ជាតិ
ក្រុមយុវជន ចុះស្វែងយល់ពីការអភិរក្សសត្វស្លាប នៅតំបន់ព្រែកទាល់
26, Dec 2021 , 12:29 pm        
រូបភាព
បាត់ដំបង៖ យុវជនមួយក្រុម បានចុះសិក្សា និងស្វែងយល់ពីតំបន់អភិរក្សសត្វស្លាបព្រែកទាល់ ដែលជាតំបន់សត្វស្លាបធំជាងគេនៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍។ ក្រុមយុវជនយល់ថា ពួកគេបានចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីផ្សព្វផ្សាយ និងអភិរក្សធនធានជីវៈចម្រុះទាំងនោះ។

 
សត្វស្លាបរាប់ពាន់ក្បាល បានបង្ហាញវត្តមាននៅតំបន់ព្រៃលិចទឹកព្រែកទាល់ ស្ថិតនៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ខណៈដែលរដូវពងកូនចូលមកដល់។ ក្រុមយុវជន ដែលកំពុងសិក្សានៅរាជធានីភ្នំពេញ តាមរយៈគម្រោងអេកូយុវទូត បានធ្វើដំណើរទៅកាន់ដែនជម្រកសត្វស្លាបព្រែកទាល់ ដែលនៅទីនោះ ពួកគេបានឃើញវត្តមានសត្វស្លាបជាច្រើន និងច្រើនប្រភេទ ដែលខ្លះមិនធ្លាប់ស្គាល់ពីមុន។ 
 

សត្វស្លាបនៅតំបន់ព្រែកទាល់។ រូបភាព៖ លោក ស៊ាន ម៉ារឌី ក្រុមហ៊ុន សំ វាសនា ខន់សឺវេសិនធួរ 

កញ្ញា អាំង សិរីរតន៍ សហស្ថាបនិកអេកូយុវទូត ដែលដឹកនាំក្រុមយុវជនទៅកាន់សហគមន៍ព្រែកទាល់ កាលពីពាក់កណ្ដាលខែធ្នូកន្លងទៅ ប្រាប់សារព័ត៌មានថ្មីៗថា ទស្សនកិច្ចនៅពេលនេះ គឺស្ថិតក្នុងគម្រោងលើកកម្ពស់ការយល់ដឹងពីទន្លេមេគង្គ និងជីវៈចម្រុះតាមដងទន្លេ ដោយផ្តោតសំខាន់លើការអភិរក្សសត្វស្លាបដែលកំពុងប្រឈមនឹងការបាត់បង់។ កញ្ញា អាំង សិរីរតន៍ បន្តថា៖« ជាក្រុមយុវជន អេកូយុវជនជំនាន់សត្វស្លាបទឹក គាត់ត្រូវបានជ្រើសរើសមកចូលរួមកម្មវិធី គាត់គូរសត្វស្លាបកម្រនៅស្រុកខ្មែរ ទើបយើងចង់នាំពួកគាត់ មកស្គាល់សត្វស្លាបកម្រដោយផ្ទាល់ នៅព្រែកទាល់ ។ គាត់ត្រូវគូរ និងសរសេរព័ត៌មាន ពីជីវសាស្រ្ដរបស់សត្វ ទីជម្រក អ៊ីចឹងយើងមិនចង់ឱ្យគាត់ គ្រាន់តែអានឯកសារទេ ចង់ឱ្យគាត់មកឃើញផ្ទាល់ ហើយចង់ផ្សារភ្ជាប់ខ្លួនគាត់ ទៅតំបន់អេកូព្រែកទាល់ ហើយបានឃើញសហគមន៍មូលដ្ឋានតែម្ដង។ នេះជាឱកាសមួយ ឱ្យគាត់កសាងទំនាកទំនង និងដក់ជាប់ក្នុងចិត្តតែម្ដង»។
 


សត្វស្លាបនៅតំបន់ព្រែកទាល់។ រូបភាព៖ លោក ស៊ាន ម៉ារឌី ក្រុមហ៊ុន សំ វាសនា ខន់សឺវេសិនធួរ 

អេកូយុវទូត ជាផ្នែកមួយនៃគម្រោងអច្ឆរិយភាពទន្លេមេគង្គ ក្រោមជំនួយឧបត្ថម្ភពី USAID។  គម្រោងនេះបង្កើតឡើងជាង៣ឆ្នាំហើយ ដោយផ្តោតសំខាន់ លើការផ្សព្វផ្សាយពីទន្លេមេគង្គ ពីជីវៈចម្រុះ ធ្វើយ៉ាងណាឱ្យយុវជន ឃើញពីភាពអស្ចារ្យនៃទន្លេមេគង្គ។ ចំណែកអេកូយុវជនជំនាន់សត្វស្លាបទឹក គឺមានបំណងជំរុញការផ្សព្វផ្សាយសត្វស្លាប ដោយយុវជននឹងគូរសត្វស្លាប ហើយចងក្រងជាសៀវភៅផាត់ពណ៌ ដើម្បីចែករំលែកទៅក្មេងៗ រៀនផាត់ពណ៌សត្វ និងដឹងព័ត៌មានបន្ថែម ពីសត្វស្លាបទាំងនោះ។ នេះជាការបញ្ជាក់ពីកញ្ញា អាំង សិរីរតន៍។
 
និស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ផ្នែកជលផល កញ្ញា សាំង សារ៉ង បានបង្ហាញអារម្មណ៍រីករាយជាខ្លាំង នៅពេលបានមកដល់បន្ទាយសត្វស្លាបព្រែកទាល់។  តាំងពីតូច សារ៉ង មាននិស្ស័យជាមួយសត្វស្លាបជាខ្លាំង និងតែងអង្គុយមើលសត្វស្លាប ហោះហើរតាមដើមឈើនៅក្រោយផ្ទះ។ អារម្មណ៍ពេលមកដល់តំបន់សត្វស្លាប ដែលអាចឃើញសត្វតូចធំរាប់ពាន់ក្បាល សារ៉ង សឹងមិនជឿថា នៅកម្ពុជាមានពពួកសត្វទាំងនោះឡើយ។ សារ៉ង រៀបរាប់ថា៖«អត់ដែលដឹងថា កម្ពុជាមានប្រភេទសត្វស្លាបចឹងទេ ទើបបានមកផ្ទាល់ និងឃើញ មោទកភាពដែលយើងមានធនធានទាំងនេះ»។ 
 


សត្វស្លាបនៅតំបន់ព្រែកទាល់។ រូបភាព៖ លោក ស៊ាន ម៉ារឌី ក្រុមហ៊ុន សំ វាសនា ខន់សឺវេសិនធួរ 

និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង រូបនេះបញ្ជាក់ថា ខ្លួនបានត្រៀមរួចរាល់ហើយ ក្នុងនាមជាយុវជនមួយរូប ដើម្បីចូលរួមអភិរក្សជីវៈចម្រុះទាំងនោះ តាមរយៈការផ្សព្វផ្សាយ កុំឱ្យមានការប្រមូលផលសត្វព្រៃ និងគិតថាវាសត្វព្រៃជាចំណីមនុស្ស។ ប្រជាពលរដ្ឋ អាចជ្រើសរើសចំណីអាហារអ្វីផ្សេងបរិភោគ ជាជាងសត្វស្លាប។
 
នៅព្រឹកព្រលឹមស្រាងៗ ក្រុមយុវជនដែលមានគ្នាសរុប១៥នាក់ បានធ្វើដំណើរតាមកាណូតទូករបស់សហគមន៍ចំនួន២គ្រឿង ចេញពីផ្ទះស្នាក់ឆ្ពោះទៅបន្ទាយសត្វ។ ធ្វើដំណើររយៈពេលជិត១ម៉ោង ពួកគេបានទៅដល់បន្ទាយសត្វ ដែលនៅទីនោះ មានឧទ្យាននុរក្សចំនួន២រូប នៅយាម និងចាំទទួលស្វាគមន៍ទេសចរ។ 
 


សត្វស្លាបនៅតំបន់ព្រែកទាល់។ រូបភាព៖ លោក ស៊ាន ម៉ារឌី ក្រុមហ៊ុន សំ វាសនា ខន់សឺវេសិនធួរ 

លោក រី ភារម្យ ជាឧទ្យាននុរក្សមួយរូប ដែលធ្វើការនៅទីនោះតាំងពីចុងឆ្នាំ២០០៩មក។ មានវ័យ៣៣ឆ្នាំ លោក រី ភារម្យ រីករាយចំពោះវត្តមានខ្លួន ក្នុងការចូលរួមអភិរក្សសត្វស្លាបក្នុងសហគមន៍របស់ខ្លួន។ ភារម្យ ប្រាប់សារព័ត៌មានថ្មីៗថា៖« ខ្ញុំគិតថា ខ្ញុំជាផ្នែកមួយសំខាន់ក្នុងការការពារ អភិរក្សធនធានសត្វស្លាបដែលធំជាងគេ ព្រោះនៅអាស៊ីអាគ្នេយ៍។ នៅព្រែកទាល់ មានសត្វច្រើនជាងគេ  ចង់អភិរក្សដល់កូនក្មេងៗក្រោយទៀត ព្រោះសត្វខ្លះជិតផុតពូជ ដូចតាដក់ ចង់ការពារតាមដែលអាចធ្វើបាន។ ភ្ញៀវមក មានចំណូលដល់សហគមន៍»។
 
តាមការលើកឡើងរបស់លោក ភារម្យ សត្វស្លាបនាអំឡុងខែនេះ មានចំនួនច្រើនជាងឆ្នាំមុន និងស្របពេលរដូវពងកូនចូលមកដល់ផង។ សត្វទាំងនោះមានដូចជា ទង់ តាដក់ធំ ក្អែកទឹកតូច ក្អែកទឹកធំ រនាលពណ៌ ក្ងោកខ្លួនរលោង ស្មោញ និងសត្វចង្កៀងខ្យង ដែលសរុបក្នុងបន្ទាយធំ ដែលក្រុមយុវជនទៅទស្សនានេះ មានជាងមួយម៉ឺនក្បាល។ នេះបើតាមការបញ្ជាក់ពីឧទ្យាននុរក្ស លោក រី ភារម្យ។


 សត្វស្លាបនៅតំបន់ព្រែកទាល់។ រូបភាព៖ លោក ស៊ាន ម៉ារឌី ក្រុមហ៊ុន សំ វាសនា ខន់សឺវេសិនធួរ 

ក្រៅពីរីករាយជាមួយការងារប្រចាំថ្ងៃហើយ មន្រ្តីឧទ្យាននុរក្សរូបនេះ ក៏បង្ហាញពីការលំបាកខ្លះៗដែលលោក និងក្រុមការងារប្រឈមផងដែរ ដូចជាករណីចោរលួចចូលបន្ទាយ ចាប់សត្វ និងយកពងទៅលក់ជាដើម តែថាករណីនេះ មិនមានញឹកញាប់ទេ។ បន្ថែមពីនេះ កង្វះកម្លាំងសម្រាប់ល្បាត ក៏ជាផលលំបាកសម្រាប់ការការពារ និងអភិរក្សសត្វស្លាបនៅតំបន់ព្រែកទាល់នេះផងដែរ៕
 
 
 

Tag:
 សត្វស្លាប
  ព្រែកទាល់
  តំបន់រាមសារ
 បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com