ជាតិ
សហគមន៍ភ្នំចង្រ្កានរយ កំពុងក្លាយជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ
03, Jan 2022 , 9:29 am        
រូបភាព
សៀមរាប៖ សហគមន៍ភ្នំចង្រ្កានរយ កំពុងប្រែខ្លួនក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ ដ៏ទាក់ទាញមួយទៀត នៅខេត្តសៀមរាប។ បច្ចុប្បន្ន តំបន់នេះកំពុងទទួលបានការរៀបចំ និងកែច្នៃបន្ថែម ត្រៀមស្វាគមន៍ទេសចរ ដែលនិយមការកម្សាន្តបែបធម្មជាតិ និងដំណើរផ្សងព្រេង។

 
សហគមន៍ភ្នំចង្រ្កានរយ មានភូមិសាស្រ្ដស្ថិតនៅភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ដែលមានផ្ទៃដីសរុប ៩ ៥៤៤ហិកតា លាតសន្ធឹងលើឃុំ៣ មានឃុំល្វាក្រាំង ឃុំស្រែណូយ និងឃុំស្វាយស។ ភ្នំនេះសម្បូរធនធានជាច្រើន មានភ្នំ ព្រៃឈើ ទឹកជ្រោះ សត្វស្លាបកម្រ សត្វព្រៃ ពើងថ្មជាដើម។
 


អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាអតីតប្រធានសមាគមសហគ្រិនវ័យក្មេង សាខាខេត្តសៀមរាប លោក ឡាយ គីមសួរ ដែលសហការដឹកនាំការរៀបចំសហគមន៍ភ្នំចង្រ្កានរយ ប្រាប់ថា ភ្នំចង្រ្កានរយមានសក្តានុពលជាច្រើន ដែលតំបន់ផ្សេងមិនមានដូច។ លោកបន្ថែមថា ការរៀបចំនេះ ស្របតាមចក្ខុវិស័យ ឬគោលដៅបង្កើតឱ្យមានតំបន់ទេសចរណ៍ថ្មីក្រៅពីប្រាសាទ ដែលខាងសមាគមលោក ធ្លាប់បានរៀបចំជាសៀវភៅមគ្គុទ្ទេសក៍វិនិយោគខេត្តសៀមរាប នាពេលកន្លងមក។ 
 
លោក ឡាយ គីមសួរ បន្ថែមថា៖«  ដោយសារឆ្នាំ ២០១៨ សហគ្រិនធ្វើសៀវភៅមគ្គុទ្ទេសក៍វិនិយោគខេត្តសៀមរាប មានការលើកពីការរៀបចំទេសចរណ៍ក្រៅពីប្រាសាទ អ៊ីចឹងយើងទាញយកមួយ គឺទេសចរណ៍បែបផ្សងព្រេង។ យោងចំណុចនេះ ទើបយើងបានសិក្សាពីតំបន់សក្តានុពលដែលអាចរៀបចំបាន ទើបយើងសហការជាមួយអាជ្ញាធរដើម្បីសិក្សា ក្រោយមកបានចាប់យកចង្រ្កានរយ ដោយសារនៅមិនឆ្ងាយទេ តែប្រមាណ៨០គីឡូដល់ភ្នំតែម្ដង។ ផ្លូវអាចបើកឡានទៅដល់... មានសត្វស្លាប សត្វព្រៃ ព្រៃសហគមន៍ តំបន់ទឹកធ្លាក់ គឺមានទាំងអស់ដែលមិនទាន់កែច្នៃ ទើបយើងចាប់ផ្តើមសហការ រួមគ្នាអភិវឌ្ឍន៍»។ 


 
ស្ថានភាពជំងឺកូវីដ១៩ បានជួយរុញឱ្យកិច្ចការងារនេះ កាន់តែលឿនទៅមុខ ខណៈអាជ្ញាធរ និងវិស័យឯកជនមើលឃើញថា គួររៀបចំគោលដៅទេសចរណ៍ថ្មីៗ ឱ្យបានកាន់តែច្រើន ដើម្បីទទួលទេសចរ ក្រោយវិបត្តិនេះបិទបញ្ចប់។ ក្រោយមានការបើកផ្លូវពីអាជ្ញាធរ ពិសេសអភិបាលខេត្តសៀមរាប សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលមានលោក ឡាយ គីមសួរ បានចុះអនុស្សរណៈជាមួយសហគមន៍ភ្នំចង្រ្កានរយ ដើម្បីអភិវឌ្ឍន៍សហគមន៍នេះ ឱ្យក្លាយជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញនាពេលអនាគត។
 
យ៉ាងណា លោក ឡាយ គីមសួរ បញ្ជាក់ថា ការអភិវឌ្ឍនៅតំបន់នេះ ទើបចាប់ផ្តើមរយៈពេល៤ខែចុងក្រោយនេះតែប៉ុណ្ណោះ ដោយមានការរៀបចំផ្លូវថ្នល់ ស្ដារនិងជីកអួរធំៗចំនួន៣ ផ្សារសហគមន៍ កន្លែងទទួលស្វាគមន៍ទេសចរ បន្ទប់ទឹក បង្គន់អនាម័យ និងកន្លែងបោះតុងជាដើម ព្រមទាំងសង់ផ្ទះចំនួន២ សម្រាប់គម្រោងជួយទ្រទ្រង់វិស័យសង្គមកិច្ច ដែលនឹងអាចជួយជនអនាថា អាចស្នាក់នៅ និងរៀនជំនាញអ្វីមួយ ក្នុងសហគមន៍នេះបាន។ 
 
លោក គីមសួរ ពន្យល់ថា៖«ទី១ ផ្លូវ ទី២ បានស្ដារអូរធំៗពីរ ដើម្បីប្រើប្រាស់ខែប្រាំង និងអុំទូកខ្នាតតូច និងជីកអូរមួយទៀត ទទឹង១០ម៉ែត្រ បណ្ដោយ៤០០ម៉ែត្រ ទុកទឹកប្រើប្រាស់ ជួយការងារកសិកម្ម និងដាំផ្កា រៀបចំផ្ទះសម្រាប់មន្ទីរសង្គមកិច្ច ជួយជនអនាថា ២ខ្នង អាចស្នាក់នៅ ដាំបន្លែ លក់ក្នុងសហមន៍ រៀបចំទីតាំងផ្សារសហគមន៍ ភ្ញៀវទៅលេងច្រើន ពលរដ្ឋអាចទៅលក់បាន ប្រហែល២០តូប រៀបចំចំណុចកណ្ដាលចតឡានប្រហែល២០០គ្រឿង បង្គន់អនាម័យ។ល»។ 


 
ការអភិវឌ្ឍសហគមន៍ភ្នំចង្រ្កានរយនេះ ទាំងវិស័យឯកជន និងរដ្ឋ សុទ្ធសឹងមើលឃើញថា នឹងរួមចំណែកជួយសេដ្ឋកិច្ចសហគមន៍ ដែលមានប្រជាពលរដ្ឋជាង២ពាន់គ្រួសារ ឱ្យមានជីវភាពល្អប្រសើរនាពេលអនាគត។ គម្រោងនេះ នឹងជួយពួកគេតាមរយៈ ដូចជាផ្គត់ផ្គង់ម្ហូបអាហារ កន្លែងស្នាក់នៅដល់ភ្ញៀវ និងម្យ៉ាងទៀត ធ្វើឱ្យសហគមន៍ឈប់យកព្រៃឈើ ជារបរចិញ្ចឹមគ្រួសារ ដែលរួមចំណែកសំខាន់សម្រាប់ការការពារបរិស្ថាន។
 
អភិបាលរងខេត្តសៀមរាប ទទួលបន្ទុកការងាររៀបចំតំបន់សហគមន៍ភ្នំចង្រ្កានរយ លោក នាក់ ណេរ៉ុន ក៏មើលឃើញពីភាពជោគជ័យ នៃការអភិវឌ្ឍតំបន់នេះដែរ។ លោកថា សហគមន៍នេះមានសក្តានុពលច្រើនដែលមិនគួរមើលរំលង។ បន្ថែមពីនេះ ទីតាំងនេះក៏កំពុងរៀបចំសម្រាប់ការស្ដារនីតិសម្បទាជនអនាថាក្នុងក្រុងផងដែរ ដោយគម្រោងនឹងបង្កើតជាមុខរបរ ការងារដល់ពួកគេ ដើម្បីឱ្យពួកគេមានជីវិតថ្មី ដែលល្អប្រសើរទៅអនាគត។ 
 
លោក នាក់ ណេរ៉ុន ពន្យល់ថា៖« ជនអនាថា ប្រហែលខ្ទង់៥០នាក់ យើងគ្រាន់តែធ្វើកន្លែងឱ្យស្នាក់នៅសមរម្យ បង្រៀនមុខរបរ ពិសេសឱ្យគាត់ទៅមើលសហគមន៍ ថាគេរស់យ៉ាងម៉េច មិនមែនមកសុំដូចគាត់នេះទេ នេះជាចំណុចសំខាន់ ហើយបើគាត់ត្រូវការរៀនសូត្រជំនាញអីផ្សេងៗ យើងនឹងជួយគាត់ទៀត ឱ្យគាត់ចេះជំនាញ ហើយអ្នកណាបណ្ដុះបាន យើងមានរកការងារឱ្យគាត់ធ្វើ បង្រៀនការងារដល់គាត់»។
 


ដើម្បីបង្ហាញពីសមិទ្ធផល និងណែនាំទេសចរឱ្យស្គាល់សហគមន៍ភ្នំចង្រ្កានរយនេះ អាជ្ញាធរខេត្ត រួមនិងវិស័យឯកជន បានរៀបចំកម្មវិធីធំនៅចុងឆ្នាំនេះ គឺកម្មវិធីឆ្លងឆ្នាំសកល។ កម្មវិធីនេះ ធ្វើឡើងពីរថ្ងៃ គឺថ្ងៃទី៣១ ធ្នូ និងថ្ងៃទី១ មករា ឆ្នាំ២០២២ ដោយរៀបចំជាកញ្ចប់កម្មវិធីកម្សាន្តមានតន្រ្តី ការសម្ដែងសិល្បៈ ការលក់ផលិតផលក្នុងសហគមន៍ជាដើម។ ក្នុងនោះក៏មានការបោះតង់ ដែលគ្រោងមានអ្នកចូលរួម៣០០នាក់ និងដំណើរកម្សាន្តទៅតាមទីតាំងទេសចរណ៍មួយចំនួន នៅលើភ្នំនេះផងដែរ។  ទាំងសហគមន៍មូលដ្ឋាន និងខាងក្រៅ ព្រមទាំងទេសចរ ដែលបានកត់សំបុត្រការបោះតង់ លោក ឡាយ គីមសួរ ជឿថា មានអ្នកចូលរួមក្នុងកម្មវិធីនេះ មិនក្រោម២ ០០០នាក់ទេ។
 
លោក នាក់ ណេរ៉ុន ដែលជាអតីតអភិបាលស្រុកវ៉ារិន បានបង្ហាញពីមោទកភាពជាខ្លាំង ដែលបានឃើញសហគមន៍ដែលមានសក្តានុពលទេសចរណ៍ធម្មជាតិនេះ កំពុងទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់។ លោកថា ភ្នំចង្រ្កានរយ គឺជាគោលដៅដ៏ល្អសម្រាប់ទេសចរចូលចិត្តការកម្សាន្ត ក្នុងព្រៃធម្មជាតិ បោះតង់ និងជាលក្ខណៈទេសចរណ៍បែបផ្សងព្រេង ហើយដែលទេសចរណ៍ប្រភេទនេះ មានការពេញនិយមនាពេលបច្ចុប្បន្ន៕
 
 


 
 
 

Tag:
 សហគមន៍ភ្នំចង្រ្កានរយ
  ទេសចរណ៍ក្រៅពីប្រាសាទ
© រក្សាសិទ្ធិដោយ thmeythmey.com