ជាតិ
សង្គមស៊ីវិលជាង១០០ ស្នើឲ្យដោះលែងមេសហជីពណាហ្កាវើលដ៍ និងបញ្ឈប់ការគំរាមកំហែង
05, Jan 2022 , 12:00 pm        
រូបភាព
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាកាវើលដ៍ ធ្វើសន្និសីទកាសែតកាលពីថ្ងៃទី២៤ធ្នូ ឆ្នាំ២០២១ នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍។ រូបដោយ ឡាយ សុភាវតី
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាកាវើលដ៍ ធ្វើសន្និសីទកាសែតកាលពីថ្ងៃទី២៤ធ្នូ ឆ្នាំ២០២១ នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍។ រូបដោយ ឡាយ សុភាវតី
ភ្នំពេញ៖ អង្គការសង្គមស៊ីវិលចំនួន១១៩ បានចេញសេចក្ដីថ្លែងការរួម ទទូចឲ្យដោះលែងថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណាហ្កាវើលដ៍ (LRSU) ជាបន្ទាន់។ លើសពីនេះ ពួកគេ ស្នើឲ្យ អាជ្ញាធរត្រូវបញ្ឈប់ការគំរាមកំហែងដល់ថ្នាក់ដឹកនាំនិងសហជីព។

 
បន្ទាប់ពីមានការចាប់ខ្លួនមេសហជីពនិងសកម្មជនសហជីពណាហ្កាវើលដ៍ចាប់ពីចុងខែធ្នូ ឆ្នាំ២០២១មក  អង្គការសង្គមស៊ីវិលបានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ ដើម្បីស្នើឲ្យដោះលែង។ ក្រុមសង្គមស៊ីវិលពិនិត្យឃើញថា អាជ្ញាធរបានចាប់ខ្លួនក្រុមអ្នកតវ៉ាយ៉ាងហិង្សា ខណៈកម្មករនិយោជិតប្រើប្រាស់សិទ្ធិក្នុងការតវ៉ាដោយសន្តិវិធី។ 


 ក្រុមបុគ្គលិកណាហ្គាវើលដ៍ចេញតវ៉ានៅថ្ងៃទី៤មករា ឆ្នាំ២០២២ បន្ទាប់ពី សមត្ថកិច្ចចាប់ខ្លួនមេដឹកនាំសហជីពរបស់ពួកគេជាបន្តបន្ទាប់ ក្រោមពួកគេទាមទារឲ្យភាគីក្រុមហ៊ុនទទួលបុគ្គលិកជាង៣០០នាក់ចូលធ្វើការវិញ។ រូបដោយ លោក ភួង វ៉ាន់ថា
 
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) ជាដើម បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី៤មករា ឆ្នាំ២០២២ ថា ពួកគេគាំទ្រលើការអនុវត្តសិទ្ធិសេរីភាពរបស់បុគ្គលិកណាហ្កាវើលដ៍។ ការធ្វើកូដកម្មអហិង្សា គឺសិទ្ធិធានាដោយរដ្ឋធម្មនុញ ច្បាប់ស្ដីពីការងារ ច្បាប់ស្ដីពីសហជីព។ ដូច្នេះ ក្រសួងការងារត្រូវការពារផលប្រយោជន៍ស្របច្បាប់របស់កម្មករ។ 
 
«យើងខ្ញុំ សូមអំពាវនាវឲ្យមានការដោះលែង អ្នកដឹកនាំ និងសមាជិកសហជីព ជាបន្ទាន់ និងឥតលក្ខខណ្ឌ»។ នេះបើតាមការស្នើរបស់សង្គមស៊ីវិល បន្ទាប់ពីអាជ្ញាធរចាប់ខ្លួនមេដឹកនាំនិងសកម្មជនសហជីពណាហ្កាវើលដ៍ ៩នាក់ទាំងយប់ នៅថ្ងៃ៣១ធ្នូ ២០២១ ហើយបន្តចាប់ប្រធានសហជីព(LRSU) កញ្ញា ឈឹម ស៊ីថរ នៅរសៀល ថ្ងៃទី៤មករា ឆ្នាំ២០២២។ ក្រុមសង្គមស៊ីវិលបង្ហាញការខកចិត្តយ៉ាងខ្លាំង ដែលអាជ្ញាធរមិនបានអនុវត្តកាតព្វកិច្ចរបស់ខ្លួនឲ្យស្របតាមច្បាប់ ក្នុងការងារក្រុមកូដករ។ ប៉ុន្តែបែរជាចាប់ពួកគេទាំងយប់ ហើយចោទប្រកាន់មិនត្រឹមត្រូវទៅពួកគេទៅវិញ។ 
 
មេដឹកនាំសហជីព និងសកម្មជននៃបុគ្គលិកណាហ្កាវើលដ៍ជាង២០នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ហើយក្នុងនោះ មាន៩រូប ត្រូវបានតុលាការចោទប្រកាន់ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម តាមមាត្រា៤៩៤ និង៤៩៥នៃក្រមព្រហ្មទណ្ឌ ដោយសារការតវ៉ាឲ្យក្រុមហ៊ុនហ្កាវើលដ៍ទទួលយកបុគ្គលិកជាង៣០០នាក់ចូលធ្វើការវិញ។ ពួកគេទាំង៩រូបនោះ រួមមាន កញ្ញា ឈឹម ស៊ីថរ លោក សុខ ណារិទ្ធ លោក សុខ គង្គា លោកស្រី ឈឹម សុខន អ្នកស្រី ឃ្លាំង សុបិន្ត អ្នកនាង សុន ស្រីពេជ្រ អ្នកស្រី រី សុវណ្ណឌី អ្នកស្រី ហៃ សុភាព និង កញ្ញា ទូច សិរីមាស។ 


 ក្រុមបុគ្គលិកណាហ្គាវើលដ៍ចេញតវ៉ានៅថ្ងៃទី៤មករា ឆ្នាំ២០២២ បន្ទាប់ពី សមត្ថកិច្ចចាប់ខ្លួនមេដឹកនាំសហជីពរបស់ពួកគេជាបន្តបន្ទាប់ ក្រោមពួកគេទាមទារឲ្យភាគីក្រុមហ៊ុនទទួលបុគ្គលិកជាង៣០០នាក់ចូលធ្វើការវិញ។ រូបដោយ លោក ភួង វ៉ាន់ថា
 
សង្គមស៊ីវិល លើកឡើងថា ក្រុមកម្មករនិយោជិតដែលភាគច្រើនជាស្រី្តបាន មានសិទ្ធិពេញលេញក្នុងការប្រមូលផ្ដុំនិងបញ្ចេញមតិ ដើម្បីទាមទារសិទ្ធិការងាររបស់ពួកគេ ស្របតាមច្បាប់ជាតិនិងអន្តរជាតិ។ ដូច្នេះ ការដែចោទប្រកាន់ពួកគេថា សកម្មភាពតវ៉ាគឺធ្វើឡើងតាមការញុះញង់ គឺមិនគោរពសិទ្ធិស្វ័យសម្រេច។ 
 
ក្រុមសង្គមស៊ីវិលសង្កត់ធ្ងន់ថា៖«អាជ្ញាធរត្រូវតែបញ្ឈប់ការបំភិតបំភ័យ និងគំរាមកំហែងថ្នាក់ដឹកនាំ និងសមាជិតសហជីព ដោយបញ្ឈប់ការប្រើប្រាស់ការចោទប្រកាន់តាមផ្លូវតុលាការ ឬការបន្ទរសារបំភិតបំភ័យតាមរយៈសារព័ត៌មានដែលគាំទ្ររដ្ឋាភិបាល»។ សង្គមស៊ីវិលបញ្ជាក់ដដែលៗថា ការធ្វើកូដកម្មដោយសន្តិវិធី គឺមិនមែនជាបទល្មើសនោះទេ៕ 
 
អត្ថបទទាក់ទង
 

Tag:
 វិវាទការងារ
  ណាហ្គាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com