលនោះនៅកុមារអាយុខ្ទង់៧ឆ្នាំ គាត់បានធ្វើ [ខ្លែងឯក] ធម្មតាខ្លែងឯកធំ។ ដូច្នេះពេលធ្វើគាត់តែងប្រើឱ្យហុចសម្ភារៈ  ជាជំនួយពេលគាត់ធ្វើ ពេលនោះ ចេះតែចំណាំ នៅតូចឆាប់យល់ ដល់យូរៗទៅ ពេលគាត់ទៅបង្ហោះ មើលឃើញគាត់ទៀត  មិនដឹងចាប់អារម្មណ៍ជាអ្នករៀនទេកាលណោះ តែនៅចងចាំ»។


 
ខ្លែងឯក មានទំហំចាប់ពី១ម៉ែត្រ ៦តឹកឡើង ហើយត្រូវការបច្ចេកទេសធ្វើត្រឹមត្រូវ មិនងាយស្រួលប៉ុន្មានឡើយ។ លោកតា ឈុំ ម៉ៅ ពន្យល់ថា ដំបូងគេត្រូវការឫស្សីដែលមានសាច់ល្អ ដែលក្នុងមួយគុម្ព មានតែមួយដើមប៉ុណ្ណោះសម្រាប់ឫស្សីប្រភេទនេះ។ ក្រោយរកឫស្សីបាន គេត្រូវយកទៅពុះហាល ទុករយៈពេល២០ថ្ងៃទៅ៣០ថ្ងៃ បន្ទាប់មកយកទៅត្រាំទឹកមួយសប្ដាហ៍ រួចស្រង់យកទៅហាលកន្លះខែទៀត។ ក្រោយមកគេអាចយកឫស្សីទាំងនោះ ទៅធ្វើឆ្អឹងខ្លែងបានហើយ។ ការធ្វើឆ្អឹងខ្លែងទៀតសោត ត្រូវថ្លឹងឱ្យស្មើគ្នា មិនដូច្នោះទេ នឹងធ្វើឱ្យខ្លែងផ្អៀង ហោះមិនបានល្អឡើយ។ ការថ្លឹង គឺគេត្រូវប្រើចុងកាំបិត។
 
លោកតា ឈុំ ម៉ៅ បន្ថែមថា៖« ក្បួនខ្នាត អាស័យលើឆ្អឹងវា វាស់វាឱ្យចំពាក់កណ្ដាល ទើបវាហោះល្អ ឆ្អឹងឱ្យស្មើគ្នា មិនចឹងទេ ខ្លែងផ្អៀង»។
 
លោកតាចាស់ព្រឹទ្ធាចារ្យដែលស្រឡាញ់សិល្បៈខ្លែងឯក រៀបរាប់ទៀតប្រាប់សារព័ត៌មានថ្មីៗថា ពីសម័យបុរាណ តាមភូមិពុំមានកម្មវិធីបុណ្យទានអ្វីទេ ចាស់ៗតែងលេងនៅតាមវាលស្រែ ក្រោយរដូវច្រូតកាត់រួចនាអំឡុងខែមួយ ដោយបង្ហោះចោលតាមវាលស្រែ។ សព្វថ្ងៃ តាមរយៈក្រសួងវប្បធម៌ មានការរៀបចំពិធីជាច្រើន ដើម្បីផ្សព្វផ្សាយ និងអភិរក្សវប្បធម៌អរូបីមួយនេះ។
 
លោក រឿង សារ៉េត ប្រធាននាយកដ្ឋានស្ដីទី នៃនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ក្រសួងតែងរៀបចំពិព័រណ៍ខ្លែងជាប្រចាំឆ្នាំ តែ២ឆ្នាំចុងក្រោយនេះមិនបានរៀបចំដោយសារជំងឺកូវីដ-១៩រាតត្បាត។ តាមរយៈមហោស្រពវប្បធម៌អន្ដរជាតិអង្គរ ពិព័រណ៍ខ្លែង មានវត្តមាននៅមុខប្រាសាទអង្គរ និងបានរៀបចំកម្មវិធីបង្ហោះខ្លែងឯក ទាក់ទាញសាធារណជនជាច្រើន។ 
 


លោក រឿង សារ៉េត បានឱ្យដឹងទៀតថា ពិព័រណ៍នេះ មានការចូលរួមពីចាស់ព្រឹទ្ធាចារ្យច្រើនរូប ដែលសុទ្ធសឹងមានជំនាញធ្វើខ្លែងឯក ដើម្បីបង្ហាញដល់សាធារណជន ឱ្យកាន់តែជ្រាបច្បាស់ពីសិល្បៈវប្បធម៌ខ្លែងឯករបស់ខ្មែរ។ ក្នុងបន្ថែមថា៖«ខ្លែងជាជ្រុងមួយនៃវប្បធម៌អរូបី ចង់បាត់បង់ដែរ ហើយមានតែចាស់ៗទេធ្វើខ្លែងឯក តែក៏មានយុវជនផុសផុលដែរ ទើបយើងតែងតែអញ្ជើញគាត់ មកចែករំលែកចំណេះដឹងដល់ក្មេងៗ បើគាត់បាត់ វប្បធម៌អរូបី នឹងបាត់ទៅតាមពួកគាត់ដែរ»។ 
 
សម្រាប់លោកតា ឈុំ ម៉ៅ គឺបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការផ្ទេរចំណេះដឹងមួយនេះ ទៅយុវជនជំនាន់ក្រោយ។ មិនត្រឹមតែខ្លែងឯកទេ លោកតា ឈុំ ម៉ៅ ក៏ចង់អភិរក្សល្ខោនស្បែកតូច និងស្បែកធំ ដែលលោកតាចេះទាំងអម្បាលម៉ាន ទៅអ្នកជំនាន់ក្រោយផងដែរ។ លោកតាបន្ត៖« សព្វថ្ងៃ ខ្ញុំចង់បង្កើតឱ្យក្មេង ចេះរៀនធ្វើខ្លែងឯក និងឃើញក្មេងច្រើនគាត់ចង់រៀន ខ្ញុំចង់អភិរក្សទុក ព្រោះប្រសិនបើដូនតាយើងមិនបង្គាប់ ក៏យើងមិនចេះដែរ»៕
 
 
 
 

Tag:
 ខ្លែងឯក
  ឈុំ ម៉ៅ
© រក្សាសិទ្ធិដោយ thmeythmey.com