អត្ថបទពាណិជ្ជកម្ម
ហ្វតតេ ឡាយហ្វ៍ ផ្តល់ជូនផលិតផលការពារលើជំងឺធ្ងន់ធ្ងររហូតដល់៤០មុខ
03, Jan 2022 , 4:03 pm        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ៖ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ - ហ្វតតេ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វតតេ បានដាក់ឱ្យប្រើប្រាស់ នូវផលិតផលបន្ថែមថ្មីការពារលើជំងឺធ្ងន់ធ្ងរជាច្រើនមុខ ជាលក្ខណៈបុគ្គល និងជាក្រុម។ កម្មវិធីសម្ពោធដាក់​ឱ្យ​ប្រើប្រាស់​​ជាផ្លូវការ នូវ​ផលិត​​​​​ផល​​​ថ្មី​នេះ​ ត្រូវ​បានរៀបចំឡើង នៅ​សណ្ឋាគារ​ភ្នំពេញ។ 
 
ហ្វតតេ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតក្នុងស្រុក មានបេសកកម្មក្នុងការផ្តល់ជូនការប្រឹក្សាហិរញ្ញវត្ថុ ដែលលោកអ្នកអាចទទួលបានការការពារ និងការសន្សំ តាមរយៈផលិត​ផល​ធានារ៉ាប់រងអាយុជីវិត ប្រកបដោយភាពងាយស្រួល និងមានភាពច្នៃប្រឌិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាជនកម្ពុជា ព្រមទំាងនំាមកជូននូវសេវាកម្មល្អឥតខ្ចោះដល់អតិថិជនរបស់យើង។ ដើម្បីសម្រេចបាននូវបេ​សកកម្ម ក្រុមហ៊ុនតែងតែរិះរក និងបង្កើតនូវផលិតផលថ្មីៗជានិច្ច ដើម្បីបំពេញតម្រូវការអតិថិជន។ 


 
លោក យក់ ចំរើនឫទ្ធិ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ បានបញ្ជាក់ថា ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វតតេ គឺជាក្រុមហ៊ុ​នដែលឈានមុខគេ លើវិស័យធានារ៉ាប់រងទូទៅនៅកម្ពុជា។ មកដល់ថ្ងៃនេះ ក្រុមហ៊ុន ហ្វតតេ មានអាយុកាលជាង២០ឆ្នាំមកហើយ។ លោក ចំរើនឫទ្ធិ បានបន្ថែមថា៖“សេដ្ឋកិច្ចប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការយល់ដឹងរបស់ប្រជាជនកម្ពុជា លើ​វិស័យធានារ៉ាប់រងមានការកើនឡើងគួរឱ្យកត់សម្គាល់។ ដោយហេតុផលនេះហើយ ​ទើបយើង​បាន​បង្កើត​ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ នេះឡើងក្នុងឆ្នាំ ២០១៩”។


 
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ ​​តែងតែបង្កើតនូវអ្វីដែលថ្មីៗ ជាពិសេស​យើងផ្តោតសំ​ខាន់ ទៅលើការអប់រំប្រជាជនកម្ពុជាអំពី សារៈសំខាន់​នៃការសន្សំប្រាក់ ដោយមានគោលដៅច្បាស់​លាស់ និងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ តាមរយៈគម្រោង ដែលមានរយៈពេលពី១០ឆ្នាំ ដល់៣៥ឆ្នាំ ដើម្បីឱ្យពួកគាត់មានថវិកាមួយកញ្ចប់ សម្រាប់ការសិក្សា​របស់កូន បើកអាជីវកម្ម ទិញផ្ទះ ទិញរថយន្តថ្មី ឬមានប្រាក់សម្រាប់ចូលនិវត្តន៍ ដែលក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ នឹងជួយសម្រេចក្តីបំណងរបស់គាត់បាន ។ នេះការបញ្ជាក់បន្ថែមរបស់លោក យក់ ចំរើនឫទ្ធិ។


 
ជាមួយនឹងសេដ្ឋកិច្ចមានការរីកចម្រើន និងការផ្លាស់ប្តូររបៀបរស់នៅ ប្រជាជនកម្ពុជាក៏មានបញ្ហា​ប្រឈមផងដែរ ជាមួយ​នឹងជំងឺ​ធ្ង​ន់ធ្ងរផ្សេងៗដូចជា៖ ជំងឺមហារីក ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺគាំងបេះដូង ជំងឺតម្រងនោម និង​ជំងឺធ្ងន់​ធ្ងរផ្សេងៗទៀត។ ប៉ុន្តែ ដោយសារមានការរីកចម្រើនផ្នែកវេជ្ជសាស្ត្រ និងបច្ចេកវិទ្យាក្នុងការព្យាបាល និងថែទាំអ្នកជំងឺ ជំងឺធ្ងន់ធ្ងរភាគច្រើន អាចព្យាបាលបាន។ 
 
លោក ប្រធានក្រុមប្រឹក្សាភិបាល បញ្ជាក់បន្ថែមថា៖ “ដោយមើលឃើញអំពីបញ្ហាប្រឈមកើតឡើងដោយសារជំងឺធ្ងន់ធ្ងរ និងកាចសាហាវជាច្រើន របស់ប្រជាជនកម្ពុជាយើង នៅពេលបច្ចុប្បន្ន ក្នុងនោះក្រុមគ្រួសារខ្លះបានធ្លាក់ខ្លួនក្នុងវិបត្តិហិរញ្ញវត្ថុ ដោយ​សារតែចំណាយច្រើនក្នុងការព្យាបាល។ ហេតុដូចនេះហើយ ទើបក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ បង្កើតផលិតផលធានាលើជំងឺធ្ងន់ធ្ងរនេះឡើង ដោយធានាទៅលើជំងឺធ្ងន់ធ្ងរទាំងនោះ ដើម្បីជួយសម្រាលបន្ទុកចំណាយ របស់ប្រជាជនកម្ពុជាយើង នៅពេលដែលគាត់មានជំងឺធ្ងន់ធ្ងរ ប្រសិនបើគាត់បានប្រើប្រាស់សេវាធានារ៉ាប់រងរបស់យើង គឺខាងក្រុមហ៊ុនជាអ្នកធានា ទៅតាមការសន្យា”។ 


 
គួរបញ្ជាក់ផងដែរថា អតិថិជនអាចទទួលបានការការពារជំងឺធ្ងន់ធ្ងរនេះ ដោយបន្ថែមលើបណ្ណសន្យារ៉ាប់រងមូលដ្ឋាន ដូចជាគម្រោងគាំពារ និងបណ្ណសន្យារ៉ាប់រងអាយុជីវិតជាក្រុម របស់ ហ្វតតេ ឡាយហ្វ៍។
 
អំពី ហ្វតតេ ឡាយហ្វ៍
ហ្វតតេ ឡាយហ្វ៍ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វតតេ និងជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតក្នុងស្រុកតែមួយគត់ នៅកម្ពុជា។ ហ្វតតេ ឡាយហ្វ៍ ត្រូវ​បានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៩ គិតត្រឹមបំណាច់ខែវិច្ឆិកា ២០២១នេះ ហ្វតតេ ឡាយហ្វ៍ មានអតិថិជនសរុបរហូតជាង ៥៥ ម៉ឺននាក់។ ក្នុងឆ្នាំ ២០២០ ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ បានធ្វើសំណងជូនប្រជាជនកម្ពុជាជាង ៩ពាន់នាក់ គិតជាទឹកប្រាក់ប្រហែល ២ លានដុល្លារ។ បច្ចុប្បន្ន ហ្វតតេ ឡាយហ្វ៍ មាន​ផលិត​ផលធានារ៉ាប់រងអាយុជីវិតជាច្រើនប្រភេទដូចជា៖ បណ្ណសន្យារ៉ាប់រងគម្រោងគាំពារ បណ្ណសន្យារ៉ាប់រងគម្រោង​ការសិក្សា​ បណ្ណសន្យារ៉ាប់រងអាយុជីវិតមានកាលកំណត់ជាក្រុម និងបណ្ណសន្យារ៉ាប់រងការពារជាក្រុមទូលំទូលាយ។ល ៕


 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com