ជាតិ
សង្គមជាតិ
ចិន៣នាក់ ដែលពាក់ព័ន្ធនឹងគ្រឿងញៀនជាង២តោន ត្រូវចោទប្រកាន់ហើយ
20, Dec 2021 , 10:59 pm        
រូបភាព
សកម្មភាពកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបការលួចផលិតគ្រឿងញៀនក្នុងរោងចក្រមួយកន្លែងនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ រូបពីគណនីហ្វេសប៊ុក Kanharith Khieu
សកម្មភាពកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបការលួចផលិតគ្រឿងញៀនក្នុងរោងចក្រមួយកន្លែងនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ រូបពីគណនីហ្វេសប៊ុក Kanharith Khieu
ដោយ: ថ្មីៗ
អយ្យការអមតុលាការភ្នំពេញ បានចោទប្រកាន់បុរសជនជាតិចិន៣នាក់ ពីបទផលិត ដឹកជញ្ជូន  ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបទសម្អាតប្រាក់ តាមច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់  និងហិរញ្ញប្បទានភេរវកម្ម។ នេះបើតាមព័ត៌មានពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមតុលាការភ្នំពេញ ដែលផ្តល់ជូនក្រុមអ្នកកាសែត តាមបណ្តាញតេឡេក្រាម នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។


 
ក្រោយចោទប្រកាន់រួច អយ្យការ ក៏បានបញ្ជូនសំណុំរឿងរបស់បុរសជនជាតិទាំង៣ ទៅចៅក្រមស៊ើបសួរ ដើម្បីបន្តការស៊ើបសួរ។ ក្នុងចំណោមបុរសជនជាតិទាំង៣នាក់នោះ គឺម្នាក់អាយុ៥៨ឆ្នាំ ជាចិនដីគោកមានសញ្ជតិខ្មែរ ម្នាក់អាយុ៤៨ឆ្នាំ ជាចិនដីគោក និង ម្នាក់ទៀតអាយុ៣១ ជាចិនតៃវ៉ាន់។ 
 
នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចកម្ពុជាជាច្រើនផ្នែក បានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំមួយ នៅរោងចក្រ ក្នុងខេត្តកំពង់ស្ពឺ។ រោងចក្រនោះ ត្រូវបានឧក្រិដ្ឋជនជនជាតិចិន បង្កើតឡើង ហើយក៏លួចផលិតគ្រឿងញៀន។ សមត្ថកិច្ចកម្ពុជា បានប្រើពេលជាង២ខែក្នុងការស៊ើបអង្កេត មុននឹងឈានដល់ចេញធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំនេះ។ មានបុរសចិនតៃវ៉ាន់ម្នាក់អាយុ៣២ឆ្នាំ ត្រូវបានបាញ់សម្លាប់ ដោយសាររូបគេបានបាញ់ប្រហារទៅលើសមត្ថកិច្ចមុន នៅពេលសមត្ថកិច្ច ចុះស្ទាក់ចាប់រូបគេ និងបក្សពួក ដែលកំពុងដឹកគ្រឿងញៀនតាមរថយន្ត ឆ្ពោះទៅខេត្តកំពង់សោម។
 
ក្រៅពីគ្រឿងញៀនជាង២តោន សមត្ថកិច្ច បានរកឃើញសារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀនដល់ទៅ៨៤តោន។ លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកកិច្ចការបង្ក្រាបគ្រឿងញៀន ប្រាប់អ្នកកាសែតថា ឧក្រិដ្ឋជន លួចផលិតគ្រឿងញៀននៅកម្ពុជា ក្នុងគោលបំណងលួចនាំចេញក្រៅប្រទេស៕ 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com