ជាតិ
ទូតពីរនៅកម្ពុជា ស្នើឱ្យអាជ្ញាធរកម្ពុជាដោះស្រាយបញ្ហាបុគ្គលិកណាហ្គាវើលដ៍ ដោយសន្តិវិធី
05, Jan 2022 , 4:48 pm        
រូបភាព
បុគ្គលិកណាហ្គាវើលដ៍ តវ៉ាទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ រកដំណោះស្រាយបញ្ហាការងារឱ្យពួកគេ ក្រោយបានអូសបន្លាយពេល៨ខែមកនេះ។ កម្មករទាំងនេះ តវ៉ាចាប់តាំងពីចុងខែធ្នូ ២០២១មកម្ល៉េះ។
បុគ្គលិកណាហ្គាវើលដ៍ តវ៉ាទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ រកដំណោះស្រាយបញ្ហាការងារឱ្យពួកគេ ក្រោយបានអូសបន្លាយពេល៨ខែមកនេះ។ កម្មករទាំងនេះ តវ៉ាចាប់តាំងពីចុងខែធ្នូ ២០២១មកម្ល៉េះ។
ភ្នំពេញ៖ បញ្ហាវិវាទការងាររវាងបុគ្គលិកណាហ្គាវើលដ៍ កំពុងឡើងកម្ដៅ ដែលឈានរហូតដល់ការចាប់ខ្លួនបុគ្គលិកអ្នកតវ៉ា។ ស្ថានទូតពីរនៅកម្ពុជា ស្នើឱ្យអាជ្ញាធរកម្ពុជា រកដំំណោះស្រាយលើករណីការងារបុគ្គលិក និងម្ចាស់ក្រុមហ៊ុនណាហ្គាវើលដ៍នេះ ដោយសន្តិវិធី។



ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ដែលបានតាមដានស្ថានការណ៍វិវាទការងាររបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍នេះ បានស្នើឱ្យភាគីទាំងសងខាងរកដំណោះស្រាយចរចាដោយសន្តិវិធី។ «ស្ថានទូតបានដឹងឮអំពីកូដកម្មដែលកំពុងកើតមាន ទាក់ទងនឹងកាស៊ីណូណាហ្គាវើល ក្នុងរាជធានីភ្នំពេញ។ ប្រជាជនមានសិទ្ធិក្នុងការជួបជុំដោយសន្តិវិធី និងមានសេរីភាពក្នុងការបញ្ចេញមតិ ហើយស្ថានទូតលើកទឹកចិត្តឱ្យភាគីទាំងអស់ត្រឡប់ទៅរកការចរចាវិញ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងឆាប់រហ័ស»។ នេះជាសំណេរជាភាសាអង់គ្លេស និងខ្មែរ នៅលើហ្វេសប៊ុកស្ថានទូតអូស្រ្តាលី នៅថ្ងៃទី៥ មករា។
 


គិតត្រឹមថ្ងៃទី៤ មករា សមត្ថកិច្ចបានចាប់ខ្លួនបុគ្គលិក និងមេសហជីពណាហ្គាវើលដ៍២៩នាក់ និងបានដោះលែងវិញ២០នាក់។ ចំណែក៩នាក់ទៀត ត្រូវបានបញ្ជូនទៅតុលាការ។ ពួកគេទាំង៩រូប ដែលកំពុងស្ថិតនៅក្រោមនីតិវិធីតុលាការនោះ រួមមាន កញ្ញា ឈឹម ស៊ីថរ លោក សុខ ណារិទ្ធ លោក សុខ គង្គា លោកស្រី ឈឹម សុខន អ្នកស្រី ឃ្លាំង សុបិន្ត អ្នកនាង សុន ស្រីពេជ្រ អ្នកស្រី រី សុវណ្ណឌី អ្នកស្រី ហៃ សុភាព និង កញ្ញា ទូច សិរីមាស។
 
ជុំវិញករណីចាប់ខ្លួនក្រុមអ្នកតវ៉ាទាងនេះ ខាងស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ក៏ស្នើឱ្យអាជ្ញាធរស្ដាប់សំឡេងអ្នកតវ៉ា ដោយមិនត្រូវបំបិទសំឡេងពួកគេ ក្រោមរូបភាពចាប់ខ្លួនឡើយ។ ស្ថានទូតអាម៉េរិក បានសរសេរលើហ្វេសប៊ុក កាលពីថ្ងៃទី៤ មករា ថា៖«យើងកំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ នូវការចាប់ខ្លួនសមាជិកសហជីព​នៃបុគ្គលិក កម្មករ នៃកាស៊ីណូណាហ្គាវើលដ៍ ដោយសារតែការបញ្ចេញមតិ​ដោយសន្តិវិធីរបស់ពួកគេ និងស្នើឱ្យអាជ្ញាធរស្តាប់ពីពលរដ្ឋ មិនមែនបំបិទសម្លេងរបស់គេទេ។ សេរីភាព​ក្នុងការបញ្ចេញមតិ ក្នុងការប្រមូលផ្តុំគ្នា និងក្នុងការចងក្រងគ្នាជាក្រុម សមាគម​ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ​នៃប្រទេសកម្ពុជា»។
 
ដោយឡែកអង្គការសង្គមស៊ីវិលចំនួន១១៩ បានចេញសេចក្ដីថ្លែងការរួម ទទូចឲ្យដោះលែងថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណាហ្កាវើលដ៍ (LRSU) ជាបន្ទាន់។ លើសពីនេះ ពួកគេ ស្នើឱ្យអាជ្ញាធរត្រូវបញ្ឈប់ការគំរាមកំហែងដល់ថ្នាក់ដឹកនាំនិងសហជីព។
 
តែយ៉ាងណាលោក ហ៊ុន សុធី ស្នងការរងរាជធានីភ្នំពេញ បានអះអាងថា ករណីតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ គឺមានការរៀបចំពីអង្គការចំនួន៣ ដោយផ្ដល់ថវិកាឲ្យពួកគេ រៀបចំការតវ៉ាជាដំណាក់កាល។ ថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃទី៤ មករា ស្នងការរងរាជធានភ្នំពេញរូបនេះ ក៏បានបង្ហាញសារជាសំឡេង ក្នុងការរៀបចំគម្រោងប្រមូលផ្ដុំគ្នាតវ៉ា និងញុះញង់ឲ្យបុគ្គលិកចេញតវ៉ាផងដែរ។
 
កន្លងមកតំណាងអតីតបុគ្គលិកណាហ្គាវើលដ៍ និងតំណាងក្រុមហ៊ុន បានជួបចរចាគ្នាលើកទី៥ ប៉ុន្តែមិនមានលទ្ធផលផ្លែផ្កាឡើយ។ ចំណុចដែលនៅបន្តខ្វែងគំនិតគ្នានោះ គឺតំណាងអតីតបុគ្គលិកនៅតែបន្តទាមទារឲ្យក្រុមហ៊ុនទទួលយកពួកគេចូលធ្វើការវិញ ហើយភាគីក្រុមហ៊ុនមិនព្រម។ ដូច្នេះខាងតំណាងអតីតបុគ្គលិក ក៏មិនព្រមទទួលយកសំណង ដើម្បីបញ្ចប់កិច្ចសន្យាដែរ៕

Tag:
 បុគ្គលិកណាហ្គា
  កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com