ជាតិ
បុគ្គលិកណាហ្គា បន្តតវ៉ាជិត១ខែហើយ ខណៈតំណាងរាស្ត្រមិនឈឺឆ្អាល
13, Jan 2022 , 11:36 am        
រូបភាព
បុគ្គលិកណាហ្គាវើលដ៍តវ៉ានៅខាងមុខស្ថានទូតអូស្រ្តាលី ហើយស្រែតវ៉ាបែរមុខទៅរដ្ឋសភា កាលពីថ្ងៃទី៥មករា ឆ្នាំ២០២២។
បុគ្គលិកណាហ្គាវើលដ៍តវ៉ានៅខាងមុខស្ថានទូតអូស្រ្តាលី ហើយស្រែតវ៉ាបែរមុខទៅរដ្ឋសភា កាលពីថ្ងៃទី៥មករា ឆ្នាំ២០២២។
ភ្នំពេញ៖ បុគ្គលិកណាហ្គាវើលដ៍ តវ៉ាទាមទាររកដំណោះស្រាយការងារ ជិតមួយខែហើយ ដោយមានទាំងការចាប់ខ្លួនមេដឹកនាំសហជីពរបស់ពួកគេទៀតផង។ ប៉ុន្តែមកដល់ពេលនេះ តំណាងរាស្ត្រនៅក្នុងរដ្ឋសភាទាំង១២៥រូប មិនទាន់មានអ្នកណាម្នាក់ចេញមុខ ឈឺឆ្អាលលើករណីតវ៉ារបស់ពួកគេឡើយ។

 
ដើម្បីរកដំណោះស្រាយសមរម្យសម្រាប់ខ្លួន បុគ្គលិកណាហ្គាវើលដ៍ រាប់រយនាក់ បានដើរ ឈរ អង្គុយតវ៉ា នៅមុខក្រុមហ៊ុនណាហ្គាវើលផង និងមុខរដ្ឋសភាជាតិ ដែលនៅក្បែរទីនោះផង។ ពួកគេទាំងនោះរំពឹងថា អាចមានស្ថាប័នជាតិ ជាពិសេសតំណាងរាស្រ្ត ដែលអង្គុយក្នុងសភាជួយដោះស្រាយបញ្ហាពួកគេ។ ប៉ុន្តែមកដល់ពេលនេះ គ្មានដំណោះស្រាយផ្លែផ្កាឡើយ ក្រៅពីសហជីព និងបុគ្គលិក៩នាក់ ត្រូវបានជាប់ឃុំខ្លួន។
 
អ្នកតាមដានបញ្ហាសង្គម និងអ្នកនយោបាយក្រៅរដ្ឋាភិបាល ងឿងឆ្ងល់ថា ហេតុអ្វីបុគ្គលិកណាហ្គាវើលដ៍ តវ៉ាជិត១ខែនៅក្បែររដ្ឋសភាទៅហើយ តែគ្មានតំណាងរាស្រ្តណាមួយ អើពើនឹងទុក្ខលំបាករបស់ពួកគេសោះ? តំណាងរាស្ត្រនៅក្នុងរដ្ឋសភាកំពុងធ្វើអ្វី?
 
ជុំវិញកណីនេះ លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មារធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលបានបង្ហោះរូប បុគ្គលិកណាហ្គាវើលដ៍ ឈរស្រែតវ៉ារកដំណោះស្រាយក្បែររដ្ឋសភា និងអមដោយសំណេររិះគន់ថា នៅពេលឃោសនាបោះឆ្នោត បេក្ខជនតំណាងរាស្រ្តទៅសំពះរាស្រ្ត ដើម្បីសុំការគាំទ្រ។ ប៉ុន្តែនៅពេលជាប់ឆ្នោត មិនឃើញតំណាងរាស្រ្តចុះទាក់ទងពលរដ្ឋទៀតនោះទេ។ 


  លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មារធិការនាយករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ រូបពីទំព័រហ្វេសប៊ុករបស់លោក យ៉ង សាំងកុមារ
 
អ្នកនយោបាយរូបនេះ បានសរសេរលើទំព័រហ្វេសប៊ុកខ្លួនថា៖ «នៅពេលជាប់ឆ្នោតជាតំណាងរាស្រ្តហើយ ប្រជាពលរដ្ឋជាបុគ្គលិកណាហ្គាជួបបញ្ហាខាងសភាជាតិថា អត់ទាន់ឃើញមានរាស្រ្តមកទាក់ទង។ សភាជាតិដែលជាកន្លែងធ្វើការរបស់តំណាងរាស្រ្តនិងកន្លែង ដែលរាស្រ្តកំពុងជួបបញ្ហានៅក្បែរគ្នា តែហេតុអីមិនទៅរករាស្រ្តដូចកាលពេលឃោសនាបោះឆ្នោត»។ 
 
ត្រង់ចំណុចនេះលោក ឡៅ ម៉ុងហៃ​ អ្នកវិភាគជើងចាស់មួយរូប បានបញ្ចេញមតិឆ្លើយឆ្លងជាមួយលោក អ៊ូ វីរៈ អ្នកវិភាគដូចគ្នាថា តំណាងរាស្រ្តមិនបានបំពេញតួនាទីនិងករណីកិច្ចខ្លួនឡើយ។ លោករិះគន់តំណាងរាស្រ្តយ៉ាងដូច្នេះ៖ «តំណាងប្រជាជាតិខ្មែរទាំងមូល និងជាតំណាងប្រជាពលរដ្ឋក្នុងមណ្ឌលរបស់គាត់ និងមិន យកចិត្តទុកដាក់ជាអាទិភាព ចំពោះជីវភាពរស់នៅនិងសុខមាលភាពរបស់ប្រជាពលរដ្ឋទេ»។ 
 
ដោយឡែកអ្នកតាមដានសង្គម លោក អ៊ូ វីរៈ វិញ បានបង្ហោះរូបភាពតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ ហើយភ្ជាប់នឹងសំណេរយ៉ាងខ្លីថា រាស្រ្តរាប់ពាន់នាក់កំពុងមានបញ្ហាខ្លាំង។ លោកពោលបន្ថែមថា៖ «សង្ឃឹមថាតំណាងរាស្ត្រនឹងយកចិត្តទុកដាក់»។ 
 
តំណាងរាស្រ្តក្នុងនីតិកាលទី៦នេះ មាន១២៥រូប គឺសុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជា ។ ក្នុងនោះតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ មានទាំងអស់១២រូប រួមមាន អ្នកស្រី ឡោក ខេង ,អ្នកស្រី គឹម សុវណ្ណា ,អ្នកស្រី ម៉ាណ ណាវី ,អ្នកស្រី ម៉ក់ វណ្ណស៊ីថា ,អ្នកស្រី គ្រួច សំអាន ,លោក កែប ជុតិមា ,លោក សួន រិនឌី ,លោក ឃុត ចាន់ដារ៉ា ,លោក ហ៊ូ ស្រ៊ី ,លោក ជៀប ស៊ីវន ,លោក ពេជ្រ គឹមស្រ៊ាង និង លោក លី ឆេង។
 
ពាក់ព័ន្ធនឹងការរិះគន់ភាពអសកម្មរបស់តំណាងរាស្រ្តនេះ លោក កែប ជុតិមា ឆ្លើយតបវិញថា គ្មានហេតុផលអ្វីដែលលោកឬតំណាងរាស្រ្ត ត្រូវបង្ហាញកិច្ចការងារអនុវត្តកន្លងមកនេះ ទៅកាន់សារធារជន និងអ្នកសារព័ត៌មានឡើយ។ លោកបញ្ជាក់ថា បើរាស្រ្តមានបញ្ហា ជាក់ស្ដែងដូចករណីណាហ្គាវើលដ៍ អាចដាក់ពាក្យបណ្ដឹងទៅក្រុមការងាររដ្ឋសភា ហើយក្រុមការងារនឹងដោះស្រាយតាមនីតិវិធី។ 
 
«តំណាងរាស្រ្តពិតមែនតែនៅភ្នំពេញ តែយើងមាននីតិវិធីរបស់រដ្ឋសភា មិនមែនតំណាងរាស្រ្តណាក៏ចេះតែចុះ[ដោះស្រាយ]នោះទេ។ បើទោះបីគេចុះ ក៏គេអត់ចាំបាច់បើកចំហរដែរ»។ នេះបើតាមលោក ជុតិមា ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅល្ងាចថ្ងៃទី១១ មករា ដោយបញ្ជាក់បន្ថែមថា រដ្ឋសភាមាននីតិវិធីក្នុងការដោះស្រាយ។ ដូច្នេះ បុគ្គលិកណាហ្គាវើលដ៍អាចដាក់ពាក្យបណ្ដឹងទៅរដ្ឋសភាព ឬចាត់តំណាងទៅជួបខាងរដ្ឋសភាបាន។ 
 

លោក កែប ជុតិមា តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ។ រូបពី ទំព័រហ្វេសប៊ុករបស់លោក ជុតិមា 

លោក ជុតិមា លើកឡើងថា តួនាទីតំណាងរាស្រ្តមិនមានសិទ្ធិទូលំទូលាយនោះទេ គឺគ្រប់យ៉ាងមាននីតិវិធី ដូចជាអ្នកស្នើឱ្យតំណាងរាស្រ្តជួយដោះស្រាយបញ្ហា ត្រូវមានក្រដាសសំបុត្រ ឬឯកសារ ដាក់បណ្ដឹងមករដ្ឋសភាឲ្យបានត្រឹមត្រូវ។ បើតាមតំណាងរាស្ត្រមណ្ឌលភ្នំពេញរូបនេះ កន្លងមក រដ្ឋសភាក៏ធ្លាប់ទទួលបានញត្តិនិងជួយដោះស្រាយបញ្ហាជូនពលរដ្ឋដែរ ប៉ុន្តែលោកមិនឥតចាំថាករណីអ្វីខ្លះ ហើយប៉ុន្មានករណីពាក់ព័ន្ធនឹងវិវាទការងារនោះទេ។ 
 
ក្រៅពីតួនាទី អនុម័តច្បាប់ តំណាងរាស្រ្តក៏មានតួនាទីមួយទៀតដែរ គឺការនាំកង្វល់របស់ពលរដ្ឋទៅជជែកក្នុងរដ្ឋសភាព។ លោក កន សាវាង្ស អ្នកសម្រប​សម្រួល​ផ្នែក​អង្កេត​និង​តស៊ូមតិ​ នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយសេរី ​និង​យុត្តិធម៌​នៅកម្ពុជា​ហៅកាត់ថា ​ខុមហ្រ្វែល បានបន្ថែមថា តំណាងរាស្រ្តគឺជាអ្នកតាមដានរាល់ការអនុវត្តរបស់រដ្ឋាភិបាល រួមទាំងការចុះសួរសុខទុក្ខ ឬពិនិត្យបញ្ហារបស់ពលរដ្ឋ។ ដូច្នេះ បញ្ហារបស់បុគ្គលិកណាហ្គាវើលដ៍ វាជាភារកិច្ចដែលតំណាងរាស្រ្ត ត្រូវដឹងពីឫសគល់នៃវិវាទទាំងនេះ ដើម្បីចូលរួមដោះស្រាយ។ 
 
មន្រី្តសង្គមស៊ីវិលរូបនេះ បានសង្កត់ធ្ងន់ថា រាល់បញ្ហាធំៗកើតឡើង នៅអាណត្តិទី៦នេះ មិនដែលឃើញមានតំណាងរាស្រ្តចូលរួមពិនិត្យ និងដោះស្រាយ ដូចកាលពីអណត្តិទី៥ឡើយ។ លោកប្រាប់សារព័ត៌មានថ្មីៗថា៖ «អាណត្តិមុន[តំណាងរាស្រ្តក្នុងនីតិកាលទី៥] មានតំណាងរាស្រ្តចេញពីគណបក្សផ្សេងៗចេញទៅពិនិត្យមើល និងសួរនាំពលរដ្ឋតាមមូលដ្ឋានជាប់។ ហើយក្នុងនីតិកាលទី៦នេះ គឺឃើញតែម្ដងប៉ុណ្ណោះ ដែលបានហៅរដ្ឋមន្រី្តទៅសាកសួរ»។ 
លោក កន សាវាង្ស អ្នកសម្រប​សម្រួល​ផ្នែក​អង្កេត​និង​តស៊ូមតិ​ នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយសេរី ​និង​យុត្តិធម៌​នៅកម្ពុជា​ហៅកាត់ថា ​ខុមហ្រ្វែល។ រូបពី តេឡេក្រាមរបស់លោក សាវាង្ស

ចំណុចនេះ តំណាងរាស្រ្តមណ្ឌលភ្នំពេញ នៃគណបក្សប្រជាជនកម្ពុជាម្នាក់ទៀត លោក ហ៊ូ ស្រ៊ី​ ព្យាយាមពន្យល់ពីទុក្ខលំបាករបស់ខ្លួនថា តួនាទីតំណាងរាស្រ្តនៅមណ្ឌលរាជធានីភ្នំពេញ មានការបែងចែកតំបន់គ្នា ដោយ​លោកគ្រប់គ្រងនៅខណ្ឌដូនពេញ ក្នុងសង្កាត់ជ័យជំនះ។ លោកពន្យល់ថា តំណារាស្រ្តសុទ្ធតែចេញពីគណបក្សតែមួយមែន ប៉ុន្តែមិនអាចលូកដៃចូលកិច្ចការគ្នាទេ។ ប្រសិនបើលោកលូកដៃទៅពាក់ព័ន្ធតំបន់ផ្សេង អាចជារូបភាពអាក្រក់ គឺជ្រៀតជ្រែកតំបន់តំណាងរាស្រ្តផ្សេង។ 
 
«ខ្ញុំជាតំណាងរាស្រ្តនៅខណ្ឌដូនពេញ។ បើតំណាងរាស្រ្តហ្នឹង មកពីគណបក្សប្រឆាំងគឺលូកតំបន់ផ្សេងបាន។ ប៉ុន្តែខ្ញុំដែលជាតំណាងរាស្រ្តជាមួយគ្នា(បក្សតែមួយ) យ៉ាងច្រើនខ្ញុំបានតែទៅជួយប្រាប់(តំណាងរាស្រ្តផ្សេងទៀត)ថា ឲ្យចុះទៅមើលរាស្រ្តផង រាស្រ្តមានបញ្ហាអញ្ចេះមួយ អញ្ចេះពីរ តែឲ្យទៅលូកលាន់វាមានបញ្ហាព្រោះចេញពីបក្សតែមួយ វាពិបាកដែរ»។ នេះបើតាមលោក ហ៊ូ ស្រ៊ី ដែលបានបន្ថែមថា តំណាងរាស្រ្តនៅក្នុងស្ថាប័នរដ្ឋសភា គឺជានីតិបញ្ញត្តិ មិនមែនជានីតិប្រតិបត្តិ ដូចស្ថាប័នរដ្ឋាភិបាលឡើយ។
 
 មន្រី្តសិទ្ធិមនុស្សនៃអង្គការអាដហុក លោក ស៊ឹង សែនករុណា ក៏សង្កេតឃើញភាពអសកម្មរបស់តំណាងរាស្រ្ត ដែលចេញពីគណបក្សតែមួយ នៅក្នុងអាណត្តិទី៦នេះ។ លោកថា តំណាងរាស្រ្តគួរតែចេញមុខជួយឈឺឆ្អាល ពិសេសការតវ៉ានៅក្បែរកន្លែងការងាររបស់ខ្លួន។ 


 លោក ស៊ឹង សែនករុណា មន្រី្តឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការអាដហុក។ រូបពី ទំព័រហ្វេសប៊ុករបស់លោក ករុណា

«តំណារាស្រ្តគួរប្រើតួនាទី អំណាចរបស់ខ្លួន ដើម្បីអន្តរាគមន៍ដល់រាស្រ្ត។ ហើយការរិះគន់របស់មហាជនអត់ខុសទេ លើភាពអសកម្មរបស់តំណារាស្រ្ត ដែលមិនអើពើនឹងរាស្រ្ត»។ នេះបើតាមលោក ស៊ឹង សែនករុណា ដែលចង់ឃើញតំណាងរាស្រ្ត ប្រើសិទ្ធិអំណាចខ្លួន កោះហៅមន្រី្តរដ្ឋាភិបាលទៅជជែកសួរនាំពីបញ្ហាដែលកើតឡើង ពិសេសបញ្ហាដែលបង្កឲ្យពលរដ្ឋរងទុក្ខ។ 
 
សារព័ត៌មានថ្មីៗ បានទាក់ទងទៅអ្នកស្រី ឡោក ខេង តំណាងរាស្រ្តមណ្ឌលភ្នំពេញម្នាក់ទៀត ហើយក៏ជាប្រធានគណៈកម្មការជំនាញទី៨ ទទួលបន្ទុកសុខាភិបាល សង្គមកិច្ច អតីតយុវជន យុវនិតិសម្បទា ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី ដែរ ប៉ុន្តែអ្នកស្រីអះអាងថា កំពុងរវល់ប្រជុំ។
 
បុគ្គលិកណាហ្គាវើលដ៍ បានតវ៉ាចាប់ថ្ងៃទី១៨ធ្នូ ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន ដើម្បីឲ្យភាគីក្រុមហ៊ុនទទួលបុគ្គលិកជាង៣០០នាក់ ចូលបម្រើការងារវិញ។ ប៉ុន្តែការតវ៉ានេះ ពុំទទួលបានផ្លែផ្កាឡើយ រហូតដល់មានការចាប់ខ្លួនក្រុមអ្នកតវ៉ាជាបន្តបន្ទាប់។ សមត្ថកិច្ចបានចាប់ខ្លួនមេដឹកនាំសហជីព និងសកម្មជនតវ៉ា ២៩នាក់។ មកដល់ពេលនេះ សមត្ថកិច្ច បានដោះលែងសកម្មជនតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍២០នាក់ ហើយ៩នាក់ទៀត ត្រូវតុលាការសម្រេចឃុំខ្លួន ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕ 

អត្ថបទទាក់ទង
 

Tag:
 វិវាទការងារ
  ណាហ្គាវើលដ៍
  តំណាងរាស្រ្ត
© រក្សាសិទ្ធិដោយ thmeythmey.com