ជាតិ
សកម្មជនណាហ្គាវើលដ៍១៦នាក់ ត្រូវបានដោះលែង ខណៈមេសហជីព៣រូប កំពុងនៅតុលាការ
05, Jan 2022 , 3:21 pm        
រូបភាព
ក្រុមបុគ្គលិកណាហ្គាវើលដ៍ចេញតវ៉ានៅថ្ងៃទី៤មករា ឆ្នាំ២០២២ បន្ទាប់ពី សមត្ថកិច្ចចាប់ខ្លួនមេដឹកនាំសហជីពរបស់ពួកគេជាបន្តបន្ទាប់ ក្រោមពួកគេទាមទារឲ្យភាគីក្រុមហ៊ុនទទួលបុគ្គលិកជាង៣០០នាក់ចូលធ្វើការវិញ។ រូបដោយ លោក ភួង វ៉ាន់ថា
ក្រុមបុគ្គលិកណាហ្គាវើលដ៍ចេញតវ៉ានៅថ្ងៃទី៤មករា ឆ្នាំ២០២២ បន្ទាប់ពី សមត្ថកិច្ចចាប់ខ្លួនមេដឹកនាំសហជីពរបស់ពួកគេជាបន្តបន្ទាប់ ក្រោមពួកគេទាមទារឲ្យភាគីក្រុមហ៊ុនទទួលបុគ្គលិកជាង៣០០នាក់ចូលធ្វើការវិញ។ រូបដោយ លោក ភួង វ៉ាន់ថា
ភ្នំពេញ៖ តុលាការដោះលែងសកម្មជនណាហ្គាវើលដ៍១៦រូបវិញ ក្រោយសាកសួរនិងធ្វើកិច្ចសន្យារួច កាលពីយប់ថ្ងៃទី៤មករា។ ដោយឡែក មេសហជីពពួកគេ៣រូប ដែលត្រូចបានចាប់ខ្លួន នៅរសៀលថ្ងៃទី៤មករា កំពុងសាកសួរនៅតុលាការនៅឡើយ។

 
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានឲ្យដឹងថា ក្រុមអ្នកតវ៉ាដែលសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ មករា មាន១៧នាក់ ក្នុងនោះ ស្រី្តមានផ្ទៃពោះម្នាក់។ ស្រី្តនោះ​ ត្រូវបានដោះលែងវិញភ្លាមៗ បន្ទាប់ពីចាប់ខ្លួន។ 
 
ចំណែក ១៦រូបទៀត ត្រូវបានដោះលែងវិញ កាលពីយប់ថ្ងៃទី៤មករា បន្ទាប់អាជ្ញាធរសាកសួររកពុំឃើញថា ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឡើយ។ យ៉ាងណាពួកគេ ត្រូវបានសមត្ថកិច្ចអប់រំ និងធ្វើកិច្ចសន្យា។ 
 
អ្នកនាំពាក្យរូបនេះ ថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃនេះយ៉ាងដូច្នេះ៖ «១៧នាក់ដែលចាប់ខ្លួនថ្ងៃមុន គឺបានដោះលែងអស់ហើយ ម្នាក់ដែលជាស្រី្តមានផ្ទះពោះដោះលែងវិញ ក្រោយពេលឃាត់ខ្លួនហើយ។ ១៦នាក់ទៀត ដោះលែងយប់ថ្ងៃទី៤ ហើយ៣ដែលជាមេដឹកនាំ ក្នុងការញុះញង់ គឺបញ្ជូនទៅតុលាការបន្តនៅថ្ងៃនេះ»។ 
 
សូមបញ្ជាក់ថា ក្រុមអ្នកបុគ្គលិកណាហ្គាវើ់លដ៍ បាននាំគ្នាតវ៉ាឲ្យក្រុមហ៊ុនទទួលពួកគេជាង៣០០នាក់ ចូលធ្វើការវិញ ចាប់ពីថ្ងៃទី១៨ធ្នូ ឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី៤ មករានេះ សមត្ថកិច្ចចាប់ខ្លួនបុគ្គលិក និងមេសហជីពណាហ្គាវើលដ៍២៩នាក់ និងបានដោះលែងវិញ២០នាក់។ ចំណែក៩នាក់ទៀត ត្រូវបានបញ្ជូនទៅតុលាការ៕ 
 
អត្ថបទទាក់ទង
 

Tag:
 វិវាទការងារ
  សិទ្ធិមនុស្ស
  ណាហ្គាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com