ជាតិ
ព្រះមហាវិមលធម្ម ពិន សែម ជួយសង្រ្គោះល្ខោនស្បែកធំឱ្យរស់ឡើងវិញ
26, Dec 2021 , 6:59 pm        
រូបភាព
ការសម្ដែងសិល្បៈល្ខោនស្បែកធំរបស់ក្រុមសិល្បៈល្ខោនស្បែកធំវត្តរាជបូណ៌ខេត្តសៀមរាប។ រូបភាព៖ ហាប់ គឹមអាន
ការសម្ដែងសិល្បៈល្ខោនស្បែកធំរបស់ក្រុមសិល្បៈល្ខោនស្បែកធំវត្តរាជបូណ៌ខេត្តសៀមរាប។ រូបភាព៖ ហាប់ គឹមអាន
សៀមរាប៖ បើនិយាយពីកេរ្តិ៍ឈ្មោះ ព្រះមហាវិមលធម្ម ពិន សែម ត្រូវបានមហាជនស្គាល់ជាទូទៅថា ជាព្រះចៅអធិការវត្តរាជបូណ៌ ហើយមហាជនទូទៅតែងស្ដាប់រាល់ឱវាទដាស់តឿនរបស់ព្រះអង្គភ្ជាប់ជាមួយធម៌វិន័យក្នុងពុទ្ធសាសនា។ អ្នកខ្លះប្រហែលមិនដឹងច្រើនទេថា ព្រះអង្គក៏ជាព្រះសង្ឃដែលបានជួយសង្រ្គោះសិល្បៈល្ខោនស្បែកធំក្នុងខេត្តសៀមរាបឱ្យរស់រានឡើងវិញ ក្រោយសង្រ្គាមផងដែរ។

 
សង្រ្គាម បានសម្លាប់សិល្បៈករជាច្រើន រាប់ទាំងអ្នកសិល្បៈករល្ខោនស្បែកធំផង។ សិល្បៈខ្លះបាត់បង់ទៅហើយ និងមួយចំនួនទៀតក៏ស្ទើរតែបាត់បង់ ដែលដើមហេតុទាំងអម្បាលម៉ានមកពីសង្រ្គាម។ 


 
ដោយព្រះទ័យនឹកស្ដាយ ស្រណោះសិល្បៈល្ខោនស្បែកធំ ដែលជាសិល្បៈមួយដ៏ពេញនិយមនាអតីតកាល ដែលធ្លាប់ឱ្យព្រះអង្គរីករាយកាលពីកុមារភាព ព្រះមហាវិមលធម្ម ពិន សែម បានខំស្វះស្វែង និងស្រាវជ្រាវ បង្កើតសិល្បៈនេះឡើងវិញ ក្នុងស្ថានភាពដ៏លំបាក។ នៅឆ្នាំ១៩៨៧ ព្រះចៅអធិការវត្តរាជបូណ៌ បានចាប់ផ្តើមប្រមែប្រមូលធនធានអ្នកសិល្បៈស្បែកធំ ដែលមានគ្នា២ទៅ៣នាក់ បង្កើតជាវង់សិល្បៈឡើងវិញ ទាំងឯកសារទាំងអម្បាលម៉ានបានបាត់បង់ក្នុងសម័យសង្រ្គាម។
 
ព្រះអង្គមានសង្ឃដីកាថា៖«អាត្មាមានចិត្តស្រឡាញ់ និងសោកស្ដាយសិល្បៈខ្មែរដែលបាត់បង់ក្នុងសម័យសង្រ្គាម និយាយទៅ គ្មានចាស់ទុំអាចឱ្យសិល្បៈស្បែកធំ រស់វិញ នៅសល់អ្នកសម្ដែង២ ៣នាក់  គិតថា ប្រហែលសាបសូន្យហើយ ស្រាវជ្រាវក៏គ្មានសោះ គាប់ខ្លួនឯងមានសេចក្ដីពេញចិត្តសិល្បៈស្បែកធំមក តាំងពីក្មេង ពេលមានបុណ្យអីមក គេតែងយកស្បែកធំទៅសម្ដែងរឿងរាមកេរ្តិ៍»។ 


 
ផ្តើមដំបូង ព្រះមហាវិមលធម្ម ពិន សែម បានយកកុមារតូចៗមកបង្ហាត់បង្រៀន ហើយការបង្រៀនគ្រប់ផ្នែក គឺតែមួយព្រះអង្គគត់ ដែលជាស្ថានភាពដ៏លំបាកជាខ្លាំង។ តែដោយសារចិត្តស្រឡាញ់ខ្លាំង ព្រះមហា បានខំតស៊ូរហូតសង្រ្គោះសិល្បៈស្បែកធំ ដែលជាសមិទ្ធផលដ៏ធំរបស់ព្រះអង្គ ទុកសម្រាប់ទៅអ្នកជំនាន់ក្រោយ។ សិល្បៈស្បែកធំនៅសៀមរាប មាន៧វគ្គប៉ុណ្ណោះ ចាប់ពីព្រះរាមតាមនាងសីតាឆ្លងសមុទ្រ រហូតដល់ព្រះរាមសម្លាប់ក្រុងរាពណ៍។
 
សិល្បៈស្បែកធំនៅវត្តរាជបូណ៌ គឺមានតែមួយទម្រង់ប៉ុណ្ណោះ និងមានទម្រង់ដើមពីបុរាណមក ដោយពុំមានការកែប្រែអ្វីឡើយ។ ព្រះមហា ពិន សែម ពន្យល់ថា៖« អ្នកខ្លះថា សម្ដែងមិនត្រូវ ថាខុស តែអ្នកនិយាយនោះទើបកើត ហើយមិនមែនអ្នកសៀមរាបទៅទៀត បានអាត្មាខំរក្សាទម្រង់ប្រពៃណីអ្នកសៀមរាប បើយើងកែប្រែ អ្នកក្រោយគេស្រាវជ្រាវរកចង់រកដើមមិនឃើញទេ អាត្មាប្រាប់អ្នកតន្រ្តី អ្នកសម្ដែង មិនអឱ្យកែទេ»។
 


ព្រះមហាវិមលធម្មមានសង្ឃដីកាទៀតថា៖« ស្រាវជ្រាវរកទៅ ចេះតែស្វះស្វែងខ្លួនឯង បង្កើតសិល្បៈស្បែកធំ រស់រៀនមានជីវិតឡើងវិញ មានបរទេស ខ្មែរខ្លះសួរ ថាអាចបង្កើតសិល្បៈស្បែកធំ តើជាអ្នកសិល្បៈ ថាមិនធ្លាប់ទេ ការរាំការច្រៀង ជាសិល្បៈករ ក៏មិនចេះ វាឆ្ងល់ ថាហេតុអ្វីធ្វើកើត តាមព្រះពុទ្ធសាសនា ឱ្យតែពេញចិត្ត មានឆន្ទៈ ខំស្រាវជ្រាវធ្វើទាល់តែបាន»។ ត្រង់ចំណុចនេះ ព្រះអង្គសង្កត់ធ្ងន់ថា ព្រះអង្គមិនមែនជាអ្នកងប់ងល់នឹងសិល្បៈទេ ព្រះអង្គជាអ្នកបួសមួយអង្គ ដែលជួយសង្រ្គោះសិល្បៈស្បែកធំឱ្យរស់ឡើងវិញតែប៉ុណ្ណោះ ហើយសព្វថ្ងៃ ព្រះអង្គក៏គ្មានសិទ្ធិអ្វីលើក្រុមសិល្បៈនេះដែរ។
 
តាមរយៈការស្រឡាញ់សិល្បៈនេះហើយ ទើបព្រះមហាវិមលធម្ម ពិន សែម ខំស្រាវជ្រាវ និងបង្កើតក្រុមសិល្បៈនេះឡើងវិញ ដោយមានទីតាំងស្ថិតនៅក្នុងវត្តរាជបូណ៌ និងដោយឱ្យឈ្មោះថា ក្រុមសិល្បៈស្បែកធំវត្តរាជបូណ៌ខេត្តសៀមរាប។ ក្រុមសិល្បៈនេះ តែងសម្ដែងតាមការអញ្ជើញពីសាធារណជនជិតឆ្ងាយ តាមពិធីបុណ្យទានផ្សេងៗ។ 


 
ក្រៅពីស្រឡាញ់សិល្បៈ ព្រះចៅអធិការវត្តរាជបូណ៌ មានសង្ឃដីកាថា ព្រះអង្គក៏ស្រឡាញ់ពេញចិត្តនឹងវត្ថុចំនួន៣ទៀតដែរ។ ព្រះមហាវិមលធម៌ ពិន សែម ៖« ក្នុងមួយជាតិនេះ របស់ដែលអាត្មាពេញចិត្តជាងគេមានបួន ទី១ ស្រឡាញ់រុក្ខជាតិ ដើមឈើទាំងអស់ ឈើមានក្លិនប្រណិតប្រើប្រាស់ សម្រាប់បរិភោគ ជាថ្នាំសង្កូវ អាត្មាព្យាយាមស្រឡាញ់ កាលសម័យខ្មែរក្រហម អាត្មាចេះផ្សំថ្នាំ គេដឹងគេឱ្យទៅធ្វើជាពេទ្យខ្មែរ បានរស់រៀនមានជីវិតដោយសារជំនាញនេះ។ ទី២ ស្រឡាញ់ពេញចិត្តគំនូរគូសវាស់  ដាប់ឆ្លាក់ ក្បាច់។ល។ ទី៣ ស្រឡាញ់បុរាណវត្ថុ ទី៤ ពេញចិត្តជាអ្នកបួសក្នុងពុទ្ធសាសនា របស់បួនយ៉ាងដែលស្រឡាញ់ ដែលពេញចិត្ត មិនមែនត្រឹមតែស្រឡាញ់ទេណា អ្នកដទៃគ្រាន់តែស្រឡាញ់ អាត្មាស្រឡាញ់ហើយធ្វើកើតទាំងអស់»។
 
ព្រះអង្គ ពិន សែម បញ្ជាក់ម្ដងទៀតថា៖« អាត្មាសូមជម្រាប អាត្មាជាអ្នកបួសក្នុងពុទ្ធសាសនា វាមិនទាន់ទងនឹងសិល្បៈអីនោះទេ សូមកុំឱ្យច្រឡំ មិនមែនជាការងារអាត្មាទេ ប៉ុន្តែនឹកគិតថា សិល្បៈវប្បធម៌ ដូរតន្រ្តីពីដើមមក ផ្ញើនៅវត្តអារាមទាំងអស់ នេះជារឿងពិត ចឹងវារលត់ហើយ បើអាត្មាមិនជួយសង្រ្គោះផង សូន្យហើយ ឥឡូវអាត្មាឈប់រវល់ហើយ ប្រគល់ឱ្យគេហើយ»។ 
 


ទោះបីរួមចំណែកសង្រ្គោះសិល្បៈស្បែកធំឱ្យមានជីវិតឡើងវិញក៏ដោយ តែព្រះមហា ពិន សែម នៅតែសញ្ចឹងគិត និងបារម្ភចំពោះការបាត់បង់សិល្បៈនានារបស់ជាតិ ខណៈដែលកូនខ្មែរខ្លះមិនសូវចាប់អារម្មណ៍ តួយ៉ាងសិល្បៈស្បែកធំជាដើម។ ការស្ដាប់ពុំយល់អត្ថន័យនៃពំនោលក្នុងសាច់រឿងរាមកេរ្តិ៍ ធ្វើឱ្យមហាជនមិនសូវចាប់អារម្មណ៍ ហើយអាចនឹងលែងមានអ្នកអភិរក្សបន្ត។  ព្រះមហា ពិន សែម៖« របស់អ្វីដែលគេលែងប្រើការ លែងស្គាល់ វានឹងបាត់បង់វិនាសសូន្យ បើមនុស្សនៅស្រឡាញ់ពេញចិត្ត គេនៅរក្សា នេះអាត្មាព្រួយបារម្ភចឹង។ អាត្មានិយាយពីស្រុកថៃ សព្វថ្ងៃក្រសួងគេពិនិត្យមើល ឃើញថា ពួកនិស្សិតបញ្ញាវន្តកូនថៃទាំងអស់ ទទួលយកវប្បធម៌ខាងអឺរ៉ុបទាំងអស់ តាំងពីសិល្បៈ វប្បធម៌ សំលៀកបំពាក់ សិល្បៈតន្រ្តីថៃចង់សូន្យ គេបារម្ភ [ក្រោយមក] តាំងពីបឋម គេបង្កើតឱ្យមានជាតូរ្យតន្រ្តី បង្រៀនភ្លេងពិណពាព្យ ទម្រាំកូនថៃបានស្គាល់ឡើងវិញ  យើងសព្វថ្ងៃក៏ដូចគ្នា ហែកឋិនមានធុងបាសគរគ្នា ក្មេងៗរាំង អាត្មាកើតសង្វែង បាត់បង់អស់ហើយ បើគ្មានអ្នកណាបង្ហាត់បង្រៀន»៕
 
 
 

Tag:
 ល្ខោនស្បែកធំ
  ព្រះមហាវិមលធម្ម ពិន សែម
  វត្តរាជបូណ៌
© រក្សាសិទ្ធិដោយ thmeythmey.com