ជាតិ
សៀមរាបរៀបចំពិព័រណ៍ផលិតផលក្នុងស្រុក៣ថ្ងៃនាឱកាសបុណ្យឆ្លងឆ្នាំសកល
30, Dec 2021 , 5:18 pm        
រូបភាព
សៀមរាប៖ ដើម្បីអបអរពិធីបុណ្យឆ្លងឆ្នាំសកល និងទាក់ទាញទេសចរ អាជ្ញាធរខេត្តសៀមរាបបានរៀបចំពិព័រណ៍ផលិតផលក្នុងស្រុករយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី៣០ ៣១ ធ្នូ ឆ្នាំ២០២០ និងថ្ងៃទី១ មករា ឆ្នាំ២០២២។

 
ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប លោក ភឿន គឹមលី ​បានឱ្យដឹងថា ស្ដង់ពិព័រណ៍ដែលកំពុងរៀបចំនេះខុសប្លែកពីមុនៗ ដោយមានការរៀបចំជាស្ដង់ម្ហូបអាហារ បន្លែ ផ្លែឈើ និងផលិតផលចម្រុះទូទៅ ក្នុងន័យដើម្បីអបអរបុណ្យឆ្លងឆ្នាំសកល ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកកម្សាន្តខេត្តសៀមរាប។


 
លោក គឹមលី បន្ថែមថា ការរៀបចំកម្មវិធីនៅពេលនេះ គឺជាការជំរុញពីអភិបាលខេត្ត ក្នុងន័យធ្វើយ៉ាងណា ឱ្យខេត្តសៀមរាប មានចរន្តសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាជំរុញលើវិស័យទេសចរណ៍ក្នុងខេត្តនេះ ឱ្យកាន់តែរីករាយបន្ថែមទៀត។ 


 
តាមលោកប្រធានមន្ទីរពាណិជ្ជកម្ម ទីតាំងនៃការរៀបចំស្ដង់ពិព័រណ៍ខាងលើ ស្ថិតនៅសួនច្បារព្រះរាជដំណាក់ ដែលមានស្ដង់សរុបប្រមាណ ៥០ ដែលពេលនេះ រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ កំពុងមមាញឹកក្នុងការរៀបចំឱ្យទាន់ពេលវេលាដែលគ្រោងទុក។ ជាមួយគ្នានេះ ក៏មានការចូលរួមពីខាងសាលាក្រុង និងសហភាពសហព័ន្ធយុវជនខេត្តសៀមរាប ដើម្បីជួយលើការរៀបចំ និងត្រួតពិនិត្យការអនុវត្តវិធានការសុខាភិបាលផងដែរ។ លោក ភឿន គឹមលី រំពឹងថា ព្រឹត្តិការណ៍នេះនឹងទាក់ទាញទេសចរច្រើនមកខេត្តសៀមរាប ខណៈអាជ្ញាធរខេត្ត និងតាមស្រុកនានា បានរៀបចំកម្មវិធីជាច្រើន៕





Tag:
 ពិព័រណ៍ផលិតផលក្នុងស្រុក
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com