ជាតិ
ក្រៅពីជំរុញទេសចរណ៍ បុណ្យខ្លែងបន្ទាយស្រី ធ្វើឡើងក្នុងន័យអភិរក្សខ្លែងខ្មែរ
24, Dec 2021 , 6:59 pm        
រូបភាព
សៀមរាប៖ ពិធីបុណ្យខ្លែងឯកបន្ទាយស្រី ត្រូវបានបង្កើតឡើងដោយរដ្ឋបាលស្រុកបន្ទាយស្រី ក្នុងន័យជំរុញវិស័យទេសចរណ៍។ មិនតែប៉ុណ្ណោះ បុណ្យនេះ ក៏ដើម្បីចូលរួមអភិរក្សខ្លែងឯកខ្មែរ​ដែរ​។



 
អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ លើកឡើងថាពិធីបុណ្យខ្លែងឯកបន្ទាយស្រី ជាគំនិតមួយ ក្នុងន័យជំរុញវិស័យទេសចរណ៍ ស្របពេលដែលប្រទេសបើកជំហវិស័យនេះឡើងវិញ ក្រោយផ្អាកមួយរយៈ ដោយសារជំងឺកូវីដ-១៩។ លោក ឃឹម ហ្វីណង់ បន្ថែមថា៖«បុណ្យខ្លែង ជាព្រឹត្តិការណ៍ដំបូង ក្នុងគោលដៅបង្កើតជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ធម្មតាជាស្រុកទេសចរណ៍ តែងសម្លឹងមើលបង្កើតព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទាក់ទាញទេសចរ មកលេងបន្ទាយស្រីម្ដងហើយម្ដងទៀត។ កន្លងមក យើងធ្លាប់រៀបចំពិធីដាល់អំបុករួចហើយ នៅចុងឆ្នាំនេះ យើងគ្រោងពិព័រណ៍ម្ហូបអាហារជនបទ នៅព្រះដាក់»។ 


 
លោកបន្តថា​ ការបង្កើតព្រឹត្តិការណ៍អ្វីមួយក្នុងស្រុកនេះ គឺដោយសារមើលឃើញពីភាពអំណោយផលនៃពេលវេលា ភូមិសាស្រ្ដផង និងជាប្រភេទព្រឹត្តិការណ៍ស្របតាមស្រុកភូមិ។ តួយ៉ាងភូមិសសី ដែលមានទេសភាពស្រស់ស្អាត នៅជាប់ជើងភ្នំគូលែន និងជាព្រឹត្តិការណ៍ មិនទាមទារឱ្យមានភាពស្មុគស្មាញច្រើន មិនមានហានិភ័យពីកូវីដ ហើយទេសចរាប់អារម្មណ៍ច្រើន។


 
 លោក ឃឹម ហ្វីណង់ ពន្យល់ប្រាប់សារព័ត៌មានថ្មីៗ នាពិធីបុណ្យខ្លែងឯកដែលធ្វើឡើងក្នុងភូមិសសី ឃុំត្បែង កាលពីថ្ងៃទី១៩ ខែធ្នូថា ជាទូទៅប្រជាពលរដ្ឋខ្មែរ និយមលេងខ្លែងនៅរដូវប្រមូលផល ក្នុងជំនឿថា ការបង្ហោះខ្លែងអាចបំបែកពពក កុំឱ្យមានភ្លៀងធ្លាក់ ខូចខាតដំណាំដែលកំពុងប្រមូលផល​។


 
ក្រៅពីជំរុញវិស័យទេសចរហើយនោះ ពិធីបុណ្យខ្លែងឯកនេះ ក៏រៀបចំឡើង​ដើម្បីអភិរក្សខ្លែងឯករបស់ខ្មែរផងដែរ។ ចាស់ព្រឹទ្ធាចារ្យច្រើនរូប ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីបុណ្យមួយនេះ មានមកពីខេត្តកំពង់ធំ សៀមរាបជាដើម ក្នុងនោះក៏មានការចូលរួមពីខាងសមាគមអភិវឌ្ឍន៍ និងអភិរក្សខ្លែងឯកពីរាជធានីភ្នំពេញផងដែរ។ នេះជាលើកទី១ ដែលរដ្ឋបាលស្រុកបន្ទាយស្រី រៀបចំពិធីនេះឡើង និងមានបំណងរៀបចំជាពិធីបុណ្យប្រចាំឆ្នាំផងដែរ។


 
ដោយសារជាស្រុកទេសចរណ៍ លោក ឃឹម ហ្វីណង់ ដែលជាអភិបាលស្រុក មានគោលដៅវែងឆ្ងាយសម្រាប់ ឆ្នាំ២០២២ ខាងមុខនេះ។ លោកបង្ហើបថា នឹងបន្តរៀបចំព្រឹត្តិការណ៍ ឬកម្មវិធីជាញឹកញាប់ ដែលអាច២ខែម្ដង ឬរៀងរាល់ពេលបុណ្យទានសំខាន់ៗ គោលដៅដើម្បីបង្កើតឱកាសរកប្រាក់ចំណូល សម្រាប់ពលរដ្ឋក្នុងស្រុក តាមរយៈការស្ទុះងើបឡើងវិញរបស់ទេសចរ ពិសេសទេសចរក្នុងស្រុក ដែលនឹងអាចជួយសេដ្ឋកិច្ចមួយដល់ប្រជាពលរដ្ឋ  ដែលកន្លងមកប៉ះពាល់ដោយសារជំងឺកូវីដ-១៩៕

Tag:
 ខ្លែងឯក
  ខ្លែងឯកបន្ទាយស្រី
© រក្សាសិទ្ធិដោយ thmeythmey.com