ជាតិ
អភិបាលខេត្តសៀមរាប ជំរុញឱ្យសហគមន៍ភ្នំចង្រ្កានរយដាំកូនឈើបន្ថែមទៀត ដើម្បីទាក់ទាញទេសចរ
02, Jan 2022 , 4:29 pm        
រូបភាព
សៀមរាប៖ អភិបាលខេត្តសៀមរាប បានជំរុញឱ្យសហគមន៍ភ្នំចង្រ្កានរយ ដែលទើបបង្កើតជាសហគមន៍ទេសចរណ៍ថ្មី បន្តចូលរួមដាំកូនឈើបន្ថែមទៀត ដើម្បីលើកកម្ពស់សហគមន៍អេកូទេសចរណ៍នៅសហគមន៍ខ្លួន ក៏ដូចជាទាក់ទាញទេសចរ។

 
អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានលើកទឹកចិត្តដល់សហគមន៍ភ្នំចង្រ្កានរយ នៃស្រុកវ៉ារិន បន្តការពារ និងដាំកូនឈើក្នុងសហគមន៍ខ្លួនកាន់តែច្រើនបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ និងឱ្យសហគមន៍ផ្សេងទៀត យកគំរូតាម។ ការលើកឡើងបែបនេះរបស់លោកអភិបាលខេត្ត ដោយសារលោកមើលឃើញថា សហគមន៍ព្រៃឈើទាំងអស់នៅខេត្តសៀមរាប គួរគិតគូរពីបញ្ហាទាំងនេះ ធ្វើយ៉ាងណារៀបចំសហគមន៍ខ្លួនឱ្យក្លាយជាសហគមន៍ទេសចរណ៍ ទាញប្រយោជន៍សម្រាប់សេដ្ឋកិច្ចមូលដ្ឋាន។
 


បន្ថែមពីនេះ លោក ទៀ សីហា ប្រាប់ថា លោកមានមោទកភាពជាខ្លាំង ចំពោះការខិតខំតស៊ូពីអាជ្ញាធរ រួមនិងវិស័យឯកជន រៀបចំសហគមន៍ភ្នំចង្រ្កានរយ ជាសហគមន៍ទេសចរណ៍ និងមានការអភិវឌ្ឍ។ លោកសង្ឃឹមថា សហគមន៍នឹងបន្តថែរក្សាធនធានដែលមាន ដើម្បីជាប្រយោជន៍ដល់កូនចៅទៅជំនាន់ក្រោយៗទៀត។ 
 
លោក ឡាយ គីមសួរ អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលចាប់ដៃគូជាមួយសហគមន៍ ដើម្បីអភិវឌ្ឍន៍សហគមន៍ភ្នំចង្រ្កានរយ បានឱ្យដឹងថា លោកនិងក្រុមការងារសប្បាយចិត្ត និងមានមោទកភាព ដែលបានធ្វើរឿងមួយកើតឡើងនៅសម័យកូវីដនេះ គឺការអភិវឌ្ឍសហគមន៍នេះបានចេញជារូបរាង។ លោកបន្តថា គម្រោងអភិវឌ្ឍន៍នេះ នឹងរួមចំណែកជួយសហគមន៍បានច្រើន ទាំងប្រយោជន៍ដោយផ្ទាល់ និងប្រយោល ដូចជាការទិញម្ហូបអាហារ បន្លែ សាច់ ពីសហគមន៍ និងជួយឱ្យសហគមន៍មានការងារធ្វើក្នុងតំបន់ជាដើម។
 


ជាមួយគ្នានេះ លោក ឡាយ គីមសួរ មានភាពជឿជាក់ថា សហគមន៍ភ្នំចង្រ្កានរយ នឹងចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ក្រៅពីប្រាសាទបានយ៉ាងល្អនាពេលអនាគត។
 
អភិបាលស្រុកវ៉ារិន លោក ធិននី វិធូរ ក្នុងកម្មវិធីឆ្លងឆ្នាំសកល ២០២១ និង២០២២ ដែលរៀបចំនៅសហគមន៍ភ្នំចង្រ្កានរយ លើកឡើងថា សហគមន៍នេះមានចម្ងាយប្រមាណ៨០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ដែលជាសហគមន៍ព្រៃឈើធំជាងគេក្នុងស្រុកវ៉ារិន។ លោកបន្តថា សហគមន៍នេះមានផ្ទៃដី ៩,១០៤ហិកតា គ្របដណ្ដប់៥ឃុំ និងមានសក្កានុពលជីវៈចម្រុះជាច្រើន និងទេសភាពប្លែកៗ។ សហគមន៍នេះ ត្រូវបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ និងមានសមាជិក ១,៨៥២ គ្រួសារ ស្មើនឹង ៣,៣៨២នាក់៕
 
 

Tag:
 សហគមន៍ភ្នំចង្រ្កានរយ
  អេកូទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com