ជាតិ
សមត្ថកិច្ច ចាប់មេសហជីពណាហ្កាវើលដ៍៣រូប បញ្ជូនទៅតុលាការ
04, Jan 2022 , 5:52 pm        
រូបភាព
សមត្ថកិច្ចចុះចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ក្បែរស្ថានទូតអូស្រ្តាលី នាល្ងាចម៉ោង៤ ថ្ងៃទី៤មករា ឆ្នាំ២០២១។
សមត្ថកិច្ចចុះចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ក្បែរស្ថានទូតអូស្រ្តាលី នាល្ងាចម៉ោង៤ ថ្ងៃទី៤មករា ឆ្នាំ២០២១។
ភ្នំពេញ៖ សមត្ថកិច្ចបានបន្តចាប់មេសហជីព៣រូបបន្ថែមទៀត នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះ ដើម្បីបញ្ជូនទៅតុលាការ។ ពួកគេទាំង៣រូបនោះ រួមមាន កញ្ញា ឈឹម ស៊ីថរ លោក សុខ ណារិទ្ធ និង លោក សុខ គង្គា។

 
 
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាត់ទុកអ្នកទាំង៣នាក់នេះថាជាមេខ្លោង ដែលបំផុសបំផុលឲ្យមានការតវ៉ា។ លោក បន្តថា អ្នកទាំង៣រូបនោះ ត្រូវបានចាប់ខ្លួននៅថ្ងៃនេះ ហើយត្រូវបញ្ជូនទៅតុលាការភ្លាមៗតែម្ដង។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកថ្លែងយ៉ាងដូច្នេះថា៖ «យើងមិនថាបុគ្គលិកណាហ្កាទេ។ ការចាប់នេះ គឺយើងចាប់មេចលនាបំផុសបំផុលញុះញង់បង្កឲ្យមានអសន្តិសុខដល់សង្គមជាតិ។ អ៊ីចឹង សមត្ថកិច្ចឃាត់ខ្លួនតាមដីកាតុលាការ…យើងនឹងបញ្ជូនទៅតុលាការក្នុងថ្ងៃហ្នឹងតែម្ដង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់»។
 
ការតវ៉ារបស់មេសហជីព និងបុគ្គលិកណាហ្កាវើលដ៍ បានចាប់ផ្តើមតាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១មក ហើយក្រោយថ្ងៃទី៣១ ខែធ្នូ អាជ្ញាធរបាន ចាប់ខ្លួនអ្នកតវ៉ាជាបន្តបន្ទាប់ មានរហូតដល់ជាង២០នាក់។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ការឃាត់ខ្លួនអ្នកនាំធ្វើចលនាបាតុកម្មដោយខុសច្បាប់ នៅមុខណាហ្គាវើលដ៍ចំនួន៩នាក់» នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះ លោក ហ៊ុន សុធី ស្នងការរងរាជធានីភ្នំពេញ បានបង្ហាញភស្តុតាងពីសំឡេង និងគម្រោងរៀបចំការតវ៉ា។ 
 
ស្នងការរងរាជធានីភ្នំពេញ បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា ការតវ៉ារបស់បុគ្គលិកណាហ្កាវើលដ៍ គឺមានការផ្ដល់ថវិកាគាំទ្រពីខាងក្រោយ ដោយអង្គការចំនួន៣ ក្នុងនោះមានអង្គការចំនួន២នៅក្នុងស្រុក និង១ទៀតនៅក្រៅស្រុក៕
 
អត្ថបទទាក់ទង
 
 

Tag:
 វិវាទការងា
  ណាហ្គាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com