ជាតិ
បទសម្ភាសន៍
លោក អាគីរ៉ា រំលឹកពីគុណសម្បត្តិអ្នកស្លាប់៣នាក់ ដោយសារដោះមីន នៅព្រះវិហារ
14, Jan 2022 , 8:59 pm        
រូបភាព
អ្នកដោះមីន៣នាក់ស្លាប់ ក្នុងប្រតិបត្តិការនៅខេត្តព្រះវិហារ កាលពីថ្ងៃទី ១០ មករា ២០២២
អ្នកដោះមីន៣នាក់ស្លាប់ ក្នុងប្រតិបត្តិការនៅខេត្តព្រះវិហារ កាលពីថ្ងៃទី ១០ មករា ២០២២
សៀមរាប៖ មរណភាពរបស់អ្នកដោះមីន៣នាក់ ក្នុងប្រតិបត្តិការនៅខេត្តព្រះវិហារ បានធ្វើឱ្យមានការសោកស្ដាយជាខ្លាំង និងការអាណិតអាសូរ ចំពោះការខិតខំប្រឹងប្រែងប្រឈមហានិភ័យនឹងគ្រាប់មិនផ្ទុះ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងសន្ដិសុខសង្គមជាតិ។ ប្រធានអង្គការដោះមីនកម្ពុជា លោក អាគីរ៉ា បានបង្ហាញអារម្មណ៍សោកស្ដាយជាខ្លាំងចំពោះបុគ្គលិកឆ្នើមៗរបស់លោក ដែលខំពុះពារការងារកន្លងមក ដើម្បីដោះមីនលើផ្ទៃដីរាប់រយហិកតា ក្នុងបុព្វហេតុប្រទេសជាតិ។


 
សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក អាគីរ៉ា ដែលជាប់ជា HERO CNN ក្នុងការងារដោះមីនរបស់លោក នាពេលកន្លងមក ដូចតទៅនេះ ដែលលោកនឹងរំលឹកពីការងារជាមួយក្រុមការងារដែលបានបាត់បង់ជីវិតទៅ៖ 
 



ជនរងគ្រោះដែលស្លាប់ រួមមានទី១ លោក ស៊ុន វង្ស ប្រធានក្រុម ទី២ លោក ម៉ា ស៊ីម៉េត និងទី៣ លោក ម៉ន ចក់។ លោក ស៊ុន វង្ស ជាអ្នកខេត្តពោធិ៍សាត់ និងជាក្មេងកំព្រា ដែលមករស់នៅជាមួយលោក អាគីរ៉ា ពីតូចៗមក នៅអាយុប្រមាណ៤ ៥ឆ្នាំមកម្ល៉េះ។ លោកទើបឡើងជាប្រធានក្រុមរយៈពេលមួយខែមុនបាត់បង់ជីវិត។ លោកមានកូនចំនួន២នាក់។ លោក ម៉ា ស៊ីម៉េត មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ មានកូនស្រីម្នាក់ មានបទពិសោធន៍ច្រើនឆ្នាំដែរលើផ្នែកដោះមីន និងគ្រឿងផ្ទុះ លោកជាកូនក្រុមលោក ស៊ុន វង្ស។ ចំណែកលោក ម៉ន ចក់ ជាជំនួយការពេទ្យខាងសង្រ្គោះបន្ទាន់។


 លោក អាគីរ៉ា ក្នុងពិធីបុណ្យសពអ្នកស្លាប់អំឡុពេលដោះមីននៅខេត្តព្រះវិហារ។ រូបភាព៖ លោក អាគីរ៉ា
 
សម្រាប់លោក អាគីរ៉ា លោកមានការសោកស្ដាយ ស្រណោះអាណិតខ្លាំង ចំពោះការបាត់បង់អ្នកទាំងបី ដែលធ្លាប់នៅជាមួយគ្នា ហូបបាយ និងហូបបាយជុំគ្នាមួយអាទិត្យមុនពេលកើតហេតុនេះ។ 
 
សូមបញ្ជាក់ថា សមាគមដោះមីនកម្ពុជា របស់លោក អាគីរ៉ា បានប្រតិបត្តិការដោះមីននៅកម្ពុជាពីឆ្នាំ ២០០៨មក នៅគោលដៅចំនួន ៥ខេត្ត មាន ព្រះវិហារ កំពង់ធំ បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប សរុបបុគ្គលិកជិត៤០នាក់។ លោក អាគីរ៉ា សង្ឃឹមថា នឹងពុំមានហេតុការណ៍ដូច្នេះកើតឡើងទៀតទេនៅថ្ងៃក្រោយ បន្ទាប់ពីការរៀបចំ និងពង្រឹងការអនុវត្តការងារសារឡើងវិញ៕

Tag:
 អាគីរ៉ា
  ផ្ទុះគ្រាប់មីននៅព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com