ជាតិ
សេដ្ឋកិច្ច
បើកការដ្ឋានសាងសង់អគារក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តម្លៃជាង១៨លានដុល្លារ
23, Dec 2021 , 9:59 pm        
រូបភាព
សៀមរាប៖ អគារមន្ទីរពេទ្យ ដែលជាហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានរៀបចំពិធីសាងសង់ជាផ្លូវការហើយ។ អគារនេះមានតម្លៃជាង១៨លានដុល្លារសហរដ្ឋអាម៉េរិក។

 
ពិធីប្រុងពាលី បញ្ចុះសីមា បើកការដ្ឋានសាងសង់អគារមន្ទីរពេទ្យមួយខ្នង ដែលមានកម្ពស់៤ជាន់ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានរៀបចំជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៣ ធ្នូ។ ពិធីតាមបែបព្រះពុទ្ធសាសនានេះ ដើម្បីបញ្ជាក់ថា ការដ្ឋានទាំងមូលនឹងចាប់ផ្តើមដំណើរព្រមគ្នា ហើយនឹងត្រូវរួចរាល់តាមផែនការដែលគ្រោងទុក។
 
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ មានប្រសាសន៍ថា អគារថ្មីដែលកំពុងរៀបចំសាងសង់នេះ ជាជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិ កម្ពុជា-ជប៉ុន ហៅកាត់ថា JICA ដែលមានកម្ពស់៤ជាន់។ លោកវេជ្ជបណ្ឌិតបន្ថែមថា អគារនេះមានទំហំ ៧,២៦០ម៉ែត្រការ៉េ ប្រវែង ២៥ម៉ែត្រ គុណនឹង ៦៩ម៉ែត្រ ដែលត្រូវប្រើប្រាស់សម្រាប់សេវាឯកទេសវះកាត់ សេវាសង្រ្គោះបន្ទាន់ និងសេវាពាក់ព័ន្ធផ្សេងទៀត។ 


 
លោក ក្រុស សារ៉ាត់ បន្ថែមទៀតថា អគារថ្មីនេះមានលក្ខណៈស្ដង់ដា ផាសុកភាព បំពាក់ជណ្ដើរយោង និងមានកម្រិតនៃការចម្លងរោគកម្រិតទាប ដែលមានគ្រែសរុប ២២០គ្រែ។
 
លោក តាដាស៊ី អូកាសាវ៉ារ៉ា (Tadashi Ogasawara) ទីប្រឹក្សាគម្រោង មកពីអង្គការ JICA  បានឱ្យដឹងថា អគារថ្មីនេះ មានតម្លៃជាសាច់ប្រាក់សរុប ២,១៥៣លានយ៉េន ឬស្មើនឹងប្រមាណជា ១៨.៩៥ លានដុល្លារសហរដ្ឋអាមេរិក គ្រោងប្រើពេលសាងសង់ចំនួន២២ខែ រាប់ពីដើមខែធ្នូ ឆ្នាំ២០២១តទៅ។  លោក តាដាស៊ី សង្កត់ថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាមន្ទីរពេទ្យថ្នាក់តំបន់មួយដែលដើរតួសំខាន់សម្រាប់ប្រជាពលរដ្ឋ មិនត្រឹមតែនៅសៀមរាប ក៏មានពលរដ្ឋពីបណ្ដាខេត្តជុំវិញ មកទទួលសេវាផងដែរ។ 


 
លោកបន្តថា៖« ក្នុងបរិបទជំងឺកូវីដ១៩ ខ្ញុំគិតថា តម្រូវការរបស់ប្រជាពលរដ្ឋមានការកើនឡើង ទាំងពេលនេះទៅអនាគត ដូច្នេះវាសំខាន់ណាស់ដែលមន្ទីរពេទ្យបង្អែកខេត្តត្រូវបំពេញនូវតម្រូវការទាំងនេះ ហើយខ្ញុំសង្ឃឹមថា គម្រោងនេះនឹងចូលរួមបំពេញតម្រូវការនេះ ខ្ញុំប្រាកដថា គម្រោងនេះនឹងអាចចូលរួមសម្រេចបានទៅលើការគ្របដណ្ដប់សុខភាពជាសកលដែលជាវត្ថុបំណងសំខាន់បំផុតរបស់រដ្ឋាភិបាលត្រឹមឆ្នាំ២០៣០»។
 
អភិបាលរងខេត្តសៀមរាប លោក ពិន ប្រាកដ មានប្រសាសន៍ថា អគារថ្មីដែលនឹងលេចជារូបរាងនាពេលឆាប់ៗខាងមុខះ បង្ហាញឱ្យច្បាស់ និងកាន់តែស៊ីជម្រៅបន្ថែមទៀត ពីចំណងមេត្រីភាពដ៏រឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុន។ 
 
លោក ពិន ប្រាកដ៖« អាគារដែលគ្រោងនឹងសាងសង់នេះ ជាសមិទ្ធផលថ្មីស្រឡាងរបស់ខេត្ត លើវិស័យសុខាភិបាល និងផ្តល់សេវាសុខភាពជូនពលរដ្ឋឱ្យកាន់តែមានភាពស៊ីវិល ទាន់សម័យ ប្រសិទ្ធភាព និងគុណភាពខ្ពស់»។ លោក ពិន ប្រាកដ ក៏បានកោតសរសើរចំពោះមន្ទីរសុខាភិបាលខេត្ត ដែលតែងមានទំនាក់ទំនងនឹងដៃគូអភិវឌ្ឍន៍នានា ក្នុងការជំរុញវិស័យសុខាភិបាលក្នុងខេត្តឱ្យមានការរីកចម្រើនជាទីមោទន៕
 


 

Tag:
 សុខាភិបាល
  JICA
  ជំនួយឥតសំណង
© រក្សាសិទ្ធិដោយ thmeythmey.com