អន្តរជាតិ
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់៖ ណាតូ មិនអនុញ្ញាតឱ្យរុស្ស៊ីកំណត់ជំហរយោធារបស់ខ្លួនឡើយ
20, Dec 2021 , 5:59 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង លោកស្រី Christine Lambrecht។ រូបភាព៖ Reuters
រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង លោកស្រី Christine Lambrecht។ រូបភាព៖ Reuters
បក្សសម្ព័ន្ធយោធាណាតូ (NATO) នឹងពិភាក្សាពីសំណើ​សន្តិសុខ​របស់​រុស្ស៊ី ប៉ុន្តែ​ណាតូនឹង​ មិន​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាលក្រុង​មូស្គូ​កំណត់​ជំហរ​យោធា​របស់​សម្ព័ន្ធមិត្ត​ឡើយ។ រដ្ឋមន្ត្រីការពារជាតិ អាល្លឺម៉ង់ លោកស្រី  Christine Lambrecht បានលើកឡើងបែបនេះ នៅថ្ងៃទី១៩ ខែធ្នូ ក្នុងអំឡុងទស្សនកិច្ចទៅមូលដ្ឋានទ័ពអាល្លឺម៉ង់នៅលីទុយអានី។

 
 
រុស្ស៊ី នៅថ្ងៃទី​១៧ ខែធ្នូ បានដាក់សំណើទាមទារឱ្យបក្សសម្ព័ន្ធយោធាណាតូ ដកកម្លាំងទ័ពចេញពីប៉ូឡូញ អេស្តូនី ឡេតូនី និងលីទុយអានី ដែលធ្លាប់ជាដែនដីសហភាពសូវៀត។ រុស្ស៊ី ក៏បានទាមទារផងដែរ លើការធានាដោយចងភ្ជាប់ជាមួយកាតព្វកិច្ចផ្នែកច្បាប់ថា ណាតូ ត្រូវបោះបង់ សកម្មភាពយោធានៅតំបន់អឺរ៉ុបខាងកើត និងអ៊ុយក្រែន រួមទាំងមិនបញ្ចូលអ៊ុយក្រែន ទៅក្នុងអង្គការណាតូ។ បើអ៊ុយក្រែនក្លាយជាសមាជិក ណាតូអាចបំពាក់អាវុធលើដែនដីនេះបាន និងធ្វើឱ្យប៉ះពាល់សន្តិសុខរុស្ស៊ីខ្លាំង។ ប៉ុន្តែសំណើនេះ ត្រូវបានអង្គការណាតូ បដិសេធ។  
 
ជុំវិញសំណើខាងលើ លោកស្រី Christine Lambrecht រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ នៅថ្ងៃទី១៩ ខែធ្នូ បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Rukla ថា បក្សសម្ព័ន្ធយោធាណាតូ ចាំបាច់ដោះស្រាយភាពតានតឹង ដោយផ្អែកលើចំណាត់ការការទូត ប៉ុន្តែណាតូក៏ត្រូវដាក់សម្ពាធលើរុស្ស៊ីដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
«ពួកយើងនឹងពិភាក្សាលើសំណើរបស់រុស្ស៊ី ប៉ុន្តែនេះមិនអាចទៅរួចទេ ដែលរុស្ស៊ី ត្រូវកំណត់ពីជំហយោធារបស់សមាជិកណាតូ»។ ប្រមុខការពារជាតិអាល្លឺម៉ង់ បានសង្កត់ធ្ងន់បែបនេះ មុនបន្ថែមថា អង្គការណាតូ នឹងពិភាក្សាពីបញ្ហានេះឱ្យបានច្បាស់នៅពេលខាងមុខ។
 
ថ្លែងជាមួយសមភាគីអាល្លឺម៉ង់ រដ្ឋមន្ត្រីការពារជាតិលីទុយអានី លោក Arvydas Anusauskas បានចោទប្រកាន់រុស្សីពីការព្យាយាមជ្រៀតជ្រែកចូលក្នុងកិច្ចការបក្សសម្ព័ន្ធយោធាណាតូ។ ថ្នាក់ដឹកនាំលីទុយអានីរូបនេះ បានបញ្ជាក់ថា ណាតូមិនអនុញ្ញាតឱ្យទីក្រុងមូស្គូបែងចែកអឺរ៉ុប ជាដែនឥទ្ធិពលនីមួយៗឡើយ។ 
 
រដ្ឋមន្រ្តីការពារជាតិរូបនេះ បានបន្ថែមថា  លីទុយអានី​ នឹងគាំទ្រ​អ៊ុយក្រែន​គ្រប់​មធ្យោបាយ ​រួម​មាន​ទាំងការ​ផ្តល់​អាវុធផង។ យ៉ាងណាមិញ លោក Anusauskas មិនបានបញ្ជាក់ឡើយ ថាតើ អាវុធដែលនឹងផ្ដល់ឱ្យអ៊ុយក្រែនជាអាវុធប្រភេទណា។
 
សួមបញ្ជាក់ថា ភាពតានតឹងរវាងប្រទេសលោកខាងលិច និងរុស្ស៊ី បានកើតឡើង ដោយសារតែរុស្ស៊ីបានបញ្ជូនកម្លាំងយោធាទៅជិតព្រំដែនអ៊ុយក្រែនជាច្រើនម៉ឺននាក់។ ប្រទេសលោកខាងលិច និងអាម៉េរិក បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ប្រសិនបើរុស្ស៊ី ហ៊ានវាយប្រហារលើអ៊ុយក្រែន។ ជាការឆ្លើយតប រុស្ស៊ី បានប្រាប់ឱ្យបក្សសម្ព័ន្ធយោធាណាតូវិញថា កុំពង្រាយអាវុធលើដែនដីអ៊ុយក្រែន និងតំបន់ជិតខាង ប្រសិនបើមិនចង់ឱ្យមានចំណាត់ការធ្ងន់កើតឡើង៕ 

Tag:
 អាល្លឺម៉ង់
  ណាតូ
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com