អត្ថបទពាណិជ្ជកម្ម
ដាប់ប៊ែលយូប៊ី ហ្វាយនែន បានក្លាយខ្លួនជា ធនាគារពាណិជ្ជជាផ្លូវការក្រោមឈ្មោះថ្មី
03, Jan 2022 , 1:14 pm        
រូបភាព
ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ភ្នំពេញ – ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក បានប្រកាសជាផ្លូវការ នៃការប្រែក្លាយទៅជា ធនាគារពាណិជ្ជដោយជោគជ័យក្រោមឈ្មោះថ្មីថា ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ដែលនេះជាព្រឹត្តិការណ៍នៃការផ្លាស់ប្តូរដ៏សំខាន់មួយ ក្នុងអំឡុងពេល ៣០ ឆ្នាំចុងក្រោយ នៃប្រវត្តិសាស្រ្តរបស់ស្ថាប័នក្នុងការបម្រើសេវាហិរញ្ញវត្ថុ ជូនដល់ប្រជាជនកម្ពុជាទូទាំងប្រទេស។
 
ធនាគារ អ៊ូរី (ខេមបូឌា) ម.ក បានទទួលបានអាជ្ញាប័ណ្ណ ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើប្រតិបត្តិការធនាគារពាណិជ្ជពេញលេញ។ ជាមួយនឹងមុខមាត់ថ្មីនេះ យើងមានក្តីរំភើបរីករាយ និងទន្ទឹងរង់ចាំក្នុងការផ្តល់ជូននូវសេវា និងផលិតផលធនាគារប្រកបដោយភាពច្នៃប្រឌិត ស្របជាមួយនឹងការពង្រីកវិសាលភាពអាជីវកម្មរបស់យើង កាន់តែទូលំទូលាយនៅក្នុងទីផ្សារហិរញ្ញវត្ថុ និងធនាគារ នៅក្នុងប្រទេសកម្ពុជា។
 
ធនាគារ អ៊ូរី គឺជាសមាជិកនៃ Woori Financial Group ដែលមានវត្តមាននៅតាមប្រទេសនានា ទូទាំងពិភពលោកជាមួយនឹងសាខាជាង ៤៥០ កន្លែងក្នុង២៣ប្រទេស ហើយបានបម្រើសេវាហិរញ្ញវត្ថុអស់រយៈពេលជាងមួយសតវត្សមកហើយ។
 
លោក គីម ហុងជូ បេក្ខភាពអគ្គនាយកប្រតិបត្តិ ធនាគារ អ៊ូរី បានមានប្រសាសន៍ថា៖ “នាឱកាសដែលយើងបានក្លាយជាធនាគារពាណិជ្ជនេះ យើងពិតជារីករាយអបអរ និងទន្ទឹងរង់ចាំនូវដំណើរដ៏គួរឱ្យរំភើបជាមួយអតិថិជន ដៃគូពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធរបស់យើងក្នុងការផ្តល់នូវបទពិសោធន៍សេវាកម្មធនាគារតាមស្តង់ដារប្រទេសកូរ៉េ ដែលតម្រូវតាមតម្រូវការរបស់ប្រជាជនកម្ពុជា។ យោងតាមពាក្យស្លោក  “ផ្តោតសំខាន់លើឌីជីថលដើម្បីផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងឱ្យកាន់តែប្រសើរ” របស់ Woori Financial Group ដែលជាម្ចាស់ភាគហ៊ុនរបស់យើង គណៈគ្រប់គ្រងនិងបុគ្គលិករបស់ ធនាគារ អ៊ូរី  បានរៀបចំនូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងយុទ្ធសាស្ត្រដ៏ជាក់លាក់ ដើម្បីផ្តល់ជូននូវសេវាកម្មធនាគារដែលរហ័ស ងាយស្រួល និងមានទំនុកចិត្តខ្ពស់ សម្រាប់គុណភាពជីវិតកាន់តែប្រសើររបស់អតិថិជន និងប្រជាជនកម្ពុជា”។ 

ជាមួយនឹងការពង្រីកវិសាលភាពនៃបណ្តាញសាខា ចាប់ពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នេះតទៅ ធនាគារ អ៊ូរី នឹងបម្រើសេវា និងផលិតផលហិរញ្ញវត្ថុដល់អតិថិជនគ្រប់ៗរូបតាមរយៈសាខាចំនួន ១៣៨ សាខាទូទាំងប្រទេស ដោយ បុគ្គលិកជិត ៤.០០០នាក់ ដែលមានបទពិសោធន៍ខ្ពស់ ស្របជាមួយនឹងការបន្តពង្រីកបណ្តាញសាខា និងម៉ាស៊ីន ATM ទូទាំងប្រទេសកម្ពុជា។  

លោក គីម ហុងជូ បេក្ខភាពអគ្គនាយកប្រតិបត្តិ ធនាគារ អ៊ូរី បានបន្ថែមថា៖ “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះនិយ័តករ ម្ចាស់ភាគហ៊ុន និងក្រុមប្រឹក្សាភិបាលរបស់យើងចំពោះការផ្តល់ជាអនុសាសន៍ណែនាំដ៏មានតម្លៃ និងការគាំទ្រដែលគ្មានទីបញ្ចប់។ ខ្ញុំសូមអរគុណចំពោះការប្តេជ្ញាចិត្ត និងការលះបង់ដ៏មុតមាំ ចំពោះបុគ្គលិក និងគណៈគ្រប់គ្រងរបស់យើង។ ជាពិសេស ខ្ញុំសូមអរគុណដល់អតិថិជនជាទីគោរពចំពោះការបន្តគាំទ្រ និងការជឿជាក់មកលើយើងខ្ញុំ។ ខ្ញុំ ទន្ទឹងរង់ចាំស្វាគមន៍លោកអ្នកមកកាន់សករាជថ្មីនៃ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក។
 
អំពីធនាគារ អ៊ូរី (ខេមបូឌា) ម.ក
ធនាគារ អ៊ូរី គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានម្ចាស់ភាគហ៊ុន ជា Woori Financial Group ប្រទេសកូរ៉េ។ ធនាគារ អ៊ូរី កំពុងបម្រើសេវា និងផលិតផលហិរញ្ញវត្ថុដែលមានលក្ខណៈ ងាយស្រួល រហ័ស និងទំនុកចិត្តដល់ប្រជាជនកម្ពុជា តាមរយៈសាខាចំនួន ១៣៨ របស់ខ្លួនទូទាំងប្រទេស។ គិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២១ ធនាគារ មានទ្រព្យសកម្មសរុបចំនួន ១,២ ពាន់លានដុល្លារអាមេរិក ផលប័ត្រឥណទានចំនួន ៩១៤ លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើ-សន្សំចំនួន ២១៥ លានដុល្លារ និងអតិថិជនសរុបជាង ៣២៧.០០០ នាក់៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com