ជាតិ
ទំនប់ និងការជួសជុលសំណង់ក្រោមទឹក
25, Dec 2021 , 8:09 pm        
រូបភាព
រូបភាព៖ លោក អន សុភាព
រូបភាព៖ លោក អន សុភាព
សៀមរាប៖ បុព្វបុរសខ្មែរបានសាងសង់សំណង់ប្រាសាទរាប់សិបកន្លែងនៅខេត្តសៀមរាប និងនៅតាមទីតាំងផ្សេងៗដោយបង្គប់នូវអត្ថន័យ និងគោលបំណងដាច់ពីគ្នា។ សំណង់ភាគច្រើនសង់ជាប់នឹងទឹក ហើយខ្លះទៀតសង់នៅកណ្ដាលទឹកតែម្ដង តួយ៉ាងប្រាសាទស្រះស្រង់ ដែលគេមើលឃើញជាក់ស្ដែង។ ក្រៅពីនោះ ប្រាសាទមេបុណ្យខាងលិច និងសំណង់ខ្លះទៀតដូចជាស្ពានហាល និងកាំជណ្ដើរច្រាំងកសិន្ធុអង្គរវត្ត ក៏ហ៊ុំព័ន្ធដោយទឹកខួបប្រាំងវស្សាមិនដាច់។

 
 
ច្រើនទសវត្សរ៍ក្រោយមក មិនថាសំណង់ទីទួលខ្ពស់ ឬក្នុងទឹក មានភាពទ្រុឌទ្រោមតាមពេលវេលា។ ក្នុងន័យអភិ រក្ស ក្រុមអ្នកជំនាញ បានប្រឹងប្រែងជាខ្លាំងដើម្បីសង្រ្គោះសំណង់ប្រាសាទទាំងនោះ មិនឱ្យបាក់បែក និងដួលរលំតាមអាយុកាល។
 
ក្នុងអត្ថបទមួយនេះ ខ្ញុំសូមនិយាយពីការងារជួសជុលសំណង់ក្រោមទឹកតែប៉ុណ្ណោះ។ ពិតណាស់ថា ការងារជួសជុលនិងអភិរក្សថ្មមានភាពលំបាក ហើយកាន់តែលំបាកទៀតនោះ គឺការងារជួសជុលក្នុងទឹក។ ដូច្នេះ មុននឹងចាប់ផ្តើមការងារនេះ គេត្រូវមានទំនប់ដ៏រឹងមាំមួយសិន។ 
 
តាមវចនានុក្រមសម្ដេច ជួន ណាត «ទំនប់» មានន័យថា ពំនូកដីដែលគេលើកទប់រាំងផ្លូវទឹក ហើយក៏មានន័យថា វត្ថុសម្រាប់ទប់ដំណើរឱ្យអាក់ ឱ្យទើសទាក់ទៅតាមលំអានតាមគន្លងមិនរួចផងដែរ។
 
ខ្ញុំសូមនាំប្រិយមិត្តទៅជួបលោក ម៉ៅ សុខនី ដែលគាត់និងក្រុមការងារកំពុងចាប់ផ្តើមការងារជួសជុលកាំជណ្ដើរច្រាំងកសិន្ធុអង្គរវត្ត។ លោក សុខនី បានពន្យល់ខ្ញុំពីដំណាក់កាលមួយៗនៅទីនោះ ពិសេសគឺការងាររៀបទំនប់តែម្ដង។ 


 
«ទំនប់នេះយើងមានខ្លះដែលយើងយក [គំរូ] ពីបុរាណខ្លះដែរ ដែលចាស់បុរាណយកផ្ដើស (បន្ទះឫស្សី) យកក្រងសងខាងហើយចាក់ដីចូល ហើយបន្ទាប់មកគាត់ធ្វើឈើហ្នឹងព័ន្ធជុំវិញ គាត់ចាក់ដីចូល ដោយឥឡូវវាសម័យទំនើបទៅ យើងប្រើដែក ដែកញីឈ្មោល យើងសូក យើងបុកបង្ហាប់បញ្ចូលក្នុងដី ហើយចាក់ដីចូល។»
 
គំរូដែលស្ថាបត្យករ ម៉ៅ សុខនី ធ្វើទំនប់ពីបន្ទះដែកញីឈ្មោះនេះ ជាការអនុវត្តទី២ហើយ បន្ទាប់ពីការដ្ឋានជួសជុលប្រាសាទស្រះស្រង់។ បទពិសោធន៍ជោគជ័យនៃការរៀបចំទំនប់បែបនេះពីប្រាសាទស្រះស្រង់ ទើបលោក ម៉ៅ សុខនី សម្រេចយកមកអនុវត្តបន្តនៅកសិន្ធុអង្គរវត្ត ដោយបច្ចេកទេសបុរាណ លាយនឹងទំនើប គឺមានការរៀបចំជាបន្ទះដែកសងខាងដោយទុកប្រលោះកណ្ដាលមួយម៉ែត្រ សម្រាប់ចាក់ដីឥដ្ឋបំពេញ។ 
 
នៅជ្រុងខាងត្បូងស្ពានហាលអង្គរវត្តឯណោះវិញ ក៏មានការជួសជុលច្រាំងកសិន្ធុដែរ។ តែទីនោះ គឺត្រូវរើថ្មដែលដួលដេកខុសពីទម្រង់ដើម ចេញឱ្យអស់ មុននឹងរៀបចំបង្ហាប់ដីបាតគ្រឹះ ដាក់តំរៀបថ្មសារជាថ្មី។ នៅទីនោះ ខ្ញុំបានទៅជួបលោកស្រី នង បូរ៉ាវី ទទួលបន្ទុកគ្រប់គ្រងការងារជួសជុល។ នៅចុងឆ្នាំ២០២១ នេះ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានទម្លាក់គម្រោងជួសជុលច្រាំងកសិន្ធុនៅប៉ែកខាងត្បូងស្ពានហាលនេះ ចំនួន២០ម៉ែត្របន្តទៀត បន្ទាប់ពីបានជួសជុលប្រមាណ១០០ម៉ែត្រមកហើយ ចាប់ពីចំណុចមុខនាគទៅខាងជើង។


 
ដោយសារទីតាំងជួសជុលសុទ្ធតែនៅក្រោមទឹក មុនចាប់ផ្តើមជួសជុល គឺត្រូវសង់ទំនប់ជាមុនសិន។ ម្ខាងនេះ លោកស្រី បូរ៉ាវី ជ្រើសរើសការសង់ទំនប់ពីការច្រកដីក្នុងការ៉ុង ឬបាវ។ អាចថាជាបច្ចេកទេសបុរាណបន្ដិច ប្រើពេលយូរ តែគុណភាពមិនអន់ទេ។ 
 
បុរាណវិទូ បូរ៉ាវី រៀបរាប់ពីបច្ចេកទេសធ្វើទំនប់ពីបាវដីយ៉ាងដូច្នេះថា៖« ទំនប់របស់យើងធ្វើឡើងពីបាវដី បាវដីតំរៀបគ្នាសងខាង មុខកាត់ទទឹងទំនប់២ម៉ែត្រ ហើយនៅចន្លោះកណ្ដាលគឺយើងចាក់ដី ហើយដើម្បីឱ្យបាវដីរបស់យើងឈរមានសភាពមាំល្អ គឺយើងបានដាក់បង្គោលរបាឈើនិងបន្ទះឈើ រឹតអមសងខាងបាវដី ដើម្បីឱ្យទំនប់បាវដីរបស់យើងមានភាពរឹងមាំល្អ ជៀសវាងរលកទឹកបុកបាក់ទៅធ្វើឱ្យការបិទទំនប់របស់យើងបរាជ័យ ហើយដីក្នុងបាវគឺយើងប្រើប្រាស់ប្រភេទដីឥដ្ឋសុទ្ធ ដែលធានាថា វាហាប់ល្អ មិនជ្រាបទឹក»។
 
ត្រូវហើយ វិធីសាស្រ្ដនេះត្រូវការពេលយូរបន្ដិច ព្រោះត្រូវការកម្លាំងសម្រាប់ច្រក ជញ្ជូន និងតម្រៀប ទម្រាំងពេញទំនប់។ ការសង់ទំនប់ គឺត្រូវមានទំហំវែងជាងទីតាំងដែលត្រូវជួសជុល។ នៅច្រាំងកសិន្ធុអង្គរវត្តនេះ បុរាណវិទូ បូរ៉ាវី បានសង់ទំនប់២៥ម៉ែត្រ ក្នុងការដ្ឋានជួសជុលច្រាំងកសិន្ធុ២០ម៉ែត្រ ហើយដែលមានកម្ពស់២,៥ម៉ែត្រ ឬលើសពីនេះបន្ដិច នៅពេលរដូវភ្លៀង កម្ពស់ទឹកក្នុងកសិន្ធុហក់ឡើងនោះ ក្រុមការងារត្រូវបង្កើនបាវដីទៀត ធ្វើយ៉ាងណាឱ្យវាខ្ពស់ជាងទឹកក្នុងកសិន្ធុ។


 
ចំពោះវិធីសាស្រ្ដនេះ បុរាណវិទូ បូរ៉ាវី ប្រាប់ថា មានគុណភាពល្អ និងអត្ថប្រយោជន៍មួយចំនួន។ តួទំនប់ មានភាពរឹងមាំ មិនងាយខូចខាត ឬជ្រាបទឹកនោះទេ ក្រៅតែពីការរំខានតិចតួចពីពពួកសត្វក្ដាម ដែលកាយដីរុលពីម្ខាងទៅម្ខាង។ ចំណែកបាវដី ក្រោយពេលជួសជុលរួច អាចរើទៅរៀបទំនប់ថ្មីទៀតបាន ដែលគុណភាពអាចនៅល្អប្រមាណ៥០ភាគរយដែរ។
 
ងាកទៅការដ្ឋានជួសជុលស្ពានហាលអង្គរវត្តឯណោះវិញ ខ្ញុំបានជួបលោក អន សុភាព។ នៅទៅនោះ គឺត្រូវសង់ទំនប់ធំ ព្រោះជាគម្រោងជួសជុលធំ គឺតួស្ពានហាលមានកម្ពស់ខ្ពស់ ហើយថែមទាំងដើម្បីសម្រួលដល់គ្រឿងចក្របរកាត់ពីលើទំនប់នោះផង។ ការដ្ឋាននេះ បានសង់ទំនប់ទទឹងដល់ទៅ៥ម៉ែត្រ និងមានប្រវែងជាង១៣០ម៉ែត្រ។ ដំណាក់កាលសាងសង់ទៀតសោត មានការលំបាកខ្លាំង ព្រោះកម្ពស់ទឹកជ្រៅ កម្មករត្រូវជ្រមុជទឹកដើម្បីដាំបង្គោលឈើ មុននឹងរៀបចំបាវដី ឬការ៉ុងដីដាក់សងខាង និងចាក់ដីឥដ្ឋបំពេញតាមប្រលោះកណ្ដាល។
 
ដូចបាននិយាយពីខាងដើមអ៊ីចឹង ទំនប់មានសារសំខាន់ណាស់សម្រាប់ការងារជួសជុលសំណង់ក្រោមទឹក។ ដូចនៅស្ពានហាលនេះ បុរាណវិទូ អន សុភាព ពន្យល់ថា ចំណុចចាប់ផ្តើមគឺសង់ទំនប់ឱ្យមាំសិន ដើម្បីទប់ទឹក ព្រោះក្រុមជាងជំនាញត្រូវការជួសជុលផ្នែកគ្រឹះខាងក្រោមស្ពានហាលដែលខូចខាតខ្លាំង។ 


 
«ទំនប់នេះសំខាន់ណាស់ ព្រោះការជួសជុលស្ពានហាលបើអត់ទំនប់នេះ ជួសជុលអត់កើតទេ ចឹងបានការងារដំបូងបំផុតនៃការរៀបចំការដ្ឋានហ្នឹង គឺយើងធ្វើទំនប់ដីមុនគេ ពីព្រោះអីបើយើងមិនធ្វើទេយើងមើលឃើញស្រាប់ហើយ គឺថាផ្ទៃទឹកវាលិច គឺថា ស្ពានហ្នឹង [លិច] ប្រហែលជិត២ម៉ែត្រហើយ បាទវាលិចតួស្ពានខាងក្រោមប្រហែល២ម៉ែត្រ ហើយយើងដឹងហើយ ស្ពានហាលនេះវាខូចខាតខ្លាំងគឺគ្រឹះរបស់វាហ្នឹងហើយ គ្រឹះកាំជណ្ដើរចុះទៅក្រោម ហើយហ្នឹងអាផ្នែកខាងក្រោមនៃជញ្ជាំង វាខូចខ្លាំង ចឹងអ្វីៗដែលខូចនៅក្នុងទឹកទាំងអស់ ចឹងទល់តែយើងធ្វើទំនប់នេះទប់ ហើយយើងបូមទឹកចេញបានយើងធ្វើការជួសជុលបាន»។
 
ក្រៅពីតួនាទីទប់ទឹក ទំនប់នៅការដ្ឋានជួសជុលស្ពានហាលអង្គរវត្តនេះ ក៏ដើរសំខាន់សម្រាប់ផ្ទុក និងបើកបរគ្រឿងចក្រផងដែរ ព្រោះគេមិនអាចបើកគ្រឿងចក្រទាំងនោះលើស្ពានហាលបានទេ ដោយសារមានទម្ងន់ធ្ងន់ខ្លាំង។ 
 
ការងារជួសជុល និងអភិរក្សប្រាសាទ ជាកិច្ចការមួយដែលមានការអត់ធ្មត់ សន្សឹមៗ និងផ្ចិតផ្ចង់ខ្លាំង ហើយកាន់តែពិបាកទៅទៀតនោះ គឺការជួសជុលសំណង់ក្រោមទឹកនេះឯង។ 


 
បុរាណវិទូ អន សុភាព ពន្យល់យ៉ាងដូច្នេះថា៖«...ការដ្ឋាននៅក្នុងទឹកលំបាកហើយ មិនមែនតែការដ្ឋានហ្នឹងមួយទេ ស្រះស្រង់ ច្រាំងកសិន្ធុអង្គរ យើងមានត្រួតពិនិត្យជាប្រចាំនូវទឹកហ្នឹង  ជួនកាលទៅ ធ្លាយទំនប់ក៏មានដែរ ទំនប់ហ្នឹងវាបាក់មួយផ្នែកណាមួយ យើងត្រូវការជួសជុលបន្ទាន់  ជាពិសេសយើងត្រូវដាក់ម៉ាស៊ីនបូមទឹកជាប្រចាំ ២៤ម៉ោង យើងមានអ្នកយាមសម្រាប់បូម ទល់តែយើងបូមទឹកនឹងអស់ បានយើងធ្វើការជួសជុលហ្នឹងកើត...លក្ខខណ្ឌខ្លះគឺតម្រូវឱ្យពេលជួសជុលយើងបិទកំបោរបាយអរ ឬប្រើស្អីហ្នឹង យើងអត់ឱ្យទឹកមកប៉ះទេយ៉ាងតិច៣ម៉ោង កន្លែងខ្លះគឺទៅ៦ម៉ោង មិនឱ្យទឹកមកជ្រាប កាលណាទឹកមកប៉ះលើកំបោរបាយអរ ពេលហ្នឹងធ្វើឱ្យខូចគុណភាព»។
 
ចំណែកស្ថាបត្យករ ម៉ៅ សុខនី៖« បើយើងប្រៀបធៀបទៅ សំណង់ខ្មែរយើងច្រើននៅជាប់នឹងទឹក ប៉ុន្តែគ្រាន់ថាសំណង់ខ្លះវានៅក្នុងទឹកតែម្ដង សំណង់ខ្លះវាអត់ជាប់ទឹកទេ ប៉ុន្តែគ្រាន់ថាវាលើគោក ចឹងនៅលើគោកវាស្រួលជាងដល់២ទៅ៣ដងឯណោះ វាស្រួលម៉េច ទី១យើងគ្រាន់តែធ្វើគ្រឹះអីនៅលើ ស្រាវជ្រាវអីនៅលើ នៅផ្នែកខាងលើទេ ប៉ុន្តែចំពោះសំណង់ក្នុងទឹកយើងត្រូវស្រាវជ្រាវវា រហូតទៅដល់ក្រោមទឹកទៅទៀត ដើម្បីឱ្យ [ដឹង] ក្រោមទឹកនៃសំណង់វាមានបាតគ្រឹះធ្វើពីអ៊ី»។


 
ទោះសាងសង់ក្នុងទម្រង់បុរាណ ដែលរៀបចំការ៉ុងដី ឬតាមបច្ចេកទេសទំនើបដោយប្រើបន្ទះដែក អ្នកជំនាញជួសជុល និងកិច្ចអភិរក្ស តែអះអាងពីសារប្រយោជន៍នៃទំនប់ទាំងនោះ ថាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួសជុលសំណង់ប្រាសាទក្រោមទឹក។ ទាំងលោក ម៉ៅ សុខនី លោក អន សុភាព និងលោកស្រី បូរ៉ាវី ម្នាក់ៗសុទ្ធតែគិតគូរ និងផ្តល់តម្លៃសំខាន់លើការងាររៀបចំទំនប់នេះ។ ការសង់ទំនប់ ជាការងារចម្បងដែលត្រូវធ្វើមុនគេ និងធ្វើឱ្យល្អ ទើបការងារជួសជុលនិងអភិរក្សប្រាសាទបានល្អទៅបាន បើបរិមាណទឹកក្នុងតំបន់ការដ្ឋានមិនប្រែប្រួលទ្បើងចុះ ។

© រក្សាសិទ្ធិដោយ thmeythmey.com