ជាតិ
ព្រះមហាវិមលធម្ម ពិន សែម គ្រោងសង់សារមន្ទីរតម្កល់វត្ថុបុរាណក្នុងវត្តរាជបូណ៌
09, Jan 2022 , 8:59 pm        
រូបភាព
សៀមរាប៖ ដោយព្រះទ័យស្រឡាញ់ និងពេញចិត្តនូវវត្ថុបុរាណ ព្រះមហាវិមលធម្ម ពិន សែម បានប្រមែប្រមូល និងសន្សំរាល់វត្ថុទាំងអម្បាលម៉ានទុក។ សព្វថ្ងៃ វត្ថុបុរាណមានកាន់តែច្រើន ហើយព្រះមហាវិមលធម្ម ពិន សែម ព្រះចៅអធិការវត្តរាជបូណ៌ មានបំណងកសាងសារមន្ទីរមួយក្នុងវត្ថុរាជបូណ៌ ដែលនឹងក្លាយជាសារមន្ទីរព្រះពុទ្ធសាសនាមួយនាពេលអនាគត។

 
ព្រះចៅអធិការវត្តរាជបូណ៌ ព្រះមហាវិមលធម្ម ពិន សែម មានបំណងកសាងសារមន្ទីរមួយក្នុងវត្តរាជបូណ៌ ដែលសារមន្ទីរនេះ ប្រមូលផ្តុំដោយវត្ថុបុរាណជាច្រើន ដែលព្រះអង្គប្រមែប្រមូល និងរក្សាទុកជាង៤០ឆ្នាំមកហើយ។ តាមពិតទៅ ព្រះមហាវិលមធម្ម មានព្រះទ័យស្រឡាញ់ និងចាប់ផ្តើមសន្សំវត្ថុបុរាណទាំងនោះ ចាប់ពីឆ្នាំ១៩៦២ ក្នុងពេលព្រះអង្គមានព្រះជន្ម ២០វស្សាមកម្ល៉េះ តែត្រូវបានបំផ្លាញនៅសម័យសង្រ្គាម ឆ្នាំ១៩៧០។ ព្រះអង្គបានចាប់ផ្តើមសន្សំវត្ថុបុរាណសាជាថ្មី នៅឆ្នាំ១៩៨០ ហើយបច្ចុប្បន្ននេះមានចំនួនច្រើនគួរសម ដែលអាចដល់ពេលវេលាសមរម្យ ក្នុងការបង្កើតជាសារមន្ទីរមួយដើម្បីតម្កល់ទុក និងសម្រាប់សាធារណជនបានសិក្សា ស្វែងយល់ រាល់វត្ថុសិល្បៈទាំងនោះ។
 
ព្រះចៅអធិការវត្តរាជបូណ៌ ព្រះអង្គ ពិន សែម មានសង្ឃដីកា៖« ក្នុងបំណងហ្នឹងថា កាលណាសន្សំវត្ថុបុរាណនោះបានច្រើនហើយ នឹងសាងសារមន្ទីរមួយក្នុងវត្តរាជបូណ៌នេះ ទុកជាសារមន្ទីរពុទ្ធសាសនា តែវត្ថុទាំងអស់អាត្មាមិនបានថែរក្សាខ្លួនឯងទេ ប្រគល់ឱ្យក្រសួងវប្បធម៌ ឱ្យចុះឈ្មោះ រាយនាម ថែរក្សាទៅ តែគ្រាន់តែសុំទុកក្នុងវត្តប៉ុណ្ណឹង គ្រាន់តែថា ចង់ឱ្យពុទ្ធសាសនាក៏បានចូលរួមចំណែកក្នុងការថែរក្សាវត្ថុទាំងអស់នេះដែរ»។ 


រូបភាព វត្តរាជបូណ៌ក្រុងសៀមរាប
 
យ៉ាងណាក៏ដោយ បំណងនៃការកសាងសារមន្ទីរនេះ មិនទាន់កំណត់ច្បាស់ថា អាចនឹងចាប់ផ្តើមនៅពេលណានៅឡើយ។ បច្ចុប្បន្ន ស្ថាប័នអាជ្ញាធរជាតិអប្សរា បានជួយគូសប្លង់ប្រគេន ហើយក្នុងនោះរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរជាតិអប្សរា បានជួយថវិកា២ម៉ឺនដុល្លារ ផ្តួចផ្តើមការកសាងនេះ ដើម្បីសម្រេចបំណងប្រាថ្នារបស់ព្រះមហាវិមលធម្ម ពិន សែម ដែលព្រះអង្គបានលះបង់កម្លាំងជាច្រើនក្នុងវិស័យពុទ្ធសាសនា និងកិច្ចការអភិរក្សប្រាសាទ។ ព្រះអង្គមានបន្ទូលទៀតថា តាមព្រះទ័យ ព្រះអង្គចង់ផ្តើមកសាងនៅដើមឆ្នាំ ២០២២ខាងមុខនេះ ហើយតម្លៃនៃការកសាង តាមការប៉ាន់ស្មាន និងវាយតម្លៃពីក្រុមអ្នកជំនាញ អាចអស់ខ្ទង់៩០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
 
ជាមួយគ្នានេះ ព្រះមហាបានមានសង្ឃដីកាបង្ហាញពីបំណងនៃការរៀបចំសារមន្ទីរ ដែលនឹងដាក់តាមព្រះរាមរបស់ព្រះអង្គយ៉ាងដូច្នេះថា៖« កាលណាអាត្មាស្រឡាញ់ ពេញចិត្តបេតិកភណ្ឌជាតិនេះ ពីព្រោះរបស់នេះជាឯកសារទុកសម្រាប់ឱ្យយើង ព្រោះរបស់ខ្លះរាប់ពាន់ឆ្នាំ ខ្លះជាងមួយពាន់ឆ្នាំមុនអង្គរវត្ត យើងចឹង់ដឹងថា ជាងមួយពាន់ឆ្នាំមុន បុព្វការីលោកនេះ ធ្វើអីកើតខ្លះ លោកប្រើបង្កើតអីដែលប្រើសម័យនោះដែលប្រើជាឯកសារ ពិភពលោកគេចាត់ថារបស់ដែលមិនមានពីរមានតែមួយ ព្រោះអ្នកដែលធ្វើមិនដឹងទៅណាអស់។ យើងឃើញតែស្នាដៃរបស់មនុស្ស គេសិក្សាដឹងថាលោកមានចំណេះជំនាញចេះដឹង ដោយសារឃើញវត្ថុទាំងអស់នេះ»។
 
សូមបញ្ជាក់ថា វត្ថុបុរាណដែលព្រះមហាវិលមធម្ម ពិន សែម គ្រោងរៀបចំដាក់តាំងក្នុងសារមន្ទីររួមមាន វត្ថុធ្វើពី ថ្ម ស្ពាន់ ទេវរូប ពុទ្ធរូប។ល៕

Tag:
 ព្រះមហាវិមលធម្ម ពិន សែម
  សារមន្ទីរព្រះមហាវិមលធម្ម ពិន សែម
  វត្តរាជបូណ៌
© រក្សាសិទ្ធិដោយ thmeythmey.com