អត្ថបទពាណិជ្ជកម្ម
អន្តរក្រសួង និងអង្គការដៃគូ រៀបកិច្ចប្រជុំស្តីពីការចាប់ផ្តើមអនុវត្តគម្រោង “បង្កើនវិសាលភាពសេវាកំហុស កំណុំរូបភាពនៅកម្ពុជា”
13, Jan 2022 , 3:14 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ កម្មវិធីជាតិសុខភាពភ្នែក (NPEH) នៃក្រសួងសុខាភិបាល បានសហការជាមួយ អន្តរក្រសួងរួមមាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី ក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជា និងមូលនិធិហ្វ្រេតហូឡូប្រចាំប្រទេសកម្ពុជា ព្រមទាំងដៃគូជាច្រើនផ្សេងទៀតដើម្បីរៀបចំរៀបចំកិច្ចប្រជុំមួយ ស្តីពី ការចាប់ផ្តើមអនុវត្តគម្រោង “បង្កើនវិសាលភាពសេវាកំហុសកំណុំរូបភាពនៅកម្ពុជា” ដែលនឹងត្រូវអនុវត្តរយៈពេលពីរឆ្នាំ គិតចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។ កិច្ចប្រជុំនេះប្រព្រឹត្ដទៅនៅថ្ងៃទី១២ ដល់ ទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅ សណ្ឋាគារ ភ្នំពេញ រាជធានីភ្នំពេញ ក្រោមជំនួយឧបត្ថម្ភថវិកាពីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈអង្គការសហប្រជាជាតិ UNOPS និង ATscale ។
 
កិច្ចប្រជុំនេះ មានគោលបំណងចំបងៗរួមមាន ១. លើកកម្ពស់ការយល់ដឹងរបស់ដៃគូរបស់គម្រោងនេះ លើទិដ្ឋភាព រួមនៃគម្រោង គោលដៅ ផែនការថវិកា សូចនាករគោល និងយន្តការក្នុងការរាយការណ៍ នៃការអនុវត្តគម្រោង ២. បទបង្ហាញស្តីពីគោលការណ៍ណែនាំសម្រាប់ដៃគូ វិធាន និងនីតិវិធីអនុវត្ត និង ៣. ពិភាក្សា ដើម្បីប្រមូលមតិកែលម្អ និងចងក្រងអនុសាសន៍លើការប្រតិបត្តិការមណ្ឌលស្តារគំហើញ ជាពិសេសមណ្ឌលស្តារគំហើញ នៅតាមបណ្តាខេត្តគោលដៅ អំពីដំណើរការទូទៅ ប្រព័ន្ធហិរញ្ញវត្ថុ លទ្ធកម្មស្តុក ប្រសិទ្ធភាព និងចិរភាព។      


 
កិច្ចប្រជុំនេះបានរៀបចំឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួង សុខាភិបាល។ 
 
ការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមានតំណាងកម្មវិធីជាតិសុខភាពភ្នែក អន្តរក្រសួងរួមមាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី ក្រុមប្រឹក្សាសកម្មភាពជនពិការ មន្ទីរសុខភិបាលក្នុងខេត្តគោលដៅទូទាំង ១៦ រាជធានី/ខេត្ត រួមមាន៖ រាជធានីភ្នំពេញ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល ក្រចេះ ឧត្តរមានជ័យ ព្រះសីហនុ  ព្រះវិហារ ព្រៃវែង រតនគីរី សៀមរាប ស្វាយរៀង និងត្បូងឃ្មុំ ព្រមទាំងមានការចូលរួមពីអង្គការដៃគូ ផ្នែកសុខភាពភ្នែក និងស្ថាប័នពាក់ព័ន្ធនានាសរុបចំនួន ៩០រូប (ក្នុងនោះស្រី្តចំនួន ៤៥% និងតំណាងជនមានពិការភាព ១៧%)។


 
លោក បាក់ តូក្យូ នាយកមូលនិធិហ្រ្វេតហូឡូកម្ពុជាបានលើកឡើងថា៖ «កម្មវិធីជាតិសុខភាពភ្នែក បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមូលនិធិហ្រ្វេតហូឡូ រៀបចំគម្រោង “បង្កើនវិសាលភាពសេវាកំហុសកំណុំរូបភាពនៅកម្ពុជា” ដើម្បីជួយគាំទ្រដល់រាជរដ្ឋាភិបាលនៅក្នុងការលើក កម្ពស់សុខភាពភ្នែក និងបានទទួលថវិកាប្រមាណ ២.១លានដុល្លារ ពីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ USAID តាមរយៈ អង្គការសហប្រជាជាតិ UNOPS»។ 


 
 ឯកឧត្តម យង់ គន្ធារិទ្ធ អនុប្រធាន នាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណដល់ មូលនិធិហ្វ្រេតហូឡូ និងម្ចាស់ជំនួយ ដែលតែងតែផ្តល់ជំនួយគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំ និងបោះពុម្ពសៀវភៅសិក្សាគោលសម្រាប់អប់រំសុខភាពភ្នែក ដែលកំពុងដាក់ឱ្យប្រើប្រាស់នៅទូទាំងប្រទេស។ លើសពីនេះ ឯកឧត្តម បានលើកឡើងនូវសមិទ្ធិផល បញ្ហាប្រឈម និងយុទ្ធសាស្រ្តចំបងៗដែលក្រសួងអប់រំ យុវជន និងកីឡា ត្រូវសហការ អនុវត្តអោយមានប្រសិទ្ធិភាពខ្ពស់។ ឯកឧត្តម បានដាក់ការរំពឹងទុកចំពោះគម្រោងនេះថា នឹងអាចជួយកុមារ ដែលមានបញ្ហាគំហើញ និងបង្កើនជំនាញថែទាំភ្នែកជាមូលដ្ឋានរបស់ពួកគេជាច្រើនម៉ឺននាក់។ 


 
ឯកឧត្តមសាស្ត្រាចារ្យ ងី ម៉េង បានធ្វើបច្ចុប្បន្នភាពស្តីពីផែនការយុទ្ធសាស្រ្តជាតិទីបី សម្រាប់ការបង្ការ និងគ្រប់គ្រោងភាព ពិការភ្នែកឆ្នាំ២០២១-២០៣០ ត្រូវបានរៀបចំឡើង និងមានគោលដៅ "ដើម្បីកាត់បន្ថយអត្រា ប្រេវ៉ាឡង់ នៃភាពពិការភ្នែកឱ្យនៅត្រឹម ០,៣៥% នៅឆ្នាំ២០៣០"។ 


 
ឯកឧត្តមសាស្ត្រាចារ្យបានលើកឡើងបន្ថែមថា៖ «នេះជាជំហានថ្មីមួយ ទៀត ដែលគម្រោងនេះបានផ្ដួចផ្ដើមដោយមានកិច្ចសហការរវាងអន្ដរក្រសួង ចូលរួមអនុវត្ត និងធ្វើជាម្ចាស់គម្រោងរួមគ្នា ដូចជា៖ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាព ជនពិការ និងអង្គការដៃគូ ជាពិសេស រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើការជាមួយគ្នា រួមចំណែកស្ដារគំហើញ សម្រាប់អ្នកដែល មានបញ្ហាគំហើញថយចុះ និងលើកស្ទួយស្ថានភាពសុខភាពភ្នែកនៅកម្ពុជាឲ្យកាន់តែល្អប្រសើឡើង»។ 


 
លោកសាស្ត្រាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រសួង មន្ទីរពាក់ព័ន្ធ ម្ចាស់ជំនួយ ពិសេស (USAID) និងក្រុមការងារសុខភាពភ្នែក ដែលបានជួយគាំទ្រ ទាំងថវិកានិងបច្ចេកទេស ក្នុងការទប់ស្កាត់ភាពពិការភ្នែកនៅកម្ពុជាកន្លងមក និងស្នើបន្តគាំទ្រនាពេលអនាគត។


 
លោកស្រី លេណា នៀត អារាំងហ្គូ  (Ms. Lenna Neat Arango) ប្រធានផ្នែកក្រុមជំងឺឆ្លង ការិយាល័យសុខភាព សាធារណៈ និងអប់រំ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) បានចំណាប់អារម្មណ៍ ដោយលើកឡើងថា៖ «លោកស្រីបានទទួលស្គាល់ការបោះជំហានដ៏អស្ចារ្យរបស់កម្ពុជា ក្នុងការពង្រឹងសេវាសុខភាព និងការអប់រំ ជាពិសេសក្នុងការ ឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩»។ ឱកាសនេះជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយដើម្បីលើកកម្ពស់ការកែលម្អសុខភាពភ្នែក សម្រាប់ប្រជាជនកម្ពុជាជាពិសេសជនងាយរងគ្រោះបំផុត។


 
តំណាងអោយ USAID លោកស្រីមានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រគម្រោងនេះ ដោយរំពឹងថាគម្រោងនេះនឹង អាចគាំទ្រដល់កុមារ និងមនុស្សពេញវ័យជាច្រើនពាន់នាក់ដែលមានបញ្ហាភ្នែកអាចប្រើប្រាស់វ៉ែនតាដែលមានតម្លៃសមរម្យ។ យើងប្តេជ្ញាលើកកម្ពស់ក្នុងការធ្វើសមាហរណកម្មសេវាសុខភាពភ្នែកប្រកបដោយសមធម៌ ជាពិសេសសម្រាប់អ្នកដែលមាន តម្រូវការចាំបាច់បំផុត។ ក្នុងនោះរួមមានស្ត្រី កុមារី ជនពិការ ជនជាតិភាគតិច ប្រជាជនក្រីក្រ និងអ្នកដែលរស់នៅតំបន់ដាច់ស្រយាល។


 
បន្ថែមពីលើការជួយដល់សុខភាពភ្នែកនៅតាមសាលារៀន ទីភ្នាក់ងារ USAID គាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំ និងបោះពុម្ពសៀវភៅសិក្សាគោលសម្រាប់ថ្នាក់ដំបូង ដែលកំពុងដាក់ឱ្យប្រើប្រាស់នៅទូទាំងប្រទេស។ លោកស្រីរំពឹងថា «គម្រោងនេះនឹងធ្វើការជាមួយកម្មវិធីអំណានថ្នាក់ជាតិ ដោយជួយកុមារដែលមានបញ្ហាគំហើញ ក្នុងការបង្កើនជំនាញអានជាមូលដ្ឋានរបស់ពួកគេ តាមរយៈលទ្ធភាពទទួលបានឧបករណ៍ជំនួយនានា»។
 
ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគិរី រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាលបានថ្លែងក្នុងកិច្ចប្រជុំ ដ៏មានសារសំខាន់នេះថា៖ «បញ្ហាកំហុសកំណុំរូបភាព Refractive Error (ឬហៅសាមញ្ញថា បញ្ហាភ្នែកម៉្ញូប) ជាក្តីកង្វល់រួម របស់យើងទាំងអស់គ្នា ហើយនៅតែជាបញ្ហាសុខភាពសាធាណៈ និងជាមូលហេតុចម្បងដែលនាំឲ្យគំហើញថយចុះ និង ឈានដល់ពិការភាពភ្នែក បើសិនមិនបានកែតម្រូវបានទាន់ពេល និងត្រឹមត្រូវ»។ 


 
ទន្ទឹមនឹងនេះ ទីភ្នាក់ងារអន្តរជាតិសម្រាប់ ការការពារភាពពិការភ្នែក (IAPB) និងអង្គការសុខភាពពិភពលោក (WHO) បានដាក់គោលដៅសុខភាពភ្នែក ដ៏មាន មហិច្ឆតាថ្មីចំនួនពីរនៅឆ្នាំ២០៣០ ក្នុងការដោះស្រាយមូលហេតុចម្បងនៃភាពពិការភ្នែក និងបញ្ហាគំហើញថយចុះ ដែល បណ្តាលមកពី (១)ជំងឺបាយភ្នែក និង(២)បញ្ហាកំហុសកំណុំរូបភាព នេះ។ 
 
ជាងនេះទៅទៀត ប្រសិនបើកុមារមានបញ្ហា កំហុសកំណុំរូបភាព នឹងមិនបានទទួលការកែតម្រូវ វានឹងផ្តល់ផលវិបាកជាច្រើន ប៉ះពាល់ដល់ការសិក្សាពេញមួយជីវិត ការចូលរួមសកម្មភាពនានាក្នុងសង្គមមិនពេញលេញ និងក្លាយជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់គ្រួសារ និងសង្គម។   


 
ឯកឧត្តមវេជ្ជបណ្ឌិត បានបន្ថែមថា៖ «ថ្មីៗនេះក្រសួងបានគិតគូ និងខិតខំជំរុញ ការដាក់ផែនការសុខភាពភ្នែកទៅក្នុង ផែនការសុខភាព ថ្នាក់ក្រោមជាតិ (មន្ទីរសុខាភិបាលខេត្ត) សំដៅដល់ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិដើម្បីបង្ការ និងគ្រប់គ្រងភាពពិការភ្នែក និងជំរុញ គាំទ្រដល់ការសម្រេចបាននូវផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២១-២០៣០ (HSP4)។ ក្នុងន័យនេះ ក្រសួងសុខាភិបាល ដែលមានកម្មវិធីជាតិសុខភាពភ្នែកជាសេនាធិការ ប្តេជ្ញានឹង បង្កើនការគ្របដណ្តប់ប្រកបដោយប្រសិទ្ធភាពនៃបញ្ហាកំហុសកំណុំរូបភាពនៅត្រឹមឆ្នាំ ២០៣០  និងការគ្របដណ្តប់ ប្រកបដោយប្រសិទ្ធភាពនៃការវះកាត់ជំងឺបាយភ្នែក (បង្កើនឱ្យបាន៣០% នៅឆ្នាំ ២០៣០)។
 
ឯកឧត្តមវេជ្ជបណ្ឌិត បានផ្តល់អនុសាស៍មួយចំនួនដល់កិច្ចប្រជុំនេះ ដោយផ្តោតលើចំនុចដូចខាងក្រោម ៖ 
 
  • ពិភាក្សារកវិធីសាស្រ្ត ក្នុងការប្រតិបត្តិមណ្ឌលស្តារគំហើញ ប្រកបដោយប្រសិទ្ធិភាពស្របតាមធនធាន នៅមូលដ្ឋានរបស់ខ្លួន ទាំងពេលគម្រោងអនុវត្ត និងអនាគត។ 
  • ពិនិត្យលទ្ធភាព ដាក់បញ្ជូលផែនការសុខភាពភ្នែក រួមទាំងផែនការថវិកា ទៅក្នុងផែនការសុខភាពថ្នាក់មូលដ្ឋានអោយបានជាប្រចាំ។ 
  • ដាក់បញ្ចូលសូចនាករសុខភាពភ្នែក ចម្បងៗទៅក្នុងប្រព័ន្ធព័ត៌មានសុខាភិបាល។ 
  • ជំរុញការសិក្សាស្រាវជ្រាវផ្នែកសុខភាពភ្នែក ដើម្បីប្រមូលទិន្នន័យភស្តុតាង ក្នុងការធ្វើផែនការ និងការរៀបចំគោលនយោបាយ អន្តរាគមន៍សុខភាពភ្នែក។ 
  • មន្ទីរសុខាភិបាល ពិសេសគ្រឹះស្ថានសុខាភិបាលថ្នាក់ក្រោមជាតិ បន្តកិច្ចសហការល្អ ជាមួយមន្ទីរពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ លើកកម្ពស់ការងារសុខភាពភ្នែកនៅថ្នាក់មូលដ្ឋានរបស់ខ្លួន។ 
  • អំពាវនាវដល់ ម្ចាស់ជំនួយ (Donors) ជាឧទាហរណ៍ UASID មានវត្តមាននៅទីនេះស្រាប់) បន្តផ្តល់ជំនួយគាំទ្រ ដើម្បីយើងអាចរួមគ្នា បង្ការនិងទប់ស្កាត់ ភាពពិការភ្នែកដែលអាចជៀសវាងបាននៅកម្ពុជា។  


 កិច្ចប្រជុំនេះបានប្រព្រឹតទៅតាមកម្មវិធីរំពឹងទុក ដោយបានបង្ហាញនូវសកម្មភាពសំខាន់ៗមួយចំនួនរួមមាន៖ ១. ការធ្វើបទ បង្ហាញរបស់តំណាងកម្មវិធីជាតិសុខភាពភ្នែក ស្តីពីទិដ្ឋភាពរួមរបស់គម្រោងនេះ ក្នុងវិស័យសុខាភិបាល សាវតា គម្រោង ដៃគូ គោលដៅ គោលបំណង តំបន់គោលដៅ សកម្មភាពចម្បង និងការគ្រប់គ្រោងហានិភ័យ ២. បទបង្ហាញស្តីពី ទិដ្ឋភាពរួមរបស់ គម្រោងនេះក្នុងវិស័យអប់រំ ៣. បទបង្ហាញស្តីពី “គោលការណ៍ណែនាំសម្រាប់ដៃគូ” ៤. បទបង្ហាញស្តីពីការ ត្រួតពិនិត្យ តាមដាន និងរបាយការណ៍ សូចនាករដៅ របាយការណ៍សកម្មភាព និង ការចងក្រងករណីសិក្សា ៥. បទបង្ហាញរបស់អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ស្តីពីការប្រមូលព័ត៌មានទាក់ទង និងពិការភាព ផ្អែកតាមកញ្ចប់សំណួរវ៉ាស៊ីនតោន ៦. បទបង្ហាញរបស់នាយកដ្ឋានស្រ្តី និងសុខភាព ក្រសួងកិច្ចការនារី   ស្តីពី “នារីរតនៈទី៥ ផែនការយុទ្ធសាស្រ្ត ការបញ្ជ្រាប និងការលើកកម្ពស់សមភាពយេនឌ័រ និងសុខភាពភ្នែក” ៕
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com