អត្ថបទពាណិជ្ជកម្ម
អង្គការ People in Need (PIN) បង្កើតយុទ្ធនាការ«ការដាក់បដាលើកង់បី ដើម្បីផ្សព្វ​ផ្សាយ​ជូនសាធារណជន ពីការទប់ស្កាត់ការ​រាលដាលកូវីដ-១៩
05, Jan 2022 , 3:46 pm        
រូបភាព
ដោយ: ថ្មីៗ
 អង្គការ People in Need - ភីពផលអ៊ីននីត (PIN) បានបង្កើតយុទ្ធនាការ​ផ្សព្វផ្សាយជូនសាធារណជន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការដាក់បដាលើកង់បី ដែលបានប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ មកម្ល៉េះ។
 
គោលបំណងនៃយុទ្ធនាការការផ្សព្វផ្សាយជាសាធារណៈ​នេះ គឺដើម្បីបន្តពង្រឹងបន្ថែម លើវិធីសាស្ត្របង្ការជំងឺកូវីដ-១៩ និងលើកកម្ពស់ដល់ការអនុវត្តវិធានការ “៣ការពារ និង៣កុំ” របស់រាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមពីនេះ យើងក៏ចង់ផ្សព្វផ្សាយទៅតាមតំបន់ផ្សេងៗក្នុងរាជធានីភ្នំពេញ នូវសារមួយចំនួន ស្ដីអំពីការការពារសុវត្ថិភាពប្រឆាំងនឹងជំងឺកូវីដ-១៩បន្ទាប់ពីរាជរដ្ឋាភិបាល បានបើកប្រទេសកម្ពុជាជាផ្លូវការ សម្រាប់ទទួលភ្ញៀវទេសចរវ៉ាក់សាំង និងការវិលត្រលប់មកសភាពដើមវិញ។ 


 
ដំណើរការនៃការផ្សព្វផ្សាយតាមរយៈការដាក់បដាលើកង់បីនេះ​ មានរយៈពេល១ខែ រួមជាមួយការប្រើប្រាស់ម៉ូតូកង់បីចំនួន  ១៥០ សម្រាប់ការសហការផ្សព្វផ្សាយ។ យើងបានកំណត់គោលដៅ ដែលនឹងត្រូវផ្សព្វផ្សាយតាមខណ្ឌមួយចំនួន ដូចជាខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌច្បារអំពៅ  ខណ្ឌសែនសុខ ខណ្ឌដង្កោ ខណ្ឌឫស្សីកែវ ខណ្ឌចំការមន ខណ្ឌដូនពេញ និងខណ្ឌ៧មករា។


 
យោងតាមស្ថិតិរបស់ក្រសួងសុខាភិបាល​កម្ពុជា គិតមកត្រឹមថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០,៥៣៥នាក់។ ទោះជាអត្រាឆ្លងក្នុងសហគមន៍បានថយចុះ រាជរដ្ឋាភិបាលកម្ពុជា ក៏អំពាវនាវម្តងហើយ ម្តងទៀតឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងលើកទឹកចិត្តឱ្យពលរដ្ឋទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅពេលដល់វេនរបស់ខ្លួន។ ប្រឈមនឹងករណីនាំចូលនៃមេរោគបំប្លែងថ្មីប្រភេទអូមីក្រុង ជារៀងរាល់ថ្ងៃ ក៏ជាក្តីបារម្ភរបស់រាជរដ្ឋាភិបាលកម្ពុជាដែរ។ ​


 
យុទ្ធនាការដាក់បដានៅលើកង់បីនេះស្ថិតក្រោមគម្រោង “ការឆ្លើយតបចម្រុះលើការបង្ការនិងការគាំពារចំពោះកូវីដ-១៩ សម្រាប់សហគមន៍ងាយរងគ្រោះក្នុងរាជធានីភ្នំពេញ” ដោយមានការឧបត្ថម្ថថវិកា ដោយសហភាពអឺរ៉ុបនៅកម្ពុជា។ គម្រោងនេះមានរយៈពេល៣៦ខែ ដែលគ្របដណ្ដប់លើវីស័យជាច្រើនដូចជា ទឹកស្អាត និងអនាម័យ ការការពារពីអំពើហិង្សាផ្អែកលើយេនឌ័រ និងការការពារសិទ្ធិកុមារ ជីវភាពប្រចាំថ្ងៃ និងការគាំពារសង្គម។ គោលបំណងនៃគម្រោងនេះគឺដើម្បីលើកស្ទួយប្រជាជនដែលមានជីវភាពក្រីក្រក្នុងទីក្រុង នៅទូទាំង២៥៥សហគមន៍ ក្នុង១៤ខណ្ឌ នៃរាជធានីភ្នំពេញ នឹងពង្រឹងការឆ្លើយតបដ៏ត្រឹមត្រូវចំពោះជំងឺរាតត្បាតវីរុសកូវីដ-១៩។ សរុបជារួម គម្រោងមួយនេះ ជាការរួមចំណែកក្នុងការពង្រឹងការការពារសង្គម ការស្ដារសេដ្ឋកិច្ចជាតិ និងការបន្សាំកូវីដ-១៩ ដល់សហគមន៍ងាយរងគ្រោះ ក្នុងរាជធានីភ្នំពេញ។


 
ដើម្បីឆ្លើយតបទៅ នឹងបញ្ហាខាងលើនេះ ក្រៅពីយុទ្ធនាការកង់បី នៅក្រោមគម្រោងនេះ អង្គការ People in Need - ភីពផលអ៊ីននីត(PIN) ក៏បានបង្កើតកម្មវិធីប្រកួតប្រជែងវីដេអូ តាមអ៊ីនធឺណិត ក្រោមប្រធានបទ “ស្ដារឡើងវិញទាំងអស់គ្នាពីជំងឺកូវីដ-១៩” ដែលមានការចូលរួមពីសំណាក់យុវជន យុវនារី ក៏ដូចជាប្អូនៗកុមារផងដែរ។ បេក្ខជនទាំងអស់តម្រូវឱ្យ​ ថតវីដេអូខ្លីៗ ចែករំលែកអំពីវិធីសាស្រ្ត ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩ ក្នុងបច្ចុប្បន្នកាល ដែលទទួលរងការវាយលុកពីវីរុសរាតត្បាតនេះ ហើយក៏បានស្វែងរកអ្នកឈ្នះបីរូប ពីកម្មវីធីនេះ​ដែរ។


 
កញ្ញា Johanna Legarta ប្រធានផ្នែកទំនាក់ទំនងប្រចាំអង្គការ People in Need - ភីពផលអ៊ីននីត (PIN)បានលើកឡើងថា តាមរយៈការបង្កើតគម្រោង ក៏ដូចជាយុទ្ធនាការមួយនេះ កញ្ញារំពឹងថា សហគមន៍អ្នកក្រីក្រ នៅទីក្រុង ជាពិសេសស្រ្ដី និងកុមារងាយគ្រោះ នឹងមានភាពប្រសើរឡើងវិញ ដោយទទួលបានទឹកស្អាតប្រើប្រាស់ ការគាំទ្រផ្នែកផ្លូវកាយ និងផ្លូវចិត្ត និងសេវាគាំពារសង្គម។ បន្ថែមពីនេះ កញ្ញាក៏ចង់មើលឃើញ ពីការស្ដារឡើងវិញ នូវស្ថានភាពសេដ្ឋកិច្ចរបស់គ្រួសារ ដែលត្រូវបានបញ្ឈប់ពីការងារនាពេលថ្មីៗនេះ និងអាជីវកម្មខ្នាតតូច ដែលមានហានិភ័យនៃការធ្លាក់ចុះ និងឈានដល់់ការបិទទ្វារអាជីវកម្ម ឱ្យមានភាពរីកចម្រើនសារជាថ្មី។ 


 
គួរបញ្ជាក់ផងដែរ People in Need - ភីពផលអ៊ីននីត (PIN) គឺជាអង្គការក្រៅរដ្ឋាភិបាលរបស់សាធារណរដ្ឋឆេក ដែលផ្ដល់ជំនួយសង្គ្រោះ និងការអភិវឌ្ឍនៅជាង ៣០ ប្រទេស ជុំវិញពិភពលោក។ វិស័យមួយចំនួនរួមមាន ការគាំទ្រស្បៀងអាហារ ទឹកស្អាត និងអនាម័យ សុខភាព ការអប់រំ ការឆ្លើយតបគ្រោះអាសន្ន ការគាំពារសង្គម  ការការពារពីអំពើហិង្សាផ្អែកលើយេនឌ័រ និងការការពារកុមារ ភាពធន់នឹងគ្រោះមហន្តរាយ និងកម្មវីធីផ្សេងទៀតរបស់ PIN បានជួយប្រជាជនរាប់លាននាក់នៅ ទូទាំងពិភពលោក។ 


 
នៅ ប្រទេសកម្ពុជា អង្គការ People in Need - ភីពផលអ៊ីននីត (PIN) បានបង្ហាញខ្លួន តាំងពីឆ្នាំ២០០៨មកម្ល៉េះ ដោយផ្ដល់ជូនការអភិវឌ្ឍ និងជំនួយសង្គ្រោះបន្ទាន់ នៅតំបន់ជនបទ និងទីក្រុង ជាពិសេសក្នុងវិស័យសំខាន់ៗដូចជា៖ ការគ្រប់គ្រង និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ការឆ្លើយតបទៅនឹងបញ្ហាកូវីដ-១៩ វិស័យថាមពលកកើតទ្បើងវិញ វិស័យអប់រំដែលផ្តោតលើកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ -ល-។
 
សម្រាប់ព័ត៌មានបន្ថែមពីយុទ្ធនាការ និងគម្រោង សូមទៅចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ People In Need (PIN): People in Need Cambodia
 


(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com