ជាតិ
ពលរដ្ឋប្រតិកម្ម ចំពោះក្រុមហ៊ុនចិនដែលឈូសឆាយដីដើម្បីសង់ផ្លូវ៧១C ទាំង​មិន​ទាន់​ទូ​ ទាត់​សំណង
20, Dec 2021 , 9:59 pm        
រូបភាព
 ទីតាំងដីចម្ការរបស់ពលរដ្ឋក្នុងឃុំ​ស្វាយឃ្លាំង ស្រុកក្រូចឆ្មារ  ដែលរងការឈូសឆាយ កាលពីពេលកន្លងទៅ
ទីតាំងដីចម្ការរបស់ពលរដ្ឋក្នុងឃុំ​ស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ដែលរងការឈូសឆាយ កាលពីពេលកន្លងទៅ
ពលរដ្ឋជាច្រើនគ្រួសារនៅក្នុងឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ  មិនពេញចិត្តជាខ្លាំងចំ ពោះក្រុមហ៊ុនចិនសៀងហៃ ដែលសាងសង់ផ្លូវជាតិលេខ ៧១C ចូលឈូសឆាយដីស្រែចម្ការពួកគេ ខណៈដែលមិនទាន់ដោះស្រាយសំណង។
 
តំណាងប្រជាពលរដ្ឋនៅភូមិ៥ ឃុំស្វាយឃ្លាំង លោក តាំ អ៊ីសា បានប្រាប់សារព័ត៌មានថ្មីៗថា នៅដើមសប្ដាហ៍មុន លោកបានចូលទៅរារាំងគ្រឿងចក្រមួយគ្រឿង ដែលកំពុងឈូសឆាយដីរបស់លោក និងធ្វើឱ្យបង្គោលរបងថ្មដួលជិត១០ដើម។ ពលរដ្ឋរូបនេះ បង្ហាញការមិនចេញចិត្ត ចំពោះទង្វើទាំងនោះ ខណៈដែលលោក និងពលរដ្ឋច្រើនគ្រួសារទៀត កំពុងរង់ចាំការទូទាត់សំណង។ 
 
ក្រោយពេលគ្រឿងចក្រ បាន​ចូលឈូសឆាយដីជាច្រើនកន្លែង ក្រុមប្រជាពលរដ្ឋ បានទៅសាលាឃុំស្វាយឃ្លាំង ភ្លាមៗ​ដែរ ដើម្បីសុំឱ្យអាជ្ញាធរជួយដោះស្រាយ។ តែពួកគេ មិនទទួលបានលទ្ធផលឡើយ ដោយអាជ្ញាធរថា ពួកគេកំពុងរារាំងការអភិវឌ្ឍផ្លូវទៅវិញ។
 
ពលរដ្ឋរូបនេះបញ្ជាក់ថា៖«យើងជាប្រជាពលរដ្ឋ មិនប្រឆាំងចំពោះការអភិវឌ្ឍទេ តែសុំទូទាត់សំ​ណងឱ្យយើងសិន សូមទូទាត់តាមតម្លៃប្រហាក់ប្រហែលទីផ្សារផង»។ កសិកររូបនេះ រងផលប៉ះពាល់លើដីចម្ការ២កន្លែង ដែលទីតាំងទី១ មានដើមស្វាយ និងស្រះចិញ្ចឹមត្រីចំនួន២។ រីឯមួយទីតាំងទៀត ជាដីចម្ការចេក។ 
 
ទាក់ទងនឹងករណីនេះ អភិបាលរងខេត្តត្បូងឃ្មុំ និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត លោក កេង ប៊ុនណា មានប្រសាសន៍ថា ក្រុមហ៊ុនពុំមានសិទ្ធិចូលឈូសឆាយដីប្រជាពលរដ្ឋនោះទេ ខណៈមិនទាន់ទូទាត់សំណងប៉ះពាល់។ លោកបន្ថែមថា ទោះបីប្រកាសបើកការដ្ឋានសាងសង់ក៏ពិតមែន តែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនទាន់ទម្លាក់កញ្ចប់ទូទាត់ផលប៉ះពាល់នៅឡើយ ហើយការវាស់វែងដី រងផលប៉ះពាល់ ក៏មិនទាន់រួចរាល់ដែរ។ 
 
លោក កេង ប៊ុនណា ពន្យល់បន្ថែមថា៖«រាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មការដោះស្រាយខេត្ត មិនមែនថាមិនសងទេ គ្រាន់តែយឺតបន្ដិច។ មួយរយៈកាលមកនេះ រវល់នឹងរឿងកូវីដផង បានជាយឺតបន្តិច ណាមួយ យើងមិនទាន់វាស់វែងផលប៉ះពាល់ចប់ទេ ខំពន្លឿនឱ្យឆាប់ចប់។ ហើយជំហានទី២ យកថវិកាទូទាត់ទៅគាត់ កុំបារម្ភថាមិនសងអី»។ 
ទាក់ទងនឹងការទូ​ទាត់សំណងវិញ អ្នកនាំពាក្យរដ្ឋបាលខេត្ត មិនទាន់អាចបញ្ជាក់បាននៅឡើយ ដោយគ្រាន់តែបង្ហើបថា តម្លៃនៃការសងសំណង អាចប្រហាក់ប្រហែលនឹងតម្លៃអំឡុងពេលសាងសង់ តំបន់រដ្ឋបាលខេត្តនៅរវាងឆ្នាំ២០១៤ ដែលប្រភេទដីស្រែ ក្នុងមួយការ៉េ៣ដុល្លារ និងដីចម្ការ៤ដុល្លារ។ 
 
អ្នកនាំពាក្យរដ្ឋបាលខេត្តបន្តថា៖«ជាបទពិសោធន៍កាលធ្វើតំបន់រដ្ឋបាលខេត្ត ដូចគ្នាចឹង តានតឹងជាងនោះផង។ កាលដំបូង ធ្វើយើងធ្លាប់មានសំណងឯណា ពេលសងទៅលើសពីការរំពឹងរបស់គាត់​។ ហ្នឹងក៏ដូចគ្នា ទាល់តែយើងចេះប្រាប់គាត់ មិនបាត់បង់ទេ ហើយការទូទាត់សង មិនអន់ដែរ វាប្រហែលនឹងខេត្តត្បូងឃ្មុំ កាលពេលយើងសាងសង់។ មិនទាន់ដឹងដំណឹងពីការទូទាត់ទេ ប្រហែលនៅដើមឆ្នាំ២០២២ ព្រោះយើង​វាស់វែងបានច្រើនហើយដែរ»។
 
គម្រោងសាងសង់ផ្លូវជាតិលេខ ៧១C ត្រូវបានប្រកាសបើកការដ្ឋាន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ ផ្លូវនេះ មានប្រវែងសរុបជាង ១១៤គីឡូម៉ែត្រ តភ្ជាប់ពីស្រុកចម្ការលើ ស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារ ភ្ជាប់ទៅផ្លូវជាតិលេខ៧៣ អនុវត្តគម្រោងដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) ក្រោមហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាល​ចិន។  ដោយសារវិបត្តិជំងឺកូវីដ១៩ ​គម្រោងសាងសង់ផ្លូវនេះ ត្រូវពន្យារពេល ដែលពីមុនគ្រោងនឹងបញ្ចប់ការសាងសង់ ដំណាលគ្នាជាមួយស្ពានតែម្ដង​៕

Tag:
 ផ្លូវជាតិលេខ៧១C
  ក្រូចឆ្មារ
  ស្ពានស្ទឹងត្រង់ក្រូចឆ្មារ
© រក្សាសិទ្ធិដោយ thmeythmey.com