អត្ថបទពាណិជ្ជកម្ម
ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា(FTB)ដាក់ឱ្យដំណើរការជាផ្លូវការ សេវាបង់ពន្ធអាករគ្រប់ប្រភេទ
03, Jan 2022 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២  -  ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ដាក់ឱ្យដំណើរការជាផ្លូវការ នូវសេវាបង់ពន្ធគ្រប់ប្រភេទ ជូនដល់អតិថិជន ដើម្បីបង់ពន្ធ និងអាករគ្រប់ប្រភេទ ជូនអគ្គនាយកដ្ឋានពន្ធដារ (GDT)។ ការដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាកម្មបង់ពន្ធគ្រប់ប្រភេទនេះ គឺជាការផ្តល់ជូននូវសេវាថ្មីមួយបន្ថែមទៀត ដោយធនាគារ FTB បន្ទាប់ពីការផ្តើមដាក់ឱ្យដំណើរការសេវាបង់ពន្ធអាករ ជូនអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) កាលពីខែកញ្ញា ឆ្នាំ២០២០កន្លងមក។
 
ជាមួយនឹងការដាក់ឱ្យដំណើរការសេវាថ្មីនេះ ធនាគារFTB នាំមកនូវភាពងាយស្រួលជូនអតិថិជនទាំងអស់ ក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធ។ សេវាថ្មីនេះ មាននៅគ្រប់សាខាទាំងអស់របស់ ធនាគារFTB នៅតាមបណ្តាខេត្តក្រុង។ អតិថិជនទាំងអស់ អាចបង់ពន្ធគ្រប់ប្រភេទរួមមាន៖ ពន្ធលើការនាំចេញ នាំចូល ពន្ធលើប្រាក់ចំណេញ ពន្ធកាត់ទុក ពន្ធលើប្រាក់ប្រាក់បៀវត្សរ៍ ពន្ធបន្ថែមអាករពិសេសលើទំនិញ ពន្ធលើការជួលអចលនទ្រព្យ ពន្ធប៉ាតង់ ពន្ធលើដីធ្លីដែលមិនបានប្រើ ពន្ធលើមធ្យោបាយធ្វើដំណើរ និងពន្ធផ្សេងៗទៀត ។
 
លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិនៃធនាគារ FTB បានមានប្រសាសន៍ថា៖ “ការបង់ពន្ធ គឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូប។ ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទីមួយ ដែលទទួលការទុកចិត្តជាង ៤០ឆ្នាំកន្លងមកនេះ ធនាគារFTB មានមោទកភាព ដែលអគ្គនាយកដ្ឋានពន្ធដារ បានផ្តល់ឱកាសអនុញ្ញាត ឱ្យចូលរួមក្នុងដំណើរការប្រមូលពន្ធគ្រប់ប្រភេទ តាមរយៈសេវាបង់ពន្ធថ្មីនេះ របស់ធនាគារ។ ធនាគារ FTB  នឹងជួយសម្រួលដល់ដំណើរការបង់ពន្ធឱ្យកាន់តែងាយស្រួល រហ័ស និងមានសុវត្ថិភាពដល់សាធារណជន។ សេវាបង់ពន្ធថ្មីនេះ នឹងបំពេញបន្ថែមលើផលិតផល និងសេវាកម្មនានាដែលមានស្រាប់ នៅគ្រប់សាខា និងតាមបណ្តាញឌីជីថលរបស់ធនាគារ” ។ 
 
នាពេលបច្ចុប្បន្ន ធនាគារFTB  កំពុងផ្តល់ជូននូវផលិតផល និងសេវាសម្បូរបែប ជូនដល់អតិថិជន រួមមាន៖ ប្រាក់កម្ចី ប្រាក់បញ្ញើ សេវាធនាគារវីអាយភី ធនាគារអនឡាញ កម្មវិធីធនាគារចល័ត សេវាប័ណ្ណឥណពន្ធ និងបង់ប្រាក់ជាមុន ការទូទាត់វិក្កយបត្រ សេវាបើកប្រាក់បៀវត្សរ៍ សេវាផ្ញើប្រាក់ក្នុង និងក្រៅប្រទេស សេវាប្តូរប្រាក់ លិខិតឥណទាន សេវាធានាការទូទាត់ និងសេវាកម្មផ្សេងៗទៀតជាច្រើន។ ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ ធនាគារ FTB បានដើរតួនាទី យ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ សេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការជំរុញគាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ ដល់អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក។ ជាមួយទំហំទ្រព្យសកម្មសរុប របស់ធនាគារដែលបានកើនឡើង ជិត ២ ០០០លានដុល្លារអាម៉េរិក ធនាគារ FTB  បានកំណត់ទិសដៅអាជីវកម្មរយៈពេលវែងមួយ ដើម្បីក្លាយជាធនាគារពាណិជ្ជ ដែលទទួលបានការពេញចិត្តជាងគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com