អន្តរជាតិ
ការវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅភាគពាយព្យស៊ីរីក្បែរព្រំដែនតួកគី យុទ្ធជនស៊ីរី ឈរយាមនៅកន្លែងកើតហេតុនៃការផ្ទុះដែលបានកើតឡើងនៅផ្សារដែលមានមនុស្សជាច្រើនក្នុងទីក្រុង al-Bab ដែលគ្រប់គ្រងដោយតួកគីក្នុងខេត្ត Aleppo ភាគខាងជើងប្រទេសស៊ីរី ជាប់ព្រំដែននឹងប្រទេសតួកគី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២
× សាក្សីបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការផ្ទុះជាបន្តបន្ទាប់រួមមានការបំផ្ទុះគ្រាប់បែកអត្តឃាតពីរនៅភាគពាយព្យប្រទេសស៊ីរីក្បែរព្រំដែន ប្រទេសតួកគី នៅក្នុងការវាយប្រហារលើកដំបូងក្នុងឆ្នាំនេះ។ នេះ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
បុគ្គលិកសង្គ្រោះម្នាក់បាននិយាយថា ជនស៊ីវិលម្នាក់បានស្លាប់ បន្ទាប់ពីជាតិផ្ទុះច្នៃបានផ្ទុះក្នុងរថយន្តនៅជិតការិយាល័យដឹកជញ្ជូនក្នុងទីក្រុង Azaz ជិតច្រកព្រំដែនសំខាន់ជាមួយប្រទេសតួកគី។
ប៉ូលិសបាននិយាយថា ប៉ុន្មានម៉ោងក្រោយមក គ្រាប់បែកអត្តឃាតនៅក្នុងផ្សារក្នុងទីប្រជុំជន al Bab បានធ្វើឱ្យមនុស្សបីនាក់រងរបួស ហើយអ្នកបំផ្ទុះគ្រាប់បែក បានស្លាប់។ ប៉ុន្មាននាទីក្រោយមក គ្រាប់ បែកអត្តឃាតមួយទៀត ផ្ទុះនៅរង្វង់មូលមួយក្នុងទីក្រុង Afrin គឺជាតំបន់មានជនជាតិឃឺដភាគច្រើន ហើយជាកន្លែងដែលកងកម្លាំងតួកគី និងសម្ព័ន្ធមិត្តស៊ីរីដណ្តើមបាន ពីកងជីវពលឃឺដក្នុងឆ្នាំ២០១៨។
ទីប្រជុំជនសំខាន់ៗនៅតំបន់ព្រំដែនភាគពាយព្យ ដែលគ្រប់គ្រងដោយពួកឧទ្ទាមអារ៉ាប់ស៊ីរី គាំទ្រដោយប្រទេសតួកគី បានរងការវាយប្រហារជាញឹកញាប់ដោយគ្រាប់បែក ដែលបានបំផ្ទុះនៅក្នុងតំបន់ ដែលមានជនស៊ីវិលកកកុញ។
ប្រទេសតួកគីនិងក្រុមឧទ្ទាមសម្ព័ន្ធមិត្តរបស់ប្រទេសតួកគីបាននិយាយថា ការបំផ្ទុះនេះ មានគោលបំណងរារាំងការគ្រប់គ្រងដែលមានប្រជាជនស៊ីរីជាង ៣លាននាក់ ដែលបានភៀសខ្លួនចេញពីតំបន់ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្នុងអំឡុងពេលសង្គ្រាមស៊ីវិលរយៈពេលមួយទសវត្សរ៍នៅប្រទេសនេះ។
ក្រុមឧទ្ទាមអារ៉ាប់ដែលគាំទ្រដោយប្រទេសតួកគីនៅ ទីក្រុង Azaz និងផ្នែកផ្សេងទៀត បានស្តីបន្ទោសការបំផ្ទុះគ្រាប់បែកពីមុនទៅលើកងជីវពលឃឺដដែលគ្រប់គ្រងតំបន់មួយចំនួននៅភាគពាយព្យ និងកាន់កាប់តំបន់នានានៃភាគឦសានប្រទេសស៊ីរី។
ផ្ទុយទៅវិញ កងជីវពលឃឺដបានចោទថា ប្រទេសតួកគី សម្លាប់ជនស៊ីវិលនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ក្នុងអំឡុងសង្រ្គាមដែលរដ្ឋាភិបាលក្រុងអង់ការ៉ាបង្កនៅលើទឹកដី ដែលកាន់កាប់ដោយកងជីវពលឃឺដនៅភាគខាងជើងប្រទេសស៊ីរី។ ប្រទេសតួកគីចាត់ទុកថា កងជីវពលឃឺដ ជាផ្នែកមួយនៃគណបក្សពលករឃឺដ ដែលរដ្ឋាភិបាលតួកគីចាត់ទុកថា ជាក្រុមភេរវករ ហើយបានធ្វើការលុកលុយចូលប្រទេសស៊ីរីដើម្បីគាំទ្រពួកឧទ្ទាមស៊ីរី។
រដ្ឋាភិបាលទីក្រុងអង់ការ៉ា រក្សាវត្តមានយោធាដ៏ធំនៅក្នុងតំបន់នេះ ដោយដាក់ពង្រាយទាហានរាប់ពាន់នាក់នៅតំបន់ចុងក្រោយរបស់ក្រុមឧទ្ទាម៕
© រក្សាសិទ្ធិដោយ thmeythmey.com