ជាតិ
មេធាវី៖ ការសម្រេចឃុំខ្លួន កញ្ញា ឈឹម ស៊ីថរ និងលោក ណារិទ្ធ គឺតុលាការធ្វើបុរេវិនិច្ឆ័យធ្ងន់ធ្ងរ
06, Jan 2022 , 3:18 pm        
រូបភាព
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាកាវើលដ៍ ធ្វើសន្និសីទកាសែតកាលពីថ្ងៃទី២៤ធ្នូ ឆ្នាំ២០២១ នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍។ រូបដោយ វតី
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាកាវើលដ៍ ធ្វើសន្និសីទកាសែតកាលពីថ្ងៃទី២៤ធ្នូ ឆ្នាំ២០២១ នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍។ រូបដោយ វតី
ភ្នំពេញ៖ តុលាការសម្រេចឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ និងលោក សុខ ណា រិទ្ធ ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការសម្រេចនេះ មេធាវីរបស់ពួកគេ យល់ថា ជាការធ្វើបុរេវិនិច្ឆ័យធ្ងន់ធ្ងរ។

 
 
មេដឹកនាំសហជីព៣រូប ក្នុងមានកញ្ញា ឈឹម ស៊ីថរ លោក សុខ ណារិទ្ធ និងលោក សុខ គង្គា ត្រូវបានបញ្ជូនទៅតុលាការភ្លាមៗ បន្ទាប់ចាប់ខ្លួន កាលពីថ្ងៃទី៤ មករា។ នៅថ្ងៃបន្ទាប់ ខាងតុលាការបន្តសាកសួរ ហើយក៏សម្រេចឃុំកញ្ញា ឈឹម ស៊ីថរ និងសុខ ណារិទ្ធ។ ចំណែក លោក សុខ គង្គា គឺតុលាការសម្រេចដោះលែង ដោយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ។ 
 
បើតាមដីកាសាលាដំបូងរាជធានីភ្នំពេញ ចេញថ្ងៃទី៥មករា បានសម្រេចឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ និងលោក សុខ ណារិទ្ធ ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម»។ ការសម្រេចនេះ ត្រូវបានមេធាវីការពារក្ដីពួកគេ លោក សំ ចំរើន យល់ថា ជាការសន្និដ្ឋានដ្ឋានដោយមិនបានស្វែងរកការពិតឲ្យបានល្អិតល្អន់។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ (Thmey Thmey) លោក សំ ចំរើន ថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំយល់ថា ការសម្រេចឃុំខ្លួន គឺតុលាការហាក់ដូចពឹងផ្អែកលើបុរេវិនិច្ឆ័យធ្ងន់ធ្ងរ»។ 
 
បុគ្គលិកណាហ្គាវើលដ៍ បានតវ៉ាចាប់ថ្ងៃទី១៨ធ្នូ ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន ដើម្បីឲ្យភាគីក្រុមហ៊ុនទទួលបុគ្គលិកជាង៣០០នាក់ចូលបម្រើការងារវិញ។ ប៉ុន្តែការតវ៉ានេះ ពុំទទួលបានផ្លែផ្កាឡើយ រហូតដល់មានការចាប់ខ្លួនក្រុមអ្នកតវ៉ាជាបន្តបន្ទាប់។ សមត្ថកិច្ចបានចាប់ខ្លួនមេដឹកនាំសហជីព និងសកម្មជនតវ៉ា ២៩នាក់។ មកដល់ពេលនេះ សមត្ថកិច្ចបានដោះលែងសកម្មជនតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍២០នាក់ ហើយ៩នាក់ទៀត ត្រូវតុលាការសម្រេចឃុំខ្លួន ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕ 
 
អត្ថបទទាក់ទង
 

Tag:
 តុលការ
  វិវាទការងារ
  ណាហ្គាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com