កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករបាល់ទាត់១០នាក់ប្រែខ្លួនទៅជាអ្នកនយោបាយ
10, Apr 2022 , 9:29 am        
រូបភាព
មានកីឡាករបាល់ទាត់ជាមួយចំនួនបានបញ្ចប់អាជីពជាកីឡាករបាល់ទាត់របស់ពួកគេហើយបន្តចាប់យកអាជីពជាគ្រូបង្វឹក ឬអ្នកចាត់ការក្រុមវិញ ហើយមួយភាគធំក៏មិនបាត់មុខពីវិស័យនេះ។ យ៉ាងណា ក្នុងចំណោមពួកគេ មានអតីតកីឡាករខ្លះបានងាកទៅរកអាជីពនយោបាយបន្ទាប់វិញ ខណៈអ្នកខ្លះជោគជ័យ ឯខ្លះទៀតត្រូវនិរទេសខ្លួនក៏មាន។



ខាងក្រោមនេះយើងនឹងបង្ហញលោកអ្នកអំពីអតីតកីឡាករល្បីឈ្មោះចំនួន១០រូប ដែលចាប់យកអាជីពនយោបាយក្រោយចូលនិវត្តន៍ពីបាល់ទាត់៖

១.Pele
វីរបុរស់ប្រេស៊ីលរូបនេះ ធ្លាប់បម្រើការជារដ្ឋមន្ត្រីកីឡារបស់ប្រទេសប្រេស៊ីល។ Pele បានបង្កើត «ច្បាប់Pelé» ដែលព្យាយាមកាត់បន្ថយអំពើពុករលួយក្នុងវិស័យបាល់ទាត់ប្រេស៊ីល ប៉ុន្តែបានចាកចេញពីតំណែងក្នុងឆ្នាំ ២០០១ ដោយសារជាប់រឿងអាស្រូវពុករលួយខ្លួនឯង។ បុរស់វ័យ៨១ឆ្នាំរូបនេះ ធ្វើការឱ្យអង្គការយូណេស្កូ និងអង្គការសហប្រជាជាតិតាំងពីចូលនិវត្តន៍មកម្ល៉េះ។
 
២. Romario
សមាជិកសំខាន់ដែលជួយប្រេស៊ីលឈ្នះ FIFA World Cup ឆ្នាំ១៩៩៤ បានជាប់ឆ្នោតក្នុងសភាតំណាងរាស្ដ្រនៅប្រទេសប្រេស៊ីលក្នុងឆ្នាំ ២០២១ ហើយក្លាយជាសមាជិកព្រឹទ្ធសភាក្នុងឆ្នាំ ២០១៤។ ឆ្នាំ ២០១៨ អតីតកីឡាករ Barcelona រូបនេះ ឈរឈ្មោះសម្រាប់តំណែងអភិបាលក្រុង Rio De Janeiro ប៉ុន្តែបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤។ Romario ជោគជ័យក្នុងការបង្ក្រាបអំពើពុករលួយក្នុងបាល់ទាត់ក្នុងប្រទេសកំណើតខ្លួន។
 
៣. Sol Campbell
អតីតខ្សែការពារ Arsenal និងអង់គ្លេសរូបនេះអះអាងថាខ្លួនជាសមាជិកនៃគណបក្សអភិរក្ស ក្រោយស្វែងរកការងារជាអ្នកគ្រប់គ្រងក្នុងវិស័យបាល់ទាត់មិនជោគជ័យ។ Campbell ធ្លាប់ពិចារណាឈរឈ្មោះបោះឆ្នោតសម្រាប់តំណែងអភិបាលក្រុងឡុងដ៍ឆ្នាំ២០១៤ ប៉ុន្តែក្រោយមកក៏ស្ងាត់ទៅវិញ។
 
៤. Hakan Sukur
អតីតប្រធានក្រុមជម្រើសជាតិតួកគីរូបនេះ ជាប់ជាអ្នកស៊ុតបាល់បញ្ចូលទីលឿនបំផុតនៅ World Cup ឆ្នាំ២០០២ ប៉ុន្តែសព្វថ្ងៃក្លាយជាអ្នករត់តាក់ស៊ីនៅអាម៉េរិកដោយសារបញ្ហានយោបាយ។ Sukur មានទោសនយោបាយជាមួយប្រធានាធិបតីតួកគីបច្ចុប្បន្នលោក Recep Tayyip Erdogan ដោយរូបគេត្រូវបានចោទថាមានពាក់ព័ន្ធជាមួយរដ្ឋប្រហារបរាជ័យក្នុងប្រទេសតួកគីឆ្នាំ ២០១៦។
 
៥. Gianni Rivera
Rivera ជាកីឡាករដែលបានបង្ហាញខ្លួនឱ្យ AC Milan ច្រើនជាងគេលំដាប់ទី៤។ ក្រោយបញ្ចប់អាជីពកីឡាករបាល់ទាត់លោកបន្តក្លាយជាអនុប្រធានក្លិបអ៊ីតាលីមួយនេះ។ បន្ទាប់មកបុរសវ័យ៧៨ឆ្នាំរូបនេះបានបន្តធ្វើជាសមាជិកសភា ធ្វើជាអនុរដ្ឋលេខាធិការ និងជាសមាជិកសភាអឺរ៉ុបចន្លោះឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៩។ 
 
៦. Kakha Kaladze
Kaladze អតីតខ្សែការពារ AC Milan និងជម្រើសជាតិហ្សកហ្ស៊ី បានចូលនិវត្តន៍នៅឆ្នាំ ១០១២។ ក្រោយមករូបគេបានក្លាយជាសមាជិកសភា ដោយបម្រើការជារដ្ឋមន្ត្រីក្រសួងថាមពលនៅប្រទេសកំណើត។
 
៧. George Weah
អតីតខ្សែប្រយុទ្ធ PSG, AC Milan និង Monaco បានក្លាយជាប្រធានាធិបតីលីបេរីយ៉ា។ ក្រោយបញ្ចប់អាជីពកីឡាករបាល់ទាត់ម្ចាស់ពាន Ballon d’Or រូបនេះបានចាប់យកអាជីពនយោបាយជាច្រើនឆ្នាំ មុនជាប់ជាប្រធានាធិបតី។
 
៨. Grzegorz Lato
ម្ចាស់ស្បែកជើងមាសនៅ World Cup ឆ្នាំ ១៩៧៤ រូបនេះប្រកបអាជីពកីឡាករបាល់ទាត់រយៈពេល១១ឆ្នាំ។ Lato ត្រូវបានជ្រើសរើសឱ្យឈរឈ្មោះសម្រាប់ការិយាល័យនយោបាយនៅប្រទេសប៉ូឡូញ។ Lato ក៏ជាសមាជិកនៃសម្ព័ន្ធប្រជាធិបតេយ្យឆ្វេងនិយមរយៈពេល៤ឆ្នាំផងដែរ មុនត្រូវបានជ្រើសរើសជាប្រធានសហព័ន្ធកីឡាបាល់ទាត់ប៉ូឡូញ។ 
 
៩. Titi Camara
Camara អតីតកីឡាករ Liverpool និង West Ham បានវិលត្រឡប់ទៅកាន់ប្រទេសកំណើតហ្គីណេវិញបន្ទាប់ពីចូលនិវត្តន៍ដោយគ្រប់គ្រងក្រុមជម្រើសជាតិក្នុងរយៈពេលខ្លីក្នុងឆ្នាំ ២០០៩ មុនក្លាយជារដ្ឋមន្ត្រីកីឡា។ យ៉ាង២ឆ្នាំក្រោយមក Camara ត្រូវបានគេជំនួសតំណែងនេះវិញ ក្រោយមានការរុះរើគណៈរដ្ឋមន្ត្រី។
 
១០. Viktor Orban
Orban សព្វថ្ងៃជានាយករដ្ឋមន្ត្រីហុងគ្រី។ លោកធ្លាប់ជាកីឡាករអាជីពនៅ Felcsut ក្លិបនៅស្រុកកំណើត។ នាយករដ្ឋមន្ត្រីរូបនេះ បានជួយបង្កើតសាលាបាល់ទាត់ Ferenc Puskas ដែលជាសាលាទំនើបបំផុតមួយក្នុងពិភពលោក និងជួយអតីតមេ FIFA លោក Sepp Blatter បង្កើតពានរង្វាន់ Puskas ទៀតផង៕
 

Tag:
 Hakan Sukur
  កីឡាករនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com