រថយន្ត
អន្តរជាតិ
ថៃលើកឡើងពីផែនការពង្រីកការប្រើប្រាស់រថយន្តអគ្គិសនីចាប់ពីត្រីមាសទីមួយឆ្នាំ២០២២
20, Dec 2021 , 8:29 pm        
រូបភាព
ដោយ: ធីតា
គណៈកម្មការគោលនយោបាយយានយន្តអគ្គិសនីថៃ រៀបចំគម្រោងទៅគណៈរដ្ឋមន្ត្រីរបស់ខ្លួន ដើម្បីស្នើឲ្យបង្កើនចំនួនរថយន្តអគ្គិសនី (EV) នៅក្នុងប្រទេស។ យោងតាមការផ្សាយរបស់ The Nations អ្នកជំនាញចង់ឲ្យផ្តើមអនុវត្តផែនការនេះ ចាប់ពីត្រីមាសទីមួយឆ្នាំ២០២២។

 
តាមគម្រោង គណៈកម្មការដែលស្ថិតនៅក្រោមក្រសួងថាមពលថៃ ចង់ឲ្យមានការលើកទឹកចិត្តដល់អ្នកទិញរថយន្តអគ្គិសនី (EV) សម្រាប់រយៈពេលពី៤ទៅ៥ឆ្នាំ ដើម្បីបង្កើតចំនួនរថយន្ត EV ឲ្យបានដល់ប្រមាណ៣០០ ០០០គ្រឿងនៅលើផ្លូវថ្នល់នាអំឡុងពេលដូចគ្នា។
 
គណៈកម្មការស្នើឲ្យមានការកាត់បន្ថយពន្ធគយ និងការបំពេញលក្ខខណ្ឌផ្សេងៗ រួមទាំងជំរុញឲ្យមានគោលការណ៍លើកទឹកចិត្តពីរដ្ឋ ក្នុងគោលបំណងពង្រីកការប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងប្រទេស។
 
ក្នុងសំណើរដដែល គណៈកម្មការជំនាញ បានលើកឡើងពីលក្ខខណ្ឌអនុគ្រោះពីរ ក្នុងនោះសម្រាប់រថយន្តដែលមានតម្លៃថោកជាង២លានបាត (ប្រមាណ៦ម៉ឺនដុល្លារ) និងរថយន្តដែលមានតម្លៃច្រើនជាង២លានបាត។
 
EVs ដែលមានតម្លៃក្រោម២លានបាត អាចទទួលបានការកាត់បន្ថយពន្ធគយ ៤០ភាគរយ និង២ភាគរយទៀតលើសេវាកម្មផ្សេងៗ ដែលមានន័យថា រថយន្តមួយគ្រឿង អាចកាត់បន្ថយការចំណាយប្រមាណ៤៥០០ដុល្លារ។ គោលការណ៍ក៏ត្រូវអនុវត្តផ្សេងៗគ្នាទាក់ទងល្បឿន និងអាគុយ ផងដែរ។
 
យោងតាមការផ្សាយរបស់ CNBC ថៃចង់ពង្រីកឲ្យមានរថយន្ត EVs ប្រមាណ១លានគ្រឿងនៅឆ្នាំ២០២៥ ហើយបង្កើនឲ្យដល់១៥លានគ្រឿន នារយៈពេល១០ឆ្នាំបន្ទាប់។ ក្រុមហ៊ុនផ្តល់ថាមពលកកើតឡើងវិញញ បង្ហាញពីគម្រោងបំពាក់ស្ថានីយបញ្ចូលចរន្ត១០០០ទីតាំង នាប៉ុន្មានឆ្នាំមុខ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com