អត្ថបទពាណិជ្ជកម្ម
សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប និង​អង្គការ​ភ្លែន​អន្តរជាតិ​​រួម​គ្នា​ផ្តល់​​ជំនួយ​​បរិក្ខារ​ លាង​ដៃ​​ដល់​បណ្តាសាលារៀននៅ​ខេត្ត​ព្រះសីហនុ​ ​
11, Jan 2022 , 11:33 am        
រូបភាព
ដោយ: ថ្មីៗ
រាជធានីភ្នំពេញ៖ នៅ​ថ្ងៃទី​១0 ខែ​មករា​ ឆ្នាំ​២០២២ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា រួម​ជា​មួយ​នឹង​​អង្គការ​ភ្លែន​អន្តរជាតិ​​កម្ពុជា​ បានដាក់ចេញជាផ្លូវការនូវការ​​អនុវត្តកម្មវិធីទឹកស្អាត និងអនាម័យនៅគ្រប់កម្រិតសាលារៀនទាំងអស់ក្នុងខេត្តព្រះសីហនុ ក្នុងពិធីបើកបរវេសនកាលឆ្នាំសិក្សា ២០២១ ២០២២ ក្រោមអធិបតីភាពរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ​និង​លោក​ជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​​កីឡា ​ក្នុង​វិទ្យាល័យ​​ ហ៊ុន​ សែន​ វាល​រេញ ស្រុក​ព្រៃ​នប់ នៃខេត្ត​ព្រះសីហនុ​។​
 
ក្នុងកម្មវិធីនេះដែរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រោមការឧបត្ថម្ភសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប​ គំនិតផ្តួចផ្តើមរួមគ្នាជាមួយនឹង​អង្គការ​ភ្លែន​អន្តរ​ជាតិ​គ្រោងនឹងដំឡើងកន្លែង​លាងដៃដែលដំណើរការដោយឈ្នាន់សរុបចំនួន ១៩៨ នៅទូទាំង ៩៩ សាលារៀនទាំងអស់ក្នុងខេត្តព្រះសីហនុ ត្រឹមខែមេសាឆ្នាំ២០២២នេះ។ 


 
លើសពីនេះទៅ​ទៀត​ មូលនិធិព្រីនស៍ ​ក៏បានបរិច្ចាគឧបករណ៍​វាស់​កម្តៅ​ចំនួន ៩៩០គ្រឿង​ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់មូលនិធិក្នុងការផ្តល់នូវបរិយាកាសសាលារៀនប្រកបដោយសុវត្ថិភាពដល់ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។
 
យោង​តាម​ប្រសាសន៍​របស់​លោក​ជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​​កីឡា ទាំង​គ្រូបង្រៀន​និង​សិស្សានុសិស្ស​តម្រូវ​ឲ្យ​អនុវត្ត​តាម​វិធាន​ការការពារ​ដូចជា​​ការ​លាង​ដៃ​ឲ្យបាន​ញឹក​ញាប់​ ការ​រក្សាគម្លាត​ និង​ការ​ពាក់​ម៉ាស់ជា​ដើម​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​។ 
 
លោក​ជំទាវ​បាន​បន្ត​ថា​៖ «​នៅ​បំណាច់​នៃ​គម្រោង​នេះ​ ​សិស្សានុសិស្ស​​ចំនួន ៣៩ ០១៩​នាក់​ មក​ពី​​សាលា​បឋម​សិក្សាចំនួន​ ៧២​សាលា សាលា​អនុវិទ្យាល័យ​​ចំនួន​ ១៨​សាលា និង​​វិទ្យាល័យ​​ចំនួន​​ ៩ សាលា​ ​ក្នុង​ស្រុក​ព្រៃ​នប់ ស្រុក​ស្ទឹង​ហាវ ​ ស្រុក​កំពង់​សីលា កោះ​រុង នឹង​ទទួល​បាន​បរិក្ខារ​សម្រាប់​លាង​ដៃ​នេះ​»។​
 
ជាមួយគ្នានេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បាន​លើកឡើងនៅ​សាររបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន​ ដោយគូសបញ្ជាក់ថាក្នុងខែកញ្ញា ឆ្នាំ២០២១​​ ក្រសួង​អប់រំ យុវជន និង​​កីឡាបាន​អនុញ្ញាតឲ្យបើកសាលារៀនឡើងវិញ បន្ទាប់ពីឃើញភាពល្អប្រសើរនៃការចាក់វ៉ាក់សាំងទៅលើកុមារដែលមានអាយុចាប់ពី ៥ឆ្នាំឡើងទៅ ។​ 
 
ឯកឧត្តម​បាន​បន្ត​ថា​ «​​ជាមួយនឹងវិធានការប្រកបដោយប្រសិទ្ធភាពនេះ យើងមានមោទនភាពដែល​អាចនិយាយបាន​ថា ថ្ងៃនេះជាទំព័រថ្មីសម្រាប់សិស្សានុសិស្សកម្ពុជា ជាពិសេសកុមារដែលទើបតែចុះឈ្មោះចូលរៀនដើម្បីចាប់ផ្តើមដំណើរនៃការអប់រំរបស់ពួកគេក្រោមទស្សនទានថ្មីគឺ 'គន្លងប្រក្រតីភាពថ្មីក្នុងវិស័យអប់រំ»។
តាម​រយៈ​ការ​ចាប់​ផ្តើម​ជំហាន​ដំបូង​របស់​ខ្លួន​​ក្នុង​ឆ្នាំ​ថ្មី​ក្នុង​យុទ្ធនាការ​ «ត្រឡប់ទៅសាលារៀនវិញ» ​នេះ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បាន​ដើរតួនាទី​យ៉ាង​សកម្ម​​ក្នុង​ការ​ចូល​រួម​ចំណែកពង្រឹង​ និង​ផ្តល់​ភាព​អង់អាច​ដល់​​​​​សិស្សានុសិស្សកម្ពុជា​ដើម្បី​​ឲ្យ​ពួកគេ​ទទួល​បាន​នូវ​អនាគត​ដ៏​ប្រសើរ​មួយ​ ហើយ​តួនាទី​​ដ៏​សំខាន់នេះ​​ត្រូវ​បាន​មើល​ឃើញ​តាម​រយៈ​​​ការ​ផ្តល់​អាហារូបករណ៍ ចេនហ្ស៊ី ដល់សិស្ស​កម្ពុជា​ចំនួន​៤០០​នាក់​​ ដែល​ជា​កម្មវិធី​ដ៏​លេចធ្លោ​មួយ​​ក្នុង​ចំណោម​​​កិច្ច​ផ្តួច​​ផ្តើម​ដទៃទៀត​របស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប»។


 
លោក Cliff Koh អគ្គលេខាធិការ នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានមានប្រសាសន៍ថា៖ «​ពួក​យើង​ជឿជាក់​​ថា​​កិច្ច​ផ្តួច​ផ្តើម​​ក្នុង​​បើក​សាលារៀន​​វិញ​ប្រកបដោយ​សុវត្ថិភាព​នេះគឺ​ជា​ការ​ចូល​រួម​ចំណែក​ដ៏​​មាន​សារៈសំខាន់​ និង​​ចាំបាច់​បំផុត​សម្រាប់​កាលៈទេសៈមួយ​នេះ​។ យើង​ពិត​ជា​មានសេចក្តីសោមនស្សរីករាយ​ដែល​បាន​ធ្វើ​ការ​ និង​រៀន​សូត្រ​ពី​អង្គការ​ភ្លែន​អន្តរ​ជាតិ​ដែល​ជា​អង្គការ​មួយ​​ធ្វើ​ការ​ជួយ ​និង​គាំទ្រ​ដល់​​ការ​អភិវឌ្ឍន៍​របស់​កុមារ​​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេលជាង​២០​ឆ្នាំ​មក​នេះ​។ ហើយ​វា​ក៏​ពិតជា​កិត្តិយស​សម្រាប់​ពួក​យើង​ខ្លាំង​ណាស់​ដែល​ត្រូវ​បាន​អញ្ញើញ​ឲ្យ​ចូល​រួម​​នៅ​ក្នុង​កម្ម​វិធី​ថ្ងៃ​នេះ ក្រោម​អធិបតីភាព​ឯក​ឧត្តម​ សាយ​ សំអាល់ និង​​ឯកឧត្តម​ គួច ចំរើន​ ដើម្បី​ដាក់​ចេញ​នូវ​​ការ​​កម្មវិធី​ទឹក​ស្អាត​និង​អនាម័យ​ជាមួយ​នឹង​អង្គការ​ភ្លែន​អន្តរជាតិ​»។​
 
លោក​ យី គឹម​ថាន ​នាយក​ប្រចាំ​ប្រទេស​ស្តីទី​នៃ​អង្គការ​​ភ្លែន​អន្តរជាតិកម្ពុជាបាន​មាន​ប្រសាសន៍​ថា៖ «អង្គការ​ភ្លែនអន្តរជាតិ​កម្ពុជា​នឹង​​ធ្វើការសហការជាមួយនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានា​ឲ្យ​បាន​ថា​ តំណាង​សាលាចំនួន​ពីរ​នាក់ មាន​នាយក​សាលា​ម្នាក់​និង​គ្រូប​ង្រៀន​ម្នាក់​នឹង​បាន​រៀន​ពី​របៀប​តម្លើង ប្រើ​ប្រាស់​ ជួស​ជុល​និង​ថែទាំ​បរិក្ខារ​ទាំង​នោះ​។ ​គម្រោង​នេះទៀត​សោត​មាន​គោល​បំណង​​ធ្វើ​ឲ្យ​ប្រាកដ​ថា​៩០% ​នៃសិស្សានុសិស្ស​ ជាពិសេស​កុមារ​តូច​ៗ​​នឹង​បាន​​រៀននិង​យល់​ដឹង​អំ​ពី​​ការ​រក្សា​អនាម័យ​​​ ​និង​វិធាន​ការ​ការពារ​ជំងឺ​កូវីដ-១៩​​​​»៕
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com