អត្ថបទពាណិជ្ជកម្ម
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងមូលនិធិព្រីនស៍ និងអង្គការភ្លែនអន្តរជាតិកម្ពុជា
06, Jan 2022 , 11:48 am        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ  ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ - ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាពហុក្រុមហ៊ុនមួយ ក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយនឹងអង្គការភ្លែនអន្តរជាតិកម្ពុជា ដែលជាអង្គការអភិវឌ្ឍ និងមនុស្សធម៌មួយ ដែលចូលរួមលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី។ តាមរយៈការសហការមួយនេះ ក្រុមហ៊ុន ព្រីនស៍ គ្រុប និងអង្គការភ្លែនអន្តរជាតិកម្ពុជា នឹងដំឡើងបរិក្ខារសម្រាប់លាងសម្អាតដៃ ដល់សាលារៀនគ្រប់កម្រិតសិក្សា នៅក្នុងខេត្តព្រះសីហនុ។  
 
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ របស់ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា។
 
នាឱកាសនោះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានជូនពរដល់តំណាងប្រតិភូ របស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ក៏ដូចជាតំណាងអង្គការភ្លែនអន្តរជាតិកម្ពុជា នាឱកាសឆ្នាំថ្មី២០២២នេះ សូមជួបប្រទះនូវសេចក្តីសុខ ចម្រុងចម្រើន និងជោគជ័យក្នុងការងារថ្មីៗថែមទៀត។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមរបស់ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន និងទៅអនាគត ក្នុងការវិនិយោគលើវិស័យអប់រំ ទាំងការផ្តល់អាហារូបករណ៍ ដល់និស្សិតរៀនតាមសាកលវិទ្យាល័យនៅកម្ពុជា ព្រមទាំងការផ្តល់បរិក្ខារទឹកស្អាត និងអនាម័យដើម្បីឆ្លើយតបនឹងការរាតត្បាតជំងឺកូវីដ-១៩។
 
លោក ហង់ជួន ណារ៉ុន​ ​បានលើកឡើងដែរថា៖ «ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ របស់សម្តេច​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគ្រប់គ្រងការរាតត្បាតជំងឺកូវីដ-១៩ បានល្អប្រសើរ តាមរយៈការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ បានជាង៩០ភាគរយ ការចូលរួមអនុវត្តវិធានការ៣ការពារ ៣កុំរបស់ប្រជាជន ការគ្រប់គ្រងបានល្អ អ្នកជំងឺប្រភេទថ្មីអូមីក្រុង នាំចូលពីបរទេស ដែលធ្វើឱ្យអត្រាឆ្លងថ្មីក្នុងសហគមន៍ធ្លាក់ចុះស្ទើរតែគ្មាន និងអនុញ្ញាតឱ្យបើកឡើងវិញ នូវសេដ្ឋកិច្ចជាតិយ៉ាងពេញលេញ ចាប់ពីចុងឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន និងទៅអនាគត»។
 
តែទោះយ៉ាងនេះក៏ដោយ លោករដ្ឋមន្ត្រីបញ្ជាក់ថា ការអនុវត្តវិធានអនាម័យ ពិសេសការលាងសម្អាតដៃ ការរក្សាគម្លាតសុវត្ថិភាព ការពាក់ម៉ាស់ត្រូវតែអនុវត្តជាប់ជាប្រចាំ ទាំងនៅសាលារៀន និងនៅតាមសហគមន៍ ទើបអាចយកឈ្នះជំងឺកូវីដ-១៩បាន។ 
 
ស្ថិតនៅក្រោមយុទ្ធនាការ «ត្រឡប់ទៅសាលារៀនវិញ» មូលនិធិព្រីនស៍ ដែលជាអង្គការសប្បុរសធម៌ របស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុប នឹងធ្វើការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា ដើម្បីអនុវត្តកម្មវិធីទឹកស្អាត និងអនាម័យ ចាប់ពីខែមីនា ដល់ខែមេសា ឆ្នាំ២០២២។ មូលនិធិព្រីនស៍ នឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្នែកប្រតិបត្តិការ ទៅលើសកម្មភាពជាច្រើន ដែលនឹងជួយគាំទ្រទៅដល់កិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព។ 
 
លោក Cliff Koh ដែលជាអគ្គលេខាធិការ នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុបបានមានប្រសាសន៍ថា៖ «មូលនិធិព្រីនស៍ ធ្លាប់បានធ្វើការសហការនៅថ្នាក់ជាតិ តាមរយៈការផ្តួចផ្តើមលើអាហារូបករណ៍ ចេនហ្ស៊ី ហើយពេលនេះ ពួកយើងនឹងបន្តការសហការយ៉ាងសកម្ម ជាមួយនឹងថ្នាក់ខេត្តបន្ថែមទៀត។ ពួកយើងចង់ធានាឱ្យបាននូវការស្តារនូវសកម្មភាពនានា របស់ខេត្តព្រះសីហនុត្រលប់មកវិញ ហើយយើងក៏មានសេចក្តីរីករាយផងដែរ ដែលបានសហការជាមួយនឹងអង្គការភ្លែនអន្តរជាតិកម្ពុជា។ ពួកយើងក៏ត្រៀមនឹង​សហការ ជាមួយក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងឆ្នាំថ្មីនេះ ដើម្បីធានាថា កុមារកម្ពុជាអាចទទួលបានការអប់រំ ប្រកបដោយសុវត្ថិភាព»។


 
មូលនិធិព្រីនស៍ និងអង្គការភ្លែនអន្តរជាតិកម្ពុជា នឹងប្រារព្ធពិធីប្រគល់បរិក្ខារលាងដៃទាំងអស់ ទៅដល់មន្ត្រីនៃក្រសួងអប់រំ  យុវជន និងកីឡា សាលាខេត្ត និងក្រុងព្រះសីហនុ នៅចន្លោះពីខែមីនា ដល់ខែមេសា។ កម្មវិធីបែបនេះ បានសបង្ហាញឱ្យឃើញពីលទ្ធផលដ៏គួរឱ្យសរសើរ នៅក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេស ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក និងជាការពង្រឹងភាពធន់របស់កម្ពុជា ក្នុងកាលៈទេសៈនៃជំងឺរាតត្បាតនេះ។ 
 
លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានមានប្រសាសន៍ថា៖ «កិច្ចសហការរវាងមូលនិធិព្រីនស៍ និងអង្គការភ្លែនអន្តរជាតិកម្ពុជា នឹងជួយធានាឱ្យបាននូវការត្រលប់ចូលរៀនវិញរបស់សិស្សានុសិស្ស ជាពិសេសកុមារីប្រកបដោយសុវត្ថិភាព បន្ទាប់ពីមានការផ្អាកមួយរយៈ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។ ការផ្តល់ជូននូវបរិក្ខារលាងសម្អាតដៃទាំងនេះ នឹងជួយការពារពួកគេពីជំងឺ កូវីដ-១៩ និងអាចឱ្យពួកគេ បានទទួលការអប់រំប្រកបដោយគុណភាព និងសុវត្ថិភាព ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ពួកគេនាពេលអនាគត»។
 
លោកបន្តថា៖ «ជំនួសមុខឱ្យសិស្សានុសិស្សនៅក្នុងសាលារៀនទាំងអស់ ក្នុងខេត្តព្រះសីហនុ ខ្ញុំសូមថ្លែងអំណរគុណ មូលនិធិព្រីនស៍ចំពោះគម្រោងការងារដំបូង ដ៏គួរឱ្យរំភើបមួយនេះ។ គម្រោងនេះ ស្ថិតនៅក្រោមកម្មវិធីយុទ្ធសាស្ត្រការចាប់ផ្តើមជាមួយសុខភាពល្អ និងការសិក្សាពេញមួយជីវិត របស់អង្គការភ្លែនអន្តរជាតិកម្ពុជា ដែលជាផ្នែកមួយនៃបេសកកម្មរបស់ពួកយើង ក្នុងការសហការជាដៃគូ ផ្តល់ភាពអង់អាចដល់ក្មេងស្រីចំនួន ២,៥ លាននាក់ ជាពិសេសក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេង នៅក្នុងប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ ២០២៦»។
 
ក្រោមការឧបត្ថម្ភជាថវិកា និងភាពជាដៃគូសាជីវកម្ម ដែលផ្តល់ដោយមូលនិធិព្រីនស៍ កម្មវិធីទឹកស្អាត និងអនាម័យ រៀបចំដោយអង្គការភ្លែនអន្តរជាតិកម្ពុជា ដែលជាអង្គការដំណើរការនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០០២ បានក្លាយជាដំណោះស្រាយក្នុងសហគមន៍ ប្រកបដោយប្រសិទ្ធភាព ក្នុងការធានាឱ្យទទួលបានប្រភពទឹកស្អាត និងសម្ភារៈអនាម័យនានា ត្រូវបានរក្សាបានយ៉ាងល្អ ព្រមទាំងផ្តល់ភាពអង់អាចដល់ប្រជាជន ក្នុងការគ្រប់គ្រងសុខភាពសាធារណៈរបស់ពួកគេ។ នៅអាស៊ីខាងត្បូង ប្រជាជនជាង ៦,៦ លាននាក់ទទួលបានគ្រឿងបរិក្ខារ ទឹកស្អាត និងអនាម័យដែលប្រសើរឡើង។
 
សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានយកចិត្តទុកដាក់ខ្ពស់ លើការរួមចំណែកដល់ការអភិវឌ្ឍន៍យុវជន ហើយថ្មីៗនេះ ព្រីនស៍ គ្រុបបានសម្ពោធកម្មវិធីអាហារូបករណ៍ចេន ហ្ស៊ី ដែលជាកម្មវិធីជំនួយផ្នែកហិរញ្ញវត្ថុ ទៅដល់និស្សិតសាកលវិទ្យាល័យកម្ពុជា ចំនួន ៤០០ នាក់ក្នុងរយៈពេលប្រាំពីរឆ្នាំខាងមុខនេះ តាមរយៈការផ្តល់ការសិក្សាដោយឥតគិតថ្លៃ ក៏ដូចជាផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដែលមានតម្លៃជាទឹកប្រាក់សរុបចំនួន ២ លានដុល្លារអាម៉េរិក។
 
ក្រុមហ៊ុនខានូពីសែនឌីវេឡុបម៉ិនឯ.ក ដែលជាសមាជិកនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុប ដែលកំពុងធ្វើការលើគម្រោងអភិវឌ្ឍន៍ឆ្នេររាម ក្នុងខេត្តព្រះសីហនុនាពេលថ្មីៗនេះ ក៏បានចែកចាយកញ្ចប់ថែទាំ ដល់អង្គការសប្បុរសធម៌ឈានមុខគេមួយ ក្នុងក្រុងព្រះសីហនុ គឺអង្គការម្លប់តាប៉ាងផងដែរ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់ខ្លួន ក្នុងការជួយដល់សហគមន៍មូលដ្ឋាន ខណៈពេលដែលប្រទេសកម្ពុជា បើកដំណើរការឡើងវិញ សម្រាប់ការស្តារសេដ្ឋកិច្ច​ក្រោយជំងឺរាតត្បាត៕
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com